កម្រឃើញបំផុត! ទិដ្ឋភាពដង្ហែព្រះសិរីរិកធាតុ ព្រះបាទ​ ស៊ីសុវត្ថិ មុនីវង្ស ឆ្ពោះទៅភ្នំព្រះរាជទ្រព្យ

  • 2018-09-04 06:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ​ទី០៣ ខែ​កញ្ញា ២០១៨ គឺ​ជា​ខួបទី ៧៧ ឆ្នាំ​នៃ​ព្រះរាជ​ពិធី​យាង​ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះ​ខត្តិយ​កោដ្ឋ ស្តេច​យាង​គង់​ប្រថាប់​ក្នុង​ព្រះមហា​ចេតិយ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ។

តាម​ទំព័រ​ហ្វេសប៊ុក Royal du Cambodge ឲ្យ​ដឹង​ថា​ បន្ទាប់ពីការយាងចូលព្រះ​ទី​វង្កត​នៃ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ស៊ី​សុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ​ នា​​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​១៩៤១ រួចមក ព្រះរាជាណាចក្រកម្ពុជាដែលមានព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះ​មហាក្សត្រ​ថ្មី បានរៀបចំចាត់ចែង ​​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​សព​ព្រះ​ករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស តាមព្រះរាជបវេណីនៃព្រះនគរ យ៉ាង​សម​ព្រះ​កិត្តិយសជាទីបំផុត ​។

ក្រោយពីបានរៀបចំថ្វាយព្រះអគ្គី ព្រះបរមសព រួចមកនា​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា ឆ្នាំ​១៩៤១ ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​អង្គ ក៏​ត្រូវ​បាន​រៀបចំព្រះ​រាជ​ពិធី​យ៉ាង​អធិក​អធម​ដង្ហែ​មក​គង់ឯ​ព្រះមហា​ចេតិយ​ ដែល​បាន​កសាង​នា​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​។

ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​កម្ពុជា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះអង្គ​សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេច​យាង​ជា​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយ​ព្រះ​អង្គ​ជា​អ្នក​យាង​ព្រះ​កោដ្ឋ​ពេជ្រ​ដោយ​ផ្ទាល់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​រាជ​ពិធី រួម​ជាមួយ​​ឧត្ដមនាវី​ឯក​បារាំង​ប្រចាំ​ឥណ្ឌូចិន លោក ហ្សង់ ដេកូ (Jean Decoux) ដែល​បាន​​យាង​ព្រះ​កោដ្ឋ​ ព្រះ​រាជា​នុ​កោដ្ឋ ដែល​ជា​ព្រះ​វរ​រាជបិតា​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស និង ​ព្រះ​កោដ្ឋ​ព្រះ​បរម​រាជ​វង្សានុវង្ស​ជា​ច្រើន​ទៀត ស្ដេច​យាងមក​​តម្កល់​រួម​គ្នា​៕

រូបភាព៖ Royal du Cambodge អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