បើក្មេងជំនាន់ក្រោយបន្តទម្លាប់សរសេរពាក្យខ្មែរបែបនេះទៀត អក្សរសាស្រ្តដឹងតែធ្លាក់ទឹកហើយ

  • 2018-10-11 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ទំនោរ​នៃ​ការ​សរសេរ​ពាក្យ​ខ្មែរ​មួយ​ចំនួន​តាម​សូរសៀង ​ភាសា​បរទេស​កំពុង​ពេញ​និយម​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ពិសេស​យុវជន​។

បើ​តាម​ការ​អះអាង​ពី​ប្រភព​យុវវ័យ១ក្រុម ដែល​ជា​អ្នក​ចូលចិត្ត​ទម្លាប់​នេះ បាន​ប្រាប់​ថា​ ហេតុ​ផល​ដែល​ពួក​គេ ​សរសេរ​បែបនេះ គឺ​មាន​លក្ខណៈ​ងាយ​ស្រួល លឿន​ទាន់​ចិត្ត ពិសេស​ពេល​សរសេរ​ឆ្លើយឆ្លង​សារ​តាម​បណ្ដាញ​សង្គម​ជាមួយ​ខ្មែរ​ដូចគ្នា ដូចជា​សារ​តាម​ហ្វេសប៊ុក​ជាដើម។

​ប្រភព​ពី​យុវវ័យ​១ក្រុម​ខាងលើ​ សុំ​មិន​ប្រាប់​ឈ្មោះ ​បាន​ប្រាប់ Sabay ថា​ការ​​សរសេរ​ពាក្យ​ខ្មែរ តាម​បែប​នេះ ពិត​ជា​ងាយ​ស្រួល​មែន ហើយ​លឿន​ពេល​ផ្ញើ​សារ​ជាមួយ​មិត្ត​ភក្តិ​ជា​ជនជាតិ​ខ្មែរ​ដូចគ្នា​ ព្រោះ​ខ្ជិល​សរសេរ​ពាក្យ​ពេញ វែង​នាំ​ខាត​ពេល។

ជា​ឧទាហរណ៍​ពាក្យ​ពេញ​និយម​ សម្រាប់​ពួក​គេ ហើយ​ក្មេង​ៗ​សម័យ​ថ្មី​ចូលចិត្ត​សរសេរ​ និង​ស្គាល់​បំផុត​នោះ មាន​ដូចជា

ញ៉ុម = Nh

កប់ = Kob

ខប់ = Khob

Sl = ស្រលាញ់

Bb = អូន​សម្លាញ់ ឬ​បង​សម្លាញ់

Ml = សម្លាញ់

Pg = ផង

Nb jit =សំណព្វចិត្ត

hz = ហើយ

និង​ rkun = អរគុណ ជាដើម។

យ៉ាង​នេះ​ក្ដី បើ​តាម​អ្នក​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​១រូប លោក លីម អាស៊ីគីន ប្រធានគណៈកម្មការ ថ្នាក់ P3ឆ្នំាំទី២ ដឺបាតឺម៉ង់ អក្សរសាស្ត្រ​ខ្មែរ​ក្រុម C (P3) ជំនាន់​ទី​២១ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​​ប្រាប់ Sabay តាម​ទូរសព្ទ និង​ទទួល​ស្គាល់​ថា ក្មេង​ៗ​ជំនាន់​ថ្មី​ គឺ​ពិត​ជា​និយម​ការ​សរសេរ​បែប​នេះ ក្រោម​ហេតុផល​លឿន និង​ប្រើ​រយៈ​ពេល​ខ្លី​ដើម្បី​សរសេរ​។

លោក លីម អាស៊ីគីន (រូបផ្តល់ឲ្យ)

ប៉ុន្តែ​ ការ​និយម​បែប​នេះ អ្នក​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ បន្ថែម​ទៀត​ថា អាច​បង្ក​ផល​ប៉ះពាល់​រយៈ​ពេល​វែង ដល់​អក្សរសាស្ត្រជាតិ ដូចជា​កូនខ្មែរ អាច​លែង​ចេះ​ពាក្យ​ខ្មែរ​ក្នុង​សំណេរ​ ឬ​ការ​ប្រើប្រាស់​ផ្លូវការ។ លោក​ថា អក្សរ​ជា​ផ្នែក​សំខាន់​១ នៃ​វប្បធម៌ ដូច​ពាក្យ​ស្លោក​ថា បើ​វប្បធម៌​រលត់ ជាតិ​រលាយ។

ម្យ៉ាងវិញទៀត វា​នឹង​ក្លាយ​ជា​ទម្លាប់​អាក្រក់ នៃ​ការ​ប្រើ​ពាក្យ​មិន​ត្រឹមត្រូវ ហើយ​ថ្ងៃ​ក្រោយ​ទៅ​ កូន​ខ្មែរ​លែង​មាន​ទម្លាប់​នៃ​ការ​ស្រាវជ្រាវ និង​មិន​អាច​បែងចែក​ថា ពាក្យ​ណា​ត្រឹមត្រូវ ពាក្យ​ណា​ដែល​ខុស។

លោក​ថា ជា​ការ​ល្អ សូម​ងាក​មក​ចូលរួម​សរសេរ​ពាក្យ​ខ្មែរ​យើង ដែល​ត្រឹមត្រូវ ដូចជា ញ៉ុម គួរ​សរសេរ​ថា ខ្ញុំ ឬ​ពាក្យ​ថា rkun = គួរ​សរសេរ​ថា អរគុណ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ពាក្យ​ខាង​លើ ដែល​កំពុង​មាន​ការ​និយម​ប្រើ​ដោយ​ខុសឆ្គង ក៏​នៅ​មាន​ពាក្យ​មួយ​ចំនួន​ទៀត ក៏​កំពុង​បន្ត​ប្រើ​ទាំង​ខុស​ន័យ និង​ខុស​កាលៈទេសៈ ជាក់ស្ដែង​ដូចជា​ពាក្យ​ ដែរ និង​ ពាក្យ​ ដែល ឬ​ពាក្យ​ ទុក និង​ពាក្យ​ទុក្ខ រួម​នឹង​ពាក្យ​មួយ​ចំនួន​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី លោក លីម អាស៊ីគីន អ្នក​សិក្សា​អក្សរសាស្ត្រ​ខ្មែរ។

អត្ថបទ៖ ពៅ រក្សា