គ្រាន់តែឭពីប្រវែងសន្ទូចត្រូវរាយអ្នកខ្លះអស់កម្លាំងបាត់ ទោះបានចំណូលម៉ឺនៗក៏ដោយ
- 2018-10-04 02:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែឭពីប្រវែងសន្ទូចត្រូវរាយអ្នកខ្លះអស់កម្លាំងបាត់ ទោះបានចំណូលម៉ឺនៗក៏ដោយ
ចន្លោះមិនឃើញ
មុខរបរចងសន្ទូចត្រូវប្រជានេសាទជាច្រើនក្នុងភូមិអ្នកតាត្បាល់ ឃុំគោគពោធិ៏ ស្រុកបុរីជលសារចាត់ទុកជាប្រភពចំណូលទី២ដែលអាចជួយកសិកររកចំណូលបានក្នុងមួយយប់មិនតិចជាងដប់ម៉ឺនរៀលទេពីផលនេសាទដែលគាត់រកបាន។
ឧបករណ៍នេសាទបែបបុរាណមួយប្រភេទនេះធ្វើឡើងពីខ្សែសរសៃជាតិនីឡុងវែងមួយប្រវែងអាចដល់រយម៉ែត្រហៅថារនងសន្ទូចរួមជាមួយនឹងខ្សែខ្លីៗប្រវែង១ចំអាមៗភ្ជាប់ដោយផ្លែសន្ទូចតូចៗចងភ្ជាប់ទៅនឹងរនងនេះ។
លោកគឿន គាត ប្រាប់ Sabay ថាលោកមានសន្ទូចចំនួនប្រាំបីមានប្រវែងសរុបប្រហែល៣គីឡូម៉ែត្រសម្រាប់ដាក់យកត្រី។ លោកថាក្នុងមួយថ្ងៃអាចរកចំណូលបានជាមធ្យមដប់ម៉ឺនរៀលក្រោយទូទាត់លើថ្លៃសាំងនិងថ្លៃទិញនុយបិទសន្ទូច។
កសិករវ័យ៣៥ឆ្នាំរូបនេះបន្តថារៀងរាល់ព្រឹកម៉ោង៧លោកដើរកំណត់ទីតាំងរាយសន្ទូចក្នុងបឹងជម្រៅពី៣ទៅ៤ម៉ែត្ររួចជាស្រេចទើបត្រលប់មកផ្ទះវិញ។នៅម៉ោង១២ថ្ងៃត្រង់លោកត្រូវទិញជន្លេនពីឈ្មួញដែលទិញពីកសិករពីភូមិឆ្ងាយៗយកមកលក់ដល់ផ្ទះតែម្តងហើយក្នុង១ថ្ងៃលោកប្រើអស់ជន្លេន៣គីឡូក្រាមតម្លៃ២១ ០០០រៀលសម្រាប់ធ្វើជានុយ។
លុះដល់ម៉ោង៥ល្ងាចលោកនិងក្រុមអ្នកភូមិនាំគ្នាចេញទូកទៅបិទនុយសន្ទូចតាមគោលដៅរៀងៗខ្លួន។ លោកបន្តថាសន្ទូចបិទនុយហើយត្រូវចងដុំថ្មបន្តោកពន្លិចនៅបាតដីទើបប៉ះផ្លូវត្រីដើរ មានដូចជាត្រីតរស់ ត្រីអណ្ដែង ឬបង្កងជាដើម។។ពេលបិទនិយរួចលោកថាលោកអាចត្រលប់មកក្រោយវិញដើម្បីរកមើលដោះត្រីដែលបានស៊ីសន្ទូចជាបន្តបន្ទាប់រហូតដល់ផុតប្រវែងជិតបីគីឡូម៉េត្រ។
លោកបន្តថា៖ «តាមដែលខ្ញុំធ្លាប់ជួបប្រទះត្រីដែលស៊ីសន្ទូចក្នុងទឹកជ្រៅៗបែបនេះមិនសូវមានត្រីតូចៗទេគឺច្រើនត្រីធំ...ឬបង្កងតែម្តងហើយក្នុង១យប់ៗខ្ញុំអាចបានបង្កងពី៣ទៅ៤ក្បាលដែរតែជួនកាលអាចបានដល់ទៅ១គីឡូក្រាមក៍មាន ក្រៅពីត្រី»។
លោកឲ្យដឹងទៀតថាក្រោយពីមើលសន្ទូចបានមួយលើកហើយលោកត្រូវរកកន្លែងសម្រាកនៅជិតៗកន្លែងចងសន្ទូចឬក៏សម្រាកលើទូកតែម្តងទម្រាំដល់ពេលមើលសន្ទូចម្តងទៀតរួចលើកសន្ទូចមកផ្ទះតែម្តងក្នុងអំឡុងម៉ោង៣ទាបភ្លឺ៕