តារា៨ដួង នឹងកាន់កាប់ទីផ្សារភាពយន្តភាគកាន់តែដល់កំពូលនៅឆ្នាំក្រោយ

  • 2018-09-03 05:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​សំខាន់​ទំាង​៨​ក្នុង​រឿង​ភាគ​ធំ​របស់ PNN "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់​" ត្រូវ​បាន​វាយ​តម្លៃ​អំពី​ការ​ឡើង​ដល់​ចំណុច​ខ្ពស់​បង្អស់​ក្នុង​អាជីព​របស់​ពួកគេ​នៅ​ឆ្នាំ​ក្រោយ​ អាស្រ័យ​ដោយ​សមត្ថភាព​សម្តែង និង​រូបរាង​អំណោយ​ផល ព្រម​ទំាង​ឱកាស​នៃ​ការ​បញ្ចញ​អស់​ទេព​កោសល្យ​ក្នុង​សាច់​រឿង​ដ៏​ល្អ។

១.ឈិន ស៊ាវម៉ី៖ សម្តែង​ជា​តួអង្គ ប៉ែន ពេជ្រ​អមរា នាង​ចេញមុខ ​៦០ភាគរយ​ក្នុង​សាច់​រឿង​សរុប ​ស័ក្តិសម​ជា​បុត្រី​សង្គម​ជាន់​ខ្ពស់។ នាង​សម្តែង​ជា​តួអង្គ​កូន​ស្រី​លួច​លាក់​ម្នាក់​របស់​ភរិយា​ ប៉ែន ពេជ្រ និង​អគ្គ​ទេសាភិបាល ហួត ស៊ីវ ដែល​ទំម្រាំ​ដឹង​កា​រពិត នាង​ឈឺ​ចិត្ត​ស្ទើរ​ស្លាប់​ស្ទើរ​រស់។

២.រតនៈ វិសិដ្ឋ៖ សម្តែង​ជា​តួអង្គ​ជន​បង្កប់ ព្រោះ​តែ​ចិត្ត​ស្រលាញ់​ការពារ អមរា និង​តាម​ថែរក្សា​សុវត្ថិ​ភាព​គ្រួសារ​នាង នាយ​សុខ​ចិត្ត​ធ្វើ​រឿង​សព្វ​​បែប​យ៉ាង​ដើម្បី​បាន​ស្រី​ស្អាត​ទទួល​ស្គាល់​ថា​ខ្លួន​ជា​បុរស​ទ្រូង​៥ហត្ថ​មួយ​រូប។ រតនៈ វិសិដ្ឋ បាន​បញ្ចេញ​ទេព​កោសល្យ​ថ្មី​ស្រឡាង​បន្ថែម​ពី​លើ​រូប​រាង​កម្ពស់​កំព​សម​ឥត​ទាស់​របស់​ខ្លួន ជា​កត្តា​ជំរុញ​ឲ្យ​តារា​រូប​នេះ​នឹង​បាន​ទទួល​តំណែង​តួឯក​នៅ​ពេល​ខាង​មុខ​មិន​ខាន។

៣.នូ ឧសភា៖ សម្តែង​ជា​នាយក​សាជីវកម្ម K-P-I ដែល​ជា​សុភាព​បុរស​ក្លែង​ក្លាយ​ចូល​ចិត្ត​ប្រើ​ល្បិច​ សម្តី​ផ្អែម​ចិត្ត​ពិស​ពុល។ ​ចុង​ក្រោយ​នាយ​ត្រូវ​បាក់​ធ្មុង​ចំពោះ​ស្រី​ស្អាត​ចិត្ត​ស្មោះ​ បុស្បានារី ដែល​សម្តែង​ដោយ​ ចន្ទ័រាសី។ ឧសភា​ទើប​តែ​ក្រុង​ពាលី​ក្នុង​រឿង​ថ្មី​ជា​តួ​ធំ​ជាមួយ​ នៅ មារីសា (ស្រទន់) កាល​ពី​ពេល​ថ្មីៗ​នេះ។

៤.ចន្ទ័រាសី ហៅសីសី៖ សម្តែង​ជា​តួ​អង្គ បុស្សានារី ជាម៉ូដែល​ដ៏​កម្សត់​ដែល​ត្រូវ​ពូ​ប្រើ​ជា​ឧបករណ៍​រហូត​មក។ រាសី សម្តែង​រឿង​ជា​ច្រើន​ឲ្យ​ផលិតកម្មLD​ តែ​ក្នុង​រឿង "ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់" នឹង​នាំ​នាង​ឲ្យ​បង្ហាញ​ទេព​កោសល្យ​កាន់​តែ​ជ្រៅ ដែល​តំណែង​តួឯក​នឹង​បាន​មក​នាង​ក្នុង​ពេល​រឿង​ភាគ​នេះ​បញ្ចេញ​ទៅ​​លើ​ទីផ្សារ។

ចំណែក​តួសម្តែង​៤រូប​ទៀត គឺ​អ្នក​ដែល​ចុះ​ស្នាម​លើ​តួឯក​ជា​ច្រើន​រឿង​រួច​មក​ហើយ ​រួម​មាន ពុធ ស្រីខួច(ខួចឃេលីយ៉ា) លឹម ​ជាឡាយ ប៊ឺរី និង សាឡាត់ ស្រីឡាង។ កាល​ពីឆ្នាំ​២០១៧ តួអង្គ​សំខាន់ៗ​ក្នុង​រឿង​ "ស្រទន់មន្តស្នេហ៍" របស់​អ្នក​និពន្ធ​ដដែល រួម​មាន ស៊ិម​ស្រីនិច វី​យ៉ារ៉ូ ទេព កញ្ញា ពុធ ស្រីខួច ផាន់ ផាត់ណា សុទ្ធតែ​ក្លាយជាតួ​ឯក និង​មាន​តម្លៃ​ខ្លួន​ទ្វេគុណ។

អត្ថបទៈ ពិសី