បើគិតថាខ្លួនឯងលំបាក សូមអាន ៥ចំណុច ប្រវត្តិរស់ម្នាក់ឯង ពីសិស្សនិទ្ទេស A ម្នាក់គត់ប្រចាំខេត្ត

  • 2018-09-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លទ្ធផល​បាក់ឌុប​ផ្លូវការ​ បាន​បង្ហាញ​ថា ខេត្ត​រតនគិរី មាន​ភាព​ខុស​ប្លែក​គេ ដោយសារ តែ​មាន​បេក្ខជន​តែ​១​រូប​គត់ ឈ្មោះ ម៉ក់ យិត ជាប់​និទ្ទេស​ A ក្នុងឆ្នាំ២០១៨នេះ។ អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍ គឺ​សិស្ស​រូប​នេះ ដើរ​ទៅ​រៀន និង​មាន​ប្រវត្តិ​ជីវិត​តស៊ូ​ ច្រើន​រាប់​មិន​អស់ ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ។

នៅ​ក្នុង​ការ​ចែករំលែក​ប្រាប់ Sabay យុវជន ម៉ក់ យិត បាន​ប្រាប់​ថា ទោះ​យ៉ាង​នេះ​ក្ដី ក៏​សិស្ស​ឆ្នើម​នេះ នៅ​តែ​អាច​ជម្នះ​បាន រហូត​ទទួល​ជោគជ័យ​ពេល​ថ្នាក់​សិក្សា​ចំណេះ​ដឹង​ទូទៅ​បាន។

យុវជន​ម៉ក់ យិត បាន​រំលឹក​ប្រវត្តិ​ជីវិត​ដែល​បាន​ពុះពារ​​ឆ្លងកាត់​ ទាំង​ទឹក​មុខ​ស្រពោន តែ​អម​ដោយ​ភាព​ជឿជាក់ ជម្នះ​បាន​រាល់​បញ្ហា មក​កាន់​កម្មវិធី​ផ្សាយ​ផ្ទាល់ បាក់ឌុប​អនាគត​ខ្ញុំ របស់ Sabay ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

១. ក្ដី​ស្រមៃ​ចង់​ជួយ​គ្រួសារ និង​សារ​សំខាន់​ជម្នះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដែល​ចង់​ចែក​រំលែក​

ជីវភាព​លំបាក គ្មាន​លុយ​ចាយ​វាយ​ពេញ​ដៃ​ដូច​គេ ហើយ​ម៉ក់ យិត ត្រូវ​ដើរ​ទៅ​រៀន ព្រោះ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ។ ពេល​ខ្លះ​ក៏​មាន​មិត្តភ័ក្ដិ​មក​ដឹក​ខ្លះ​ដែរ​ម្ដងម្កាល។ អ្វី​ដែល​ជំរុញ និង​តែង​និយាយ​ប្រាប់​ខ្លួន​ឯង ពេល​ដើរ​ទៅ​រៀន​ហាល​ក្ដៅ ហាលភ្លៀង និង​ឆ្លងកាត់​រឿងរ៉ាវ​យ៉ាងណា។ ​សិស្ស​ឆ្នើម​រូប​នេះ ចង់​ចែក​រំលែក​ទៅ​សិស្ស​ប្អូន​ឲ្យ​មាន​ការ​តស៊ូ​ឡើង ទោះ​មាន​រឿង​អ្វី​ក៏​ដោយ។ ពាក្យ​លើក​ទឹក​ចិត្ត​ថា ខ្លួន​មាន​សំណាង​ជាង​គេ ​ក្នុង​គ្រួសារ​ដោយ​អាច​បាន​រៀន​បន្ត ខ្លួន​មិន​ពិបាក​រហូត​ទេ ថ្ងៃ​ណា​១ និង​បាន​ល្អ​ប្រសើរ​វិញ ត្រូវ​ខំ​រៀន ដើម្បី​បាន​លទ្ធផល​ល្អ បាន​អាហារូបករណ៍​ និង​អាច​ជួយ​គ្រួសារ​វិញ​ជា​មិន​ខាន។

