សម្ដែង​ភាពយន្ត​ដំបូង ​ក្រោយ​សម្រាល​កូន​រួច Angelababy ទទួល​រង​មតិ​រិះគន់ មិន​ចេះ​តិច

  • 2018-10-15 04:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Entrepreneurial Age” គឺ​ជា​ខ្សែ​ភាពយន្ត​ថ្មី​ដំបូង​​មួយ​របស់​តារា​សម្ដែង Angelababay ចាប់​តាំង​ពី​រូប​នាង​សម្រាល​កូន​ប្រុស​របស់​នាង​រួច កាល​ពី​ខែ​មករា ឆ្នាំ ២០១៧។ រឿង​ថ្មី​មួយ​នេះ​ដែរ បាន​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១២ ខែ​តុលា​នេះ ដោយ​មាន​តារា​សម្ដែង Huang Xuan ជា​តួឯក​ប្រុស ហើយ​តារា​សម្ដែង Angelababy ជា​តួឯក​ស្រី។

ខណៈ នេះ​ជា​ខ្សែ​​ភាពយន្ត​ដំបូង របស់​តារា​សម្ដែង​ស្រី​រូប​នេះ ក្រោយ​បាន​បាត់​មុខ​មួយ​រយៈ​នោះ វត្តមាន​របស់​នាង​សា​ជា​ថ្មី​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ទូទៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​ តារា​សម្ដែង​វ័យ ២៩ ឆ្នាំ​រូប​នេះ គឺ​ទទួល​បាន​មតិ​រិះគន់​ច្រើន​ជាង​មតិ​វិជ្ជមាន ទៅ​លើ​ទេពកោសល្យ​សម្ដែង​របស់​នាង ដោយ​មហាជន​មួយ​ចំនួន​បាន​បញ្ជាក់​ថា ការ​សម្ដែង​របស់​នាង​មិន​បាន​រីកចម្រើន​អ្វី​បន្តិច​សោះ ចាប់​តាំង​ពី​ថត​រឿង "General and I” មក។

ចំពោះ​មហាជន​មួយ​ចំនួន​ទៀត ក៏​បាន​រិះគន់​តារា​ស្រី​រូប​នេះ​ដែរ​ថា Angelababy ដឹង​តែ​ពី​របៀប​បើក​ភ្នែក​ឲ្យ​ធំ​ៗ នៅ​ពេល​នាង​ព្យាយាម​ធ្វើ​ជា​ខឹង ឬ​ម៉ឺងម៉ាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួកគេ​បាន​បន្ថែម​ទៀត​ថា សូម្បី​តែ​របៀប​និយាយ​តាម​ប៉ារ៉ូល​រឿង ក៏​នាង​ធ្វើ​មិន​បាន​ល្អ​ដែរ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា