ប្រើពេល៥ឆ្នាំទើប គួច ដានី ជាប់ជម្រើសជាតិម្តងទៀត
- 2018-10-02 03:49:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើពេល៥ឆ្នាំទើប គួច ដានី ជាប់ជម្រើសជាតិម្តងទៀត
ចន្លោះមិនឃើញ
បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាចេញកាលពីព្រឹកមិញនេះក៏មានកីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី ដែរដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាថ្ងៃទី១២ ខែតុលា ខាងមុខនេះ។
នេះមិនមែនជាលើកទី១ទេដែល គួច ដានី ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីរូបគេបានប្រឡូកក្នុងអាជីពវាលស្មៅ។ កីឡាកររូបនេះធ្លាប់បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា២លើកគឺលើកទី១កាលពីឆ្នាំ២០១៣ និងលើកទី២ពេលនេះតែម្តងដែលមានន័យថា រយៈពេល៥ឆ្នាំទើបបានរូបគេមានឈ្មោះម្តងទៀត។
ដានី បានប្រាប់ថា ៖«លើកនេះខ្ញុំពិតជារីករាយខ្លាំង ពីព្រោះសព្វថ្ងៃនេះកម្ពុជាមានកីឡាករល្អៗច្រើន។ ជាប់ឈ្មោះក្នុងជម្រើសជាតិ ពិតជាកិត្តិយសមួយសម្រាប់ខ្ញុំ។ ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីជួយក្រុមកម្ពុជា»។
គួច ដានី ជាកីឡាករកូនកាត់ខ្មែរ-បារាំងដែលមកប្រកបអាជីពបាល់ទាត់ដំណាលគ្នាជាមួយ ធារី ចន្ថាប៊ីន និង កុក បុរីសបានផ្លាស់ប្តូរក្លឹបជាច្រើនរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ដំបូងឡើយរូបគេលេងឲ្យក្លឹបភ្នំពេញក្រោន ហើយនៅឆ្នាំ២០១៦បានចូលរួមជាមួយក្លឹប អង្គរថាយហ្គឺរ (អតីតក្លឹប Cambodian Tiger FC)។
នៅឆ្នាំ២០១៦នោះដែរ រូបគេបានបន្តស្វែងរកក្លឹបថ្មីនៅប្រទេសម៉ាល់តាដែលជាប្រទេសកោះមួយនៅតំបន់អឺរ៉ុបភាគខាងត្បូង បន្ទាប់ពីចេញទៅរកនៅប្រទេសជប៉ុនដែលជាកន្លែងស្វែងរកមួយរយៈពេល ប៉ុន្តែមិនបានជោគជ័យ។
ក្រោយមក គួច ដានី ដែលមានប្រភពដើមចេញពីបាល់ទាត់ហ្វូតសាលរហូតជាប់ក្នុងឈុតក្រុមជម្រើសជាតិហ៊្វូតសាលរបស់បារាំងអាយុក្រោម២១ឆ្នាំ (U-21) បានចូលរួមជាមួយក្លឹបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧រូបគេបានចុះកុងត្រាជាមួយក្លឹបណាហ្គាវើល ដែលបានជាកីឡាករសំខាន់ម្នាក់ជួយឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ និងបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិជាលើកទី២៕