២. លទ្ធផល​បាក់ឌុប​ ដ៏​រំភើប

យុវជន​រូប​នេះ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សម្ដេច​ឳ សម្ដេច​ម៉ែ នៅ​ក្នុង​ខេត្ត​រតនគិរី។ ជា​លទ្ធផល​ប្រលង​បាក់ឌុប ម៉ក់ យិត បាន​ជាប់​និទ្ទេស A តែ​ម្នាក់​គត់​ប្រចាំ​ខេត្ត​ភូមិភាគ​ឦសាន​ ក្នុង​លំដាប់​ពិន្ទុ ៩៩.៨៤៨។ គ្រាន់​តែ​ដឹង​ដំណឹង​ដ៏​រំភើប​នេះ​ភ្លាម សិស្ស​ឆ្នើម​រូប​នេះ បាន​ទូរសព្ទ​ទៅ​ប្រាប់​ឪពុកម្ដាយ​នៅ​ឯ​ប្រទេស​ថៃ ថា​ខ្លួន​ជាប់ និទ្ទេស A ហើយ​លោក​ឪពុក​ក៏​បាន​បញ្ជាក់​ថា Aនឹង​ស្អី​គេ?

បន្ទាប់​មក​យុវជន ម៉ក់ យិត បាន​ពន្យល់​ទៅ​អ្នក​មាន​គុណ​ទាំង​ក្ដុកក្ដួល ឲ្យ​លោក​យល់ និង​ដឹង​ថា​នេះ ក៏​ជា​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ផង​ដែរ។ ​

៣. រំលឹក​ប្រវត្តិ​គ្រួសារ និង​ការ​ផ្លាស់​ទី​លំនៅ​ជា​បន្តបន្ទាប់

យុវជន ម៉ក់ យិត មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង​មាន​បងប្អូន សរុប៤នាក់។ ដោយសារ​ជីវភាព​ក្រីក្រ បាន​ជំរុញ​ឲ្យ​ឪពុកម្ដាយ និង​កូន​ៗ បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​មក​កាន់​ខេត្ត​បន្ទាយ​មានជ័យ និង​បន្ត​មក​កាន់​ខេត្ត​រតនគិរី។ តែ​ចុង​ក្រោយ​អាស្រ័យ​ដោយ​ជីវភាព​គ្រួសារ កាន់​តែ​ដុនដាប​ទៅ​ៗ ឪពុកម្ដាយ និង​បងប្អូន​៣​នាក់​ទៀត បាន​សម្រេច​ចិត្ត​ចំណាក​ស្រុក​ ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ដោយ​ទុក​តែ​យុវជន ម៉ក់ យិត នៅ​រៀន និង​ស្នាក់នៅ​ ម្នាក់​ឯង​ក្នុង​ខេត្ត​រតនគិរី។ កាល​នោះ​បើ ម៉ក់ យិត ចំណាក​ស្រុក​ទៅ​ទាំងអស់​គ្នា គឺ​ប្រាកដ​ជា​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​កណ្ដាល​ទី។

៤. រសជាតិ​ជីវិត​រស់​នៅ​ឯកា ដើម្បី​បាន​រៀន​បន្ត

ដោយសារ​ស្រលាញ់​ការ​សិក្សា ម៉ក់ យិត ស៊ូ​​រស់នៅ​ឯកា​ ទោះ​ជួប​ការ​លំបាក​រាប់​មិន​អស់​ ដើម្បី​បាន​រៀន​បន្ត ​តាំង​ពី​ថ្នាក់​ទី​១០​មក។ ត្រូវ​ស្នាក់​នៅ​បន្ទប់​ជួល តម្លៃ​៥០ដុល្លារ ក្នុង​១​ខែ ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត បាយទឹក និង​ការ​ហូប​ចុក មិន​ដិត​ដល់ ព្រោះ​ជីវភាព​ខ្វះខាត និង​នៅ​ឆ្ងាយ​ពី​គ្រួសារ

៥. ធ្វើការ​ឲ្យ​គេ ដូរ​យក​លុយ​ទៅ​រៀន

យុវជន ម៉ក់ យិត ជា​ទម្លាប់​បាន​ក្រោក​ពី​ម៉ោង ៥ ទៅ​ស៊ី​ឈ្នួល​លើក​ឥវ៉ាន់​ឲ្យ​គេ ដល់​ម៉ោង ៦​ព្រឹក ទើប​ត្រលប់​ទៅ​រៀន ដើម្បី​បាន​លុយ​ទប់ទល់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​នេះ ដោយ​សារ​យុវជន​នេះ ​ជា​សិស្ស​រៀន​ពូកែ​ស្រាប់ ទើប​មាន​អ្នក​ខេត្ត​រតនគិរី បាន​ហៅ​ឲ្យ​ជួយ​បង្រៀន​កូន​គេ និង​ផ្ដល់​ជា​លុយ​ក្នុង​១ខែ ១២​ម៉ឺន​រៀល។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី