ក្លិប​អ្នក​កាសែត​កម្ពុជា និង​សមាគម​វៀតណាម​ ចាប់​ដៃ​គ្នា​ផ្សព្វផ្សាយ​ ព័ត៌មាន​ ទេសចរណ៍ និង​ការ​វិនិយោគ ទៅ​វិញ​ទៅ​មក

  • 2018-10-07 11:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​អ្នក​កាសែត​កម្ពុជា (CCJ) និង​ សមាគម​​អ្នក​កាសែត​វៀតណាម (VJA) បាន​ចាប់​ដៃ​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​ផ្សព្វផ្សាយ​ នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ការ​វិនិយោគ និង វិស័យ​ទេសចរណ៍​ ទៅ​វិញ​ទៅ​មក។ ភាគី​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) កាល​ពី​ថ្ងៃ​ទី ០៤​ តុលា ២០១៨ នៅ​ទី​ក្រុង​ហាណូយ។

ក្រោយ​ពី​​ដំណើរ​ទស្សនកិច្ច​នៅ​​ទី​ក្រុង​ហាណូយ​រយៈពេល​ ៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ៣-៦ ខែ​តុលា លោក ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នក​កាសែត​កម្ពុជា និង​ជា​​ដឹកនាំ​គណៈប្រតិភូ​អ្នក​សារព័ត៌មាន​ខ្មែរ​ទៅ​កាន់​ប្រទេស​វៀតណាម បាន​ប្រាប់ Sabay ថា ការ​ចាប់​ដៃគូ​ជា​មួយ​ប្រទេស​វៀតណាម​នេះ​គឺ​ជា​លើក​ទី២ បន្ទាប់​ពី​ក្លិប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក) បាន​ចាប់​ដៃ​គូ​ជាមួយ​ប្រទេស​ថៃ។ ក្រៅពី​ប្រទេស​ជិត​ខាង​ ក.អ.ក ក៏​បាន​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​ផងដែរ ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន។

ទស្សនា​វីដេអូ​

ទាក់ទង​នឹង​ការ​ចាប់​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ លោក ពុយ គា ដែល​ជា​អ្នក​សារព័ត៌មាន​ជើងចាស់​បាន​បញ្ជាក់​ថា "អ្វី​ដែល​យើង​ធ្វើ​នេះ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា តាមរយៈ​ការ​ចុះ​ហត្ថលេខា ឬ MOU នេះ ធ្វើ​យ៉ាង​ណា​យើង​អាច​ផ្លាស់ប្ដូរ គណៈប្រតិភូ​គ្នា​ទៅវិញ​ទៅមក ដើម្បី​សិក្សា​ស្វែង​យល់​ ការ​ប្រតិបត្តិ​ស្ថាប័ន​ព័ត៌មាន​ ដូចជា ផ្នែក​ទូរទស្សន៍ វិទ្យុ កាសែត​ ។ល។ ដោយ​ឡែក​ការ​មក​សិក្សា​នៅ​ប្រទេស​វៀតណាម​នេះ​ ដើម្បី​ស្វែង​យល់​ថា តើ​សមាគម​វៀតណាម​ដែល​មាន​សមាជិក​ប្រហែល​ ២ម៉ឺន​នាក់​នេះ តើ​គេ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​សមាជិក​របស់​ពួកគេ"។

​លោក​ពុយ គា បាន​បន្ថែម​ថា ការ​ចាប់​ដៃគូ​គ្នា​នេះ ក៏​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​នៅ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​មួយ​ទៀត​ការ​វិនិយោគ ​ផងដែរ។ "ជា​ពិសេស​ម្ហូប​អាហារ​ខ្មែរ​នៅ​វៀតណាម ម្ហូប​អាហារ​យើង​នៅ​ទី​ក្រុង​ហាណូយ​នេះ ពលរដ្ឋ​ខ្មែរ​យើង មន្ត្រីរាជការ អ្នក​ដឹកនាំ​ហូរហែ​មក​ទស្សនកិច្ច​ មក​ធ្វើ​ការ​អី​ចឹង​ទៅ ប៉ុន្តែ​យើង​តែងតែ​សួរ​រក​ម្ហូប​អាហារ​ខ្មែរ តែ​អត់​មាន​ម្ហូប​ខ្មែរ​តែម្ដង​ ខ្ញុំ​គិត​ថា បញ្ហា​ម្ហូប​អាហារ​ខ្មែរ​យើង​នេះ រីកសាយ​ភាយ​ទៅ​ដល់​បណ្ដា​ប្រទេស​ផ្សេង​ៗ នៅ​ជប៉ុន បារាំង យើង​មាន​ម្ហូប​ខ្មែរ​ហើយ ចំណែក​នៅ​ប្រទេស​ជិត​ខាង​អត់​ទាន់​មាន​ ដូច្នេះ ប្រសិន​បើ​មាន​បងប្អូន​ខ្មែរ រកស៊ី​ប្រកប​ផ្នែក​ម្ហូប​អាហារ​គួរ​តែ​មក​បើក​រកស៊ី​នៅ​ទី​នេះ អាច​ចំណេញ​ច្រើន ព្រោះ​គេ​ចូលចិត្ត ប៉ុន្ដែ​ដោយ​សារ​ការ​ផ្សព្វផ្សាយ​របស់​យើង​នៅ​មាន​កម្រិត។

