មកស្វែងយល់ពីកាតព្វកិច្ចយោធានៅកូរ៉េខាងត្បូង
- 2018-09-02 02:04:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្វែងយល់ពីកាតព្វកិច្ចយោធានៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
កូរ៉េខាងត្បូងនឹងអនុញ្ញាតជាលើកដំបូងឱ្យបុរសដែលត្រូវជាប់កាតព្វកិច្ចយោធា២ឆ្នាំអាចផុតពីកាតព្វកិច្ចតឹងរ៉ឹងមួយនេះ តាមរយៈការជំនួសមកវិញនូវកិច្ចការសហគមន៍។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ទើបបានចុះផ្សាយកាលពីពេលកន្លងទៅ។
ប្រព័ន្ធសេវាយោធារបស់កូរ៉េខាងត្បូង ត្រូវបានមនុស្សជុំវិញពិភពលោកយកចិត្តទុកដាក់ បន្ទាប់ពីអ្នកគាំទ្រតារាបាល់ទាត់ World Cup កីឡាករ Son Heung-min បានទាមទារឲ្យកីឡាករវ័យ២៦ឆ្នាំរូបនេះរួចផុតពីកាតព្វកិច្ចយោធា។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា Son ត្រូវតែទៅធ្វើទាហាន។ ប្រភពខាងលើបន្ត។
ប៉ុន្តែ ក្រសួងនេះកាលពីចុងខែមិថុនាកន្លងទៅ ពោលគឺអំឡុងព្រឹត្តិការណ៍ World Cup ២០១៨ កំពុងប្រព្រឹត្តិទៅនៅឡើយ បាននិយាយថា វាជាលើកដំបូងនៃការធ្វើកំណែទម្រង់នៃប្រព័ន្ធដ៏តឹងរ៉ឹង។ កាតព្វកិច្ចយោធាអាចលើកលែងបាន ប៉ុន្តែពួកគេត្រូវធ្វើកិច្ចការសង្គមជំនួសវិញ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ទេ ថាតើកិច្ចការងារសង្គមប្រភេទណាដែលពលរដ្ឋកូរ៉េខាងត្បូងត្រូវបំពេញដើម្បីរួចផុតពីកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។
តាមច្បាប់ នៅពេលដែលបុរសកូរ៉េខាងត្បូងដែលមានកាយសម្បទាពេញលេញ អាយុចន្លោះពី ១៨-៣៥ ពួកគេត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។ ច្បាប់ដាច់ខាតនេះអនុម័តតាំងពីឆ្នាំ ១៩៥៧ មកម្ល៉េះ។
កូរ៉េខាងត្បូងដែលនៅតែមានសង្គ្រាមបច្ចេកទេសជាមួយនឹងគូប្រជែងកូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលតម្រូវឲ្យបុរសត្រូវបំពេញកាតព្វកិច្ចយោធាជាដាច់ខាត។
មានការរិះគន់ជាច្រើនចំពោះច្បាប់ដ៏តឹងរ៉ឹងនេះ។ អ្នកខ្លះយល់ថា អំឡុងពេល២ឆ្នាំនៃការចូលធ្វើជាយោធា បានបង្អាក់ដំណើរពួកគេពីសាលារៀន ឬ នៅពេលកំពុងប្រកបមុខរបរ។
មិនមែន Son តែម្នាក់ទេដែលរួចផុតពីកាតព្វកិច្ចយោធា ប៉ុន្តែកីឡាករក្រុមជម្រើសជាតិទាំងអស់ដែលបានជួយប្រទេសរបស់ខ្លួនឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអាស៊ីសុទ្ធតែត្រូវបានលើកលែងពីកាតព្វកិច្ចដាច់ខាតមួយនេះ។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាប់តាំងពីច្បាប់នេះត្រូវបានអនុវត្តចាប់ជាង៦០ឆ្នាំមកនេះ បុរសកូរ៉េខាងត្បូងប្រមាណ ១៩ ៣០០ អ្នកហើយត្រូវបានបញ្ជូនទៅពន្ធនាគារដោយមូលហេតុគេចវេះពីកាតព្វកិច្ចយោធារបស់ប្រទេសនេះ៕