នេះហើយ Resort ដូចឋានសួគ៌លើកោះរុង ស្អាតជាងគេបំផុតនៅខ្មែរ អ្នកមានៗទើបស្គាល់ជាតិ
- 2018-10-02 07:39:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ Resort ដូចឋានសួគ៌លើកោះរុង ស្អាតជាងគេបំផុតនៅខ្មែរ អ្នកមានៗទើបស្គាល់ជាតិ
ចន្លោះមិនឃើញ
បន្ទាប់ពីជិះទូកល្បឿនលឿនលក្ខណៈឯកជនកាត់ជ្រែកសមុទ្ររយៈពេល ៤៥ ហើយបន្តជិះឡាន ១០ នាទីថែមទៀត អារម្មណ៍ពិបាកនឹងពណ៌នាមិនដឹងមកពីណាចាប់ផ្ដើមមានឡើង ពេលឃើញ Resort ដ៏ថ្មីច្រឺងមួយអើតឡឺមៗបន្តិចម្ដងៗពីចម្ងាយនាកណ្ដាលព្រៃភ្នំ ហើយអារម្មណ៍នោះកាន់តែពុះកញ្ជ្រោលស្រែកថា Wow មួយរំពេចភ្លាមៗ ពេលដែលដាក់ជើងជាន់ដី Resort ដែលមានទេសភាពដូចឋានសួគ៌ ក្រោយជាប់ភ្នំបៃតងស្រងាត់ មុខជាប់សមុទ្រដែលមានឆ្នេរខ្សាច់សក្បុសមើលធ្លុះដល់បាត ស្អាតដាច់គេនៅកម្ពុជា។ រថយន្តអាគុយត្រៀមចាំដឹកជាស្រេចទៅ Check-in ស្វាគមន៍ដោយបុគ្គលិក Resort ដ៏រួសរាយបែបខ្មែរ ព្រមជាមួយភេសជ្ជៈអារម្មណ៍ដាស់អារម្មណ៍ឲ្យភ្លេចអស់ភាពហត់នឿយតាមផ្លូវ។
អារម្មណ៍រំភើបត្រេកអរពិបាកនឹងនិយាយប្រាប់ទាំងនោះ មាននៅ The Royal Sands Resort Koh Rong ស្ថិតនៅភូមិសុខសាន្ត ទឹកដីកោះរុងទំហំ ៧៨ គីឡូម៉ែត្រការ៉េ ដែលជាកោះទី២ ធំជាងគេបំផុតនៅកម្ពុជា និងជាកោះមានឆ្នេរខ្សាច់សក្បុសស្អាតជាងគេនៅកម្ពុជា សរុប ២៨ ឆ្នេរឯណោះ។
The Royal Sands Resort Koh Rong មានទំហំផ្ទៃដី ៧,២ ហិកតា លាតសន្ធឹងលើបណ្ដោយឆ្នេរខ្សាច់ស្អាតជាងគេបំផុតប្រចាំស្រុកខ្មែរ Long Beach ប្រវែង ៨ គីឡូម៉ែត្រ ដោយ Resort មានសិទ្ធិកាន់កាប់ត្រឹម ៥៥០ ម៉ែត្រប៉ុណ្ណោះ។ ទេសភាពវិញប្រៀបដូចឋានសួគ៌ពិបាកនឹងរ៉ាយរ៉ាប់។ ខ្សាច់សក្បុស ទឹកសមុទ្ររាក់ថ្លាស្មើធេងចម្ងាយប្រមាណ ៥០ ម៉ែត្រពីឆ្នេរ មើលធ្លុះដល់បាតខ្សាច់សក្បុសជម្រៅត្រឹមចង្កេះ ទឹកស្ងប់គ្មានរលក។ ព្រឹកព្រលឹមឡើង ពន្លឺថ្ងៃស្រទន់រះបាញ់ចេញពីព្រៃនាភ្នំខាងក្រោយ Resort ផង ស្រូបយកចំហាយខ្យល់បរិសុទ្ធលាយគ្នារវាងព្រៃភ្នំ និងសមុទ្រខាងមុខវិឡា ធ្វើអារម្មណ៍អណ្ដែតអណ្ដូងលែងចង់វិលត្រឡប់មកជីវិតទីក្រុងដ៏សែនតប់ប្រមល់។ ពេលល្ងាច មានថ្ងៃលិចជ្រមុជចុះទៅក្នុងសមុទ្រ ដែលអ្នកកោះរុងល្បីថា ស្អាតគ្រប់ៗគ្នា។
ដោយសាងសង់អស់ប្រមាណជា ៤០ លានដុល្លារ និងទើបសម្ពោធផ្លូវការកាលពីខែមេសា ២០១៨ The Royal Sands Resort Koh Rong បានក្លាយជាប្រភេទ Resort ផ្កាយ៥ លំដាប់អន្តរជាតិ មានវិឡាទោលលក្ខណៈឯកជនសុទ្ធសាធសរុប ៦៧ វិឡា បែរមុខទៅទេសភាពសមុទ្រទាំងអស់ ក្នុងនោះ ៣០ វិឡា មានហាងហែលទឹកនៅមុខវិឡាលក្ខណៈឯកជនផ្ទាល់តែម្ដង។
មិនដល់រយៈពេលមួយឆ្នាំផង Resort នេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងដល់បរទេសជាពិសេសអឺរ៉ុប ដល់ថ្នាក់កក់ពេញៗតែម្ដង នៅខែ High (ខែមានភ្ញៀវច្រើន) ខណៈដែលភ្ញៀវក្នុងស្រុក សុទ្ធតែលំដាប់អ្នកមានៗ មកសម្រាកលម្ហែកាយជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ដិ។ តម្លៃបន្ទប់ក្នុងមួយយប់ មានចាប់ពីខ្ទង់រយដុល្លារ រហូតដល់ពាន់ដុល្លារឯណោះ។
វិឡាទាំងនោះ ធ្វើពីឈើម៉ៃសាក់ ឫស្សី ថ្មកំបោរ មានបំពាក់គ្រឿងប្រើប្រាស់គ្រប់ឈុត។ បន្ទប់ធំទូលាយខ្លាំង ទាំងបន្ទប់គេង ទាំងបន្ទប់ទឹក ព្រមទាំងមានបន្ទប់ងូតទឹកហាលខ្យល់អត់ដំបូលទៀត។ ឯអ៊ីនធឺណិតវិញ ស្រុកភ្នំពេញសុំខ្មាស ព្រោះបើតាមតេស្ដតាមកម្មវិធីទូរសព្ទជាក់ស្ដែង ល្បឿនកប់មេឃដល់ 60 Mbps ឯណោះ។
វិឡាមាន ២ ប្រភេទធំៗ៖
សួរថា បើថ្លៃម្ល៉ឹងៗ មានន័យដែរអត់បើទៅលេងនោះ?
តម្លៃប៉ុណ្ណេះ អាចថាមិនស្មើ ឬប្រហាក់ប្រហែលទៅការលេងនឹងបរទេសដែរ។ តែបើគិតរឿងលម្ហែកាយវិញ គឺកប់តែម្ដង ដែលបរទេសមួយចំនួនអាចគ្មានដូចផង៖ ទេសភាពស្អាតដូចឋានសួគ៌ សេវាកម្មបម្រើគ្រប់ឈុតឡើងមានអារម្មណ៍ខ្លួនឯងដូចស្ដេច ចង់ជិះទូកកៃយ៉ាក់លើសមុទ្រដែលថ្លាដូចកញ្ចក់មើលឃើញបាតខ្សាច់សក៏បាន ជិះកៃយ៉ាក់ក្នុងព្រៃកោងកាងក៏បាន ជិះកង់កាត់ព្រៃក៏បាន មុជទឹកមើលផ្កាថ្មក៏បាន ស្ទូចត្រីក៏បាន Trekking ដើរក្នុងព្រៃក៏បាន ចង់ Spa ក៏បាន ចង់ Gym ក៏បាន មានគ្រប់ម៉ាកំផ្លេ។ បើខ្ជិលមុជទឹកនៅអាងហែលទឹកមុខវិឡាខ្លួនឯង អាចមកមុជនៅអាងហែលទឹកដ៏ធំរបស់ Resort ដែលមើលទៅមានពណ៌ដូចគ្រប់ពេជ្រខ្មៅ។ មុជទឹកពេលល្ងាច មាន Cocktail បណ្ដើរ ជំនោរសមុទ្របក់បោកបណ្ដើរ មិនដឹងរ៉ូមែនទិកដល់កម្រិតណានោះទេ។ និយាយរឿងអាហារវិញ ឆ្ងាញ់កប់ស៊េរី មិនថាអាហារខ្មែរ អាស៊ី ឬអឺរ៉ុបឡើយ។
ពេលទៅលេង បើមិនចង់ខាតពេលជិះទូកល្បឿនលឿនពិសេសរបស់ Resort ទេ អ្នកក៏អាចឧទ្ធម្ភាគចក្ររបស់ Resort ក៏បានដែរ។
ទាំងនេះ ជាបទពិសោធរៀបរាប់មិនអស់របស់បង Sabay ដែលទៅស្នាក់នៅលម្ហែពីរយប់។ ហេហេ....បើមានលុយ Sabay សូមណែនាំឲ្យសាកទៅភ្លក់រសជាតិដូចស្ដេចនៅឋានសួគ៌នៅ Resort នេះម្ដងទៅ ធានាថា រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
ចង់កក់ ឬសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 089 36 36 99 / 078 888 622 / 078 888 935 / 078 888 260 ឬចូលផេក The Royal Sands Koh Rong Resort៕