ខាំ ភូរិ ត្រៀម​ថត​រឿង​ថ្មី ចំណងជើង «ខោល» លើក​កម្ពស់​សិល្បៈ​បុរាណ​ខ្មែរ​ឱ្យ​យុវវ័យ​បាន​ស្គាល់

  • 2018-09-04 09:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគថ្មី ចំណងជើង «ខោល» រៀបចំ​គម្រោងផលិត​ជិត២ឆ្នាំមកហើយ ​ក្រុមការងារ លោក ខាំ ភូរិ ក៏​បន្ត​ការ​ស្រាវជ្រាវ​ជាង ៦ខែ ហើយ សរសេរ និង​ តែង​និពន្ធជាង ១ឆ្នាំ កន្លង​មក​ហើយ ​ទើប​ប្រកាស​រួចរាល់​នៅ​ថ្ងៃ​នេះ ​ហើយត្រៀម​ខ្លួន​សម្រាប់​ការ​ផលិត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

លោក ខាំ ភូរិ

ខ្សែភាពយន្តរឿងភាគ «ខោល» នឹង​នាំ​អច្ឆរិយ​ភាព ល្ខោន​ខោល ពិសេស​រសជាតិ​ស្នេហា សិល្បករខោល និង​នារី​ក្រមុំ​ម្នាក់​ក្នុង​សម័យ​លង្វែក ស្នេហា​មួយ​នេះ ក៏​បន្ត​ចាំ​ជាតិ រហូត​ក្នុង​សម័យ​ថ្មី​មួយ​ទៀត​។ លោក ខាំ ភូរិ បញ្ជាក់​ថា ភាពយន្ត​ភាគនេះ​លោក​ធ្លាប់​មាន​គំនិត​ថា​ចង់​ផលិត​ជិត ២ឆ្នាំ មក​ហើយ ដោយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ រូប​លោក និង​ក្រុម​ការងារ​បាន​ចុះ​ស្រាវជ្រាវ​ពី​ប្រវត្តិ​ពិត​ ទម្រង់ ​និង​លក្ខណៈ​របស់​ល្ខោន​ខោល តាំង​ពី​វត្ត​ស្វាយ​អណ្ដែត និង​ជួប​ជាមួយ​ព្រឹទ្ធាចារ្យ​ សាស្ត្រាចារ្យ​ជំនាញ​ខាង​ផ្នែក​ល្ខោន​ខោល​ ពី​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដើមរៀបចំជាគ្រោងរឿង និងសរសេរតែងនិពន្ធបន្ថែមជាអត្ថបទភាពយន្ត។

រូបស្រោមមុខ (ខ្មុក) តួអង្គ «ល្ខោនខោល»

ទស្សនៈ​នៃ​ការ​បញ្ចូល​សាច់​រឿងមនោសញ្ចេតនា ជាមួយ​សិល្បៈ​វប្បធម៌​ជា​ការ​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ​ខ្មែរ​ ហេតុ​នេះ​ហើយ​ទើប​រូប​លោក មាន​ឆន្ទៈ​ចង់​បង្ហាញ​ល្ខោនខោល​ក្នុង​ភាពយន្ត​បែប​នេះ។ "ខ្ញុំ និង​ក្រុម​ការងារ​ផលិត ពិសេស​ក្រុម​អ្នក​តែង​និពន្ធ​សេនារីយ៉ូ​កុន​បាន​ធ្វើការ​ជា​ច្រើន​ដើម្បី​រួម​ផ្តុំ​គំនិត ទស្សនៈ រួមគ្នា​ផលិត​បាន​ជា​សាច់​រឿង «ខោល» មួយ​នេះ​ឡើង​មក សម្រាប់ជាចំណីអារម្មណ៍ រួមទាំងជាចំណេះដឹងទាក់ទងនឹង ល្ខោន «ខោល»"​។

រូបលោក ព្រឹទ្ធាចារ្យ ល្ខោនខោល

យ៉ាងណាក្ដី លោក ខាំ ភូរិ មិន​អាច​ធានា​ថា ភាពយន្ត​នេះ​នឹង​ល្អ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​ឡើយ លោក គ្រាន់​តែ​ព្យាយាម​ផលិត​ភាពយន្ត​នេះ​តាម​លទ្ធភាព​ ដោយ​សង្ឃឹម​ថា វា​ជា​ការ​ចូលរួម​ចំណែក​តូច​មួយ​ក្នុង​វិស័យ​សិល្បៈ និង​ដើម្បី​ជា​ការ​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ​ផង​ដែរ៕

គម្របអត្ថបទភាពយន្តរឿង​ «ខោល»

រូបភាពពី៖ លោក ខាំ ភូរិ

អត្ថបទ៖ Sunny