ក្រុមអ្នកសារព័ត៌មានខ្មែរ និងវៀតណាម ជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ លើវិជ្ជាជីវៈអ្នកសារព័ត៌មាន
- 2018-10-03 17:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកសារព័ត៌មានខ្មែរ និងវៀតណាម ជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ លើវិជ្ជាជីវៈអ្នកសារព័ត៌មាន
ចន្លោះមិនឃើញ
ក្រុមអ្នកសារព័ត៌មានខ្មែរមួយក្រុមបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងផ្លាស់ប្ដូរជំនាញសារព័ត៌មានរវាងប្រទេសទាំងពីរ។ ការជួបជុំនៃស្ថាប័នទាំងពីរធ្វើឡើងដោយក្លិបអ្នកកាសែតកម្ពុជា (CCJ) និង សមាគមអ្នកកាសែតវៀតណាមហៅកាត់ថា VJA ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី ០៣ តុលា ដល់ថ្ងៃទី ០៦ តុលា ២០១៨។
លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ក្រុមអ្នកសារព័ត៌មានដែលទៅទស្សនកិច្ចទីក្រុងហាណូយ នៅពេលនេះ ដើម្បីទៅមើលប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម និងការវិនិយោគផ្សេងៗ។
ក្រោយពីទៅទស្សនកិច្ចនេះ លោក ពុយ គា ដែលជាអ្នកសារព័ត៌មានជើងចាស់ មានការរំពឹងទុកថា "ចង់ឃើញអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ សរសេរ ឬផ្សព្វផ្សាយព័ត៌មានពិត ជួយដល់ការអភិវឌ្ឍជាវិជ្ជមាននាំទៅដល់ ភាពសុខសាន្តពលរដ្ឋទាំងពីរ"។
ការជួបជុំពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅពេលនេះ គឺជាលើកទី០១ ដែលក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) បានធ្វើទស្សនកិច្ច នៅប្រទេសវៀតណាម តាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម ក្រោយពី ក.អ.ក ក្លាយទៅជាសមាជិកពេញសិទ្ធ នៃសហព័ន្ធសារព័ត៌មានអាស៊ាន កាលពីឆ្នាំទៅមិញ និងបន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅបណ្ដាប្រទេសផ្សេងជាច្រើននៅលើពិភពលោក។
គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានមួយក្រុម ដែលដឹកនាំដោយលោកពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជាទៅទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលនេះ គឺមានការចូលរួមពីអ្នកសារព័ត៌មានចំនួន ៤ ស្ថាប័ន រួមមាន៖ កាសែតរស្មីកម្ពុជា, ស្ថានីយទូរទស្សន៍ CNC, គេហទំព័រថ្មីៗ, និង គេហទំព័រ Sabay ៕