Vertu ងើប​ពី​ផ្នូរ​វិញ ប្រកាស​ចេញ​ទូរសព្ទ​ប្រណិត​តម្លៃ​ជាង ៥ ពាន់​ដុល្លារ​

  • 2018-10-18 08:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដែល​ Vertu បាន​​បិទ​ដំណើរ​ការ​​ដោយ​សារ​បំណុល​វ័ណ្ឌ​ក។ ប៉ុន្តែ​ពេល​នេះ Vertu ហាក់​ដូច​បាន​រស់​រាន​មាន​ជីវិត​ម្ដង​ទៀត ដោយ​ប្រកាស​ចេញ​ស្មាតហ្វូន​ប្រណិត​ថ្មី​តម្លៃ​នៅ​តែ​ថ្លៃ​ដូច​មុន។

ស្មាតហ្វូន​ថ្មី​ដែល​កើត​ចេញ​ពី​ក្រុមហ៊ុន​ដែល​​បាន​ដោះ​ស្រាយ​បញ្ហា​រួច​នោះ មាន​ឈ្មោះ​ថា​ Vertu Aster P។ ស្មាតហ្វូន​នេះ​មាន​លក្ខណៈ​សម្បត្តិ​មិន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់​នៅ​អង់គ្លេស និង​មាន​ប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ថ្លៃៗ​​ដូច​ជា​តួ​ខ្លួន​ធ្វើ​ពី​ទីតាញ៉ូម និង ផ្នែក​ខាង​ក្រោយ​ស្រោប​ដោយ​ស្បែក​ក្រពើ។

​​​​​Vertu Aster P មាន​ប្រើ​បន្ទះ​ឈីប​ Qualcomm Snapdragon 660, អេក្រង់​​ប្រភេទ AMOLED ទំហំ​ ៤,៩ អ៊ីញ មាន​ការពារ​ដោយ​កញ្ចក់​ត្បូង​កណ្ដៀង​ ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ១៩២០ x ១០៨០ ភីកសែល។ RAM មាន​ទំហំ ៦ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨ GB។

ស្មាតហ្វូន​នេះ​មាន​ថ្ម​ទំហំ ៣២០០ mAh និង​រន្ធ​សាក​ថ្ម​ប្រភេទ USB Type-C, កាមេរ៉ា​មុខ​​កម្រិត​ ២០ MP និង​កាមេរ៉ា​ក្រោយ​ទំហំ ១២ MP ហើយ​អាច​ដាក់​ស៊ីម​បាន​ពីរ​ឯណោះ។

ត្បិត​ថា​ស្មាតហ្វូន​ Vertu ថ្មី​ផលិត​ដោយ​ដៃ​នៅ​អង់គ្លេស ប៉ុន្តែ​ខណៈ​ពេល​នេះ​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន​ជា​មួយ​តម្លៃ​ចន្លោះ​ពី​ប្រមាណ​ ៥ ១៦០ ដុល្លារ​ ទៅ​ប្រមាណ ១៤ ០០០ ដុល្លារ អាស្រ័យ​លើ​ការ​ចង់​បាន​របស់​អតិថិជន៕​

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ សុខហេង