ភាពយន្ត «ផ្នូរគ្មានឈ្មោះ» ជារឿងពិតរបស់អ្នកដឹកនាំល្បីឈ្មោះ ប៉ាន់ រិទ្ធី

  • 2018-09-17 07:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សម័យ​ខ្មែរ​ក្រហម​ របស់ ពល ពត ប្រជាជន​ខ្មែរ​ច្រើន​ជាង ១ លាន ៧សែន នាក់​បាន​បាត់បង់​ជីវិត ហើយ​ក្នុង​នោះ​គ្រួសារ​ដ៏​កក់​ក្ដៅ​របស់ លោក ប៉ាន់ រិទ្ធី ស្ទើរ​តែ​ទាំងអស់​ក៏​ត្រូវ​បាន​គេ​សម្លាប់ ក្នុង​របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះដែរ។

រូបភាពពីក្នុងភាពយន្ត រឿង «ផ្នូរ​គ្មាន​ឈ្មោះ​»

កាន់​តែ​ពិបាក​នោះ​គឺ​លោក​មិន​អាច​ដឹង​ថា​តើ​ក្រុម​គ្រួសារ​របស់​លោក​មាន​ លោក​ឪពុក ប៉ាន់ ឡូវ អ្នក​ម្ដាយ និង​បង​ប្អូន​ប្រុស​ស្រី ជា​ច្រើន​រូប​ទៀត ត្រូវ​បាន​សម្លាប់​នៅ​កន្លែង​ណា​ក៏​មិន​ដឹង​ ដោយ​មិន​បាន​ធ្វើ​បុណ្យ ហើយ​មិន​ដឹង​ថា​វិញ្ញាណ​វិលវល់ ខ្លោច​ផ្សា​យ៉ាងណា។

ដូចនេះ​ហើយ ភាពយន្ត​ឯកសារ​រឿង «ផ្នូរ​គ្មាន​ឈ្មោះ​» នេះ​ជា​ភាពយន្ត​ផ្ទាល់​ខ្លួន​របស់​លោក ប៉ាន់ រិទ្ធី ដែល​រូប​លោក​បើក​ចំហ​ការ​ពិត ចេញ​ពី​បេះដូង​របស់​លោក​តែ​ម្ដង​ដើម្បី​បង្ហាញ​ការ​ស្វែង​រក​ផ្នូរ​របស់​ក្រុម​គ្រួសារ​របស់​លោក​ដើម្បី​ធ្វើបុណ្យ​ និង​រំដោះ​ទុក្ខ​របស់​ក្រុម​គ្រួសារ​របស់​លោក​ដែល​បាន​ស្លាប់​ក្នុង​សម័យ​នោះ​ទាំង​អស់​។

រូបភាពពីក្នុងភាពយន្ត ឈុតអន្ទងព្រលឺង

ភាពយន្ត «ផ្នូរគ្មានឈ្មោះ» ឆ្លុះបញ្ចាំង​មិន​ត្រឹម​ការ​ស្វែង​រក​ផ្នូរ​ក្រុម​គ្រួសារ​នោះ​ទេ តែ​ជា​ភាពយន្ត​មនុស្ស​ជាតិ​ និង​ការ​ស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្ត​សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់សម័យកាល​ដ៏ជូរចត់មួយនេះ។ ការពិតនេះ នៃជ្រុងមួយ​ក្នុង​របប​ខ្មែរ​ក្រហម និង​ការ​រំលឹក​ឡើងវិញ​នូវ​ការ​ចងចាំ​នៃ​សង្គម​ធ្លាក់​ចុះ​នេះ​កំពុង​បង្ហាញ​ក្នុង​រោងភាពយន្តខ្មែរ​តែរយៈពេល ៧ថ្ងៃប៉ុណ្ណោះ​គ្រប់រោងភាព​យន្តទំនើបនៅភ្នំពេញ និង មជ្ឈមណ្ឌល បុផ្ផាណា ពីថ្ងៃទី ១៥ ខែកញ្ញា រហូតដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះ។

អ្នកស្រី Mariam Arthur ប្រធានគណៈកម្មការជ្រើសរើសពានរង្វាន់ អូស្គា កម្ពុជា

ដើម្បី​គាំទ្រ​ភាពយន្ត​ជាតិ​មួយ​នេះ​ទៅ​ប្រកួត​ពានរង្វាន់ Oscar ពិភពលោក វា​ជា​ការ​ចូលរួម​របស់​ប្រជាជន​ខ្មែរ​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ត​ ដែល​ការ​គាំទ្រ​នេះ​នឹង​រាប់​បញ្ចូល​ជា​ផ្នែក​មួយ​ដែល​គណៈកម្មការ​ជ្រើសរើស​ភាពយន្ត​ប្រកួត​ពាន​រង្វាន់ អូស្រ្កា​ កម្ពុជា ចាប់​ទុក​ជា​រឿង​សំខាន់​ដើម្បី​ដាក់​ស្នើ​ភាពយន្ត​នោះ​ទៅ​រកួត Oscar ជា​លក្ខណៈ​អន្តរជាតិ​៕

លោក ប៉ាន់ រិទ្ធី

អត្ថបទ៖ Sunny