ម្យ៉ាងម្នាក់ទេហេតុផល និងអារម្មណ៍ពិត រឿងច្រៀងខារ៉ាអូខេតាមផ្ទះ
- 2018-09-27 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្យ៉ាងម្នាក់ទេហេតុផល និងអារម្មណ៍ពិត រឿងច្រៀងខារ៉ាអូខេតាមផ្ទះ
ចន្លោះមិនឃើញ
ការច្រៀងខារ៉ាអូខេកម្សាន្តតាមផ្ទះ កំពុងពេញនិយមសម្រាប់មនុស្សមួយចំនួន និងសឹងតែក្លាយជាទម្លាប់ប្រចាំថ្ងៃ។ មានមតិខុសគ្នាបានលើកឡើង ទាក់ទងអ្នកចូលចិត្តបង្ហើរសំឡេងប្រចាំថ្ងៃតាមផ្ទះ និងអ្នកជិតខាង។ ហេតុផលរបស់អ្នកច្រៀងថាគ្រាន់តែជាការកម្សាន្ត ឯអ្នកនៅជិតខាងវិញ ថាវាពិតជារឿងរំខានដែលមិនគួរមាន។
បុរសម្នាក់មានមុខរបរជាអ្នករកស៊ី នៅផ្សារបឹងត្របែក រាជធានីភ្នំពេញ គឺ លោក សុខហេង បានប្រាប់ Sabay ថាលោកច្រៀងលេងនៅផ្ទះរាល់ថ្ងៃ ចន្លោះពីម៉ោង ៦ដល់ម៉ោង ១០យប់ ឬលើសនេះក៏មាន។ លោកថា ពេលច្រៀងគឺដូចជាសប្បាយ ម្យ៉ាងមិនអស់លុយច្រើន ឬអស់ធីប ដូចទៅក្រៅទេ។
ម្យ៉ាងវិញទៀត តាំងពីច្រៀងនៅផ្ទះ ដូចមិនសូវឈ្លោះគ្នា ព្រោះពេលទៅ KTV ក្រៅ គឺមកវិញច្រើនតែជ្រុលពេល ជាហេតុអ្នកផ្ទះខឹង រឿងចាំបើកទ្វារ ដល់យប់អធ្រាត្រ។
ស្រដៀងគ្នានឹងអ្នកច្រៀងខាងលើ លោក ធឿន មង្គល ជាអ្នកលក់ដូរនៅផ្សារបឹងកេងកង បានប្រាប់ថា ការច្រៀងលេងនៅផ្ទះ មិនជារឿងខុសឆ្គងទេ នៅពេលទំនេរ។ ច្រៀងបានយូរម៉ោង គ្មានសំពាធរឿងធ្វើដំណើរ ករណីផឹកគ្រឿងស្រវឹងជ្រុល អាចគ្រោះថ្នាក់ចរាចរណ៍ ព្រោះនៅផ្ទះស្រាប់។ ទាក់ទងលុយធីប គឺចំណេញជាងទៅក្រៅ ព្រោះបើហៅនារីជួយច្រៀងកំដរនៅផ្ទះពេលមានជប់លាងគ្រួសារម្ដងៗ ២ ឬ៣ម៉ោង យ៉ាងច្រើនចាយអស់ប្រហែលខ្ទង់១០ដុល្លារ។
តែបើទៅ KTV ប៉ះតែកន្លែងកាលីបបន្តិច ធីបនារីម្នាក់ ហោចណាស់ក៏អស់ ៣០ ឬ៥០ដុល្លារ ឬលើសនេះក៏មានដែរ។
ហេតុផលខាងលើ ត្រូវបានស្ត្រីមេផ្ទះ១រូប និងអ្នកធ្វើការក្រុមហ៊ុន ចំនួន១រូប បានបដិសេធ ព្រោះអ្នកចូលចិត្តច្រៀង គឺតែងមានហេតុផលគាំទ្រខ្លួនឯង។ ស្ត្រីទាំងនោះសុំលាក់អត្តសញ្ញាណ និងបានប្រាប់ថា ខ្លួនកំពុងរស់នៅជាប់ជញ្ជាំងជាមួយអ្នកជិតខាងដែលច្រៀងខារ៉ាអូខេប្រចាំនៅផ្ទះ មិនថាព្រឹក ឬយប់។ អ្នកច្រៀង គឺមិនដែលដើរសួរគេទេ ថាអារម្មណ៍គេបែបណារាល់ថ្ងៃ? ដឹងតែដល់ម៉ោងស្រែកច្រៀងធ្វើមិនដឹង។
ស្ត្រីដដែលថា នេះពិតជារំខានអារម្មណ៍ និងថ្ងៃខ្លះទៅជាស្រ្តេសក៏មាន ព្រោះតែសំឡេងទ្រហឹង ធុងបះបើកកប់ៗ។
ក្រុមស្ត្រីដដែលបញ្ជាក់ថា បើប៉ះអ្នកច្រៀងពីរោះទៅគ្រាន់បន្តិច តែអ្នកខ្លះស្រែកយកៗ ខុសទំនង ដែលកាន់ធ្វើឲ្យធុញថប់ ពេលខ្លះចង់គាំងបេះដូង រកតែពួកគាត់សម្រាកមិនបាន។ ទាក់ទងនឹងផលចំណេញ ដែលបុរសអ្នកច្រៀងបានលើកខាងដើម ក្រុមស្ត្រីដដែល សុំមិនមានយោបល់។
រឿងនេះ មិនមែនតែរំខាននារីទេ សូម្បីបុរស១រូបទៀត ក៏ធ្លាប់ជួបរឿងស្រដៀងនេះ ដែរ គឺពេលរស់នៅម្ដុំប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោក សុំមិនប្រាប់ឈ្មោះ ប្រាប់ Sabay តាមសារអេឡិចត្រូនិកថា អ្នកជិតខាងលោកតែងច្រៀងរាល់យប់ជ្រៅ និង បើកសំឡេងលឺខ្លាំង។
ដោយសាររំខានអារម្មណ៍ ស្រ្តេសពេក លោកក៏បានដាក់ពាក្យប្ដឹងទៅដល់សង្កាត់ និងបន្តទៅខណ្ឌ ដើម្បីចាត់វិធានការ។ ជាលទ្ធផល គឺអ្នកជិតខាងនោះ បានកែសម្រួលខ្លះ ដោយច្រៀងលេងតែពេលចុងសប្ដាហ៍ និងបញ្ចប់នៅម៉ោង ៩យប់។