ទន្ទឹម​នឹង​ការ​ជំរុញ​លើ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ និង​ជំនួញ លោក ពុយ គា ដែល​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់ មាន​ការ​រំពឹង​ទុក​ថា "ខ្ញុំចង់​ឃើញ​អ្នក​សារព័ត៌មាន ​​នៃ​ប្រទេស​ទាំង​ពីរ សរសេរ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ជួយ​ដល់​ការ​អភិវឌ្ឍ​​ ជា​វិជ្ជមាន​នាំ​ទៅ​ដល់ ភាព​សុខសាន្ត​ពលរដ្ឋ​ទាំង​ពីរ"។

ទស្សនាវីដេអូ

កាល​​ថ្ងៃទី​៤ ​ខែតុលា​ កន្លង​ទៅ​នេះ លោក ពុ​យ គា ដែល​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្ដីពី​សហប្រតិបត្តិការ​ នៃ​សមាគម​អ្នកកាសែត​ទាំងពីរ ជាមួយ​លោក Ho QUANG LOI អនុប្រធាន​ប្រចាំការ​នៃ​សមាគម​អ្នកកាសែត​វៀតណាម​។ តាមរយៈ​ការ​ចុះហត្ថលេខា​លើ​សមាគម​អ្នកកាសែត​វៀតណាម គឺជា​ដៃគូ​ទី​ពីរ​នៅ​ក្នុង​អាស៊ាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បន្ទាប់ពី​ក្លឹប​អ្នកកាសែត​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាគម​អ្នកកាសែត​ថៃ​ កាលពី​ឆ្នាំ​ ២០១១។ ទាំង​ក្លិប​អ្នកកាសែត​កម្ពុជា សមាគម​អ្នកកាសែត​វៀតណាម និង​សមាគម​អ្នកកាសែត​ថៃ សុទ្ធតែ​ជា​សមាជិក​ នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of Asean Journalists)៕

សូមចុចអាន៖ ក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ និង​វៀតណាម​ ជួបជុំ​គ្នា​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ លើ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន

ទស្សនាវីដេអូ

កម្រងរូបភាព​ដែល​គណៈប្រតិភូខ្មែរ​បាន​ទៅ​ទស្សនៈកិច្ចនៅ​ប្រទេសវៀតណាម

គណៈប្រតិភូខ្មែរ ទៅគោរព​វិញ្ញាណខន្ត ហូ ជីមិញ
ខាងក្រោយ​គឺជា​ផ្ទះ​ចាស់​របស់ ហូ ជីមិញ
ថតរូប​ជុំគ្នា​ នៅ​ប្រាង្គវីរហូ ជីមិញ
ផ្ទះថ្មី និង ជាកន្លែង​ធ្វើការ​របស់ ហូ ជីមិញ

បន្ទាប់​ពី​ទៅ​គោរពវិញ្ញាណខន្ត​សព លោក ហូ ជីមិញ គណៈប្រតិភូខ្មែរ បាន​ទទួល​ការ​អនុញ្ញាត​ពី​ស្ថានទូតខ្មែរ ប្រចាំ​ប្រទេស​វៀតណាម ឲ្យ​ចូល​ជួប​សម្ដែង​ការ​គួរ​សម៖

ចេញពីស្ថានទូតខ្មែរ​នៅ​វៀតណាម គណៈប្រតិភូខ្មែរ ដែលដឹកនាំ​ដោយ​ លោក ពុយ គា ទៅ​ទស្សនកិច្ច​នៅ​វិទ្យុ VOV

នៅថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនៈកិច្ច គណៈប្រតិភូ​បាន​ទៅ​ផ្លាស់ប្ដូរ​បទពិសោធន៍​ នៅ​កាសែត​វិនិយោគ​ របស់​វៀតណាម

ចុងក្រោយ​ញុំាបាយ​សាមគ្គី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី