​​ផលិត​កម្ម​ធំ​យ៉ាងណា​មិន​អាច​ចង​ចិត្ត​ តារា​ទាំង​នេះ​សុខ​ចិត្ត​ជា​តារា​ចម្រៀង​ឯក​រាជ្យ

  • 2018-10-24 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជា​ច្រើន​ ចង់​មាន​ផលិត​កម្ម​ជ្រក​កោន​ដើម្បី​មាន​ទ្រនំ​ច្បាស់​លាស់។ ប៉ុន្តែ​តារា​៤​ដួង​ខាង​ក្រោម ​ទោះ​ជា​តារា​ចម្រៀង​កុង​ត្រា នៅ​ផលិត​កម្ម​ល្បី​យ៉ាង​ណា ក៏​ពួក​គេ​សុខ​ចិត្ត​ចាក​ចេញ ​មក​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​វិ​ញ​ដែរ។

ហេង ពិ​ទូ

​អតីត​តារា​ចម្រៀង​នៅ​ផលិត​កម្ម​សាន់​ដេ​រូប​នេះ ​បាន​ប្រកាស​ដក​ខ្លួន​ពី​ផលិត​កម្ម ​ដោយ​មក​ធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ ​​វិញ។ ​ក្រោយ​ចាកចេញ​ លោក​ប្រកាស​ថា​មិន​ច្រៀង​ចម្រៀង​ចម្លង​គេ​ទៀត​ទេ ​ហើយ​បាន​ចេញ​បទ​ Original នៅ​លើ​បណ្ដាញ Youtube​ ​ដែល​ជា​ការ​សរសេរ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ​សម្រាប់​ជីវិត​មុន​នឹង​លោក​​ច្រៀង​លែង​កើត​ក្នុង​វិស័យ​សិល្បៈ​នេះ។

​​​ម្ចាស់​បទ "​ទីបំ​ផុត​" ​ធ្លាប់​ប្រាប់​ថា ​លោក​គ្មាន​គម្រោង​ត្រលប់​ទៅ​ច្រៀង​នៅ​ផលិត​កម្ម​ណាមួយ​ទេ ។កន្លង​មក​លោក​ ហេង ពិទូ ​ជា​អតីត​សមាជិក​ល្បី​ម្នាក់​ក្នុង​ក្រុម ​MKS កាល​ពីឆ្នាំ២០០៥​-២០០៦ ​។​ បន្ទាប់​មក​លោក​បាន​​ចូល​ទៅ​ច្រៀង​នៅ​ផលិតកម្ម​ Spark ហើយ​ចាក​ចេញទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ Bigman ​បាន​រយៈ​​ពេល​​ជិត​ពីរ​ឆ្នាំ​​ ​លោក​បាន​ចូល​មក​ផលិតកម្ម​សាន់​ដេ​។ នៅ​ផលិត​កម្ម​សាន់​ដេ​បាន​មួយ​រយៈ​​ លោក​ក៏​បាន​ដើរ​ចេញ​ ដោយ​មក​ផលិត​បទ​ចម្រៀង​ Original Song ដោយ​ខ្លួន​ឯង​​រហូត​ដល់​បច្ចុប្បន្ន​នេះ​​។ ​​ ​

G-Devith

​​​​​ដំណឹង​ចាក​ចេញ​ពី​ផលិត​កម្មហង្សមាស​ មក​ធ្វើ​ជា​តារា​ចម្រៀង​ឯករាជ្យ​វិញ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ម្ចាស់​បទ ​"Body” ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ការ​សម្រេច​ចាក​ចេញ​នេះ ​​​​ព្រោះ​ហេតុ​ផល​ ​ចង់​ផ្លាស់​ប្ដូរ​ពិសោធន៍​ការងារ ឆ្ពោះ​ទៅ​កាន់​បទ​ពិសោធន៍​ថ្មី ដើម្បី​ចែក​រំលែក​ក្តី​ស្រលាញ់​ទៅ​កាន់​អ្នក​គាំ​ទ្រ។

ម្ចាស់​បទ​ " រាំ​ញី​កែង​ជើង” ​ធ្លាប់​ជា​តារា​ចម្រៀង​ផលិត​បទ​ចម្រៀង ​បង្ហោះ​លើ​ Youtube ​​តែ​ក្រោយ​មក​ លោក​ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​នៅ​ផលិត​កម្ម ហង្ស​មាស។ ​ចូល​ច្រៀង​នៅ​ទី​នេះ​ បាន​រយៈ​ពេល​ជាង​២​ឆ្នាំ​ សាង​បាន​ភាព​ល្បី​ល្បាញ​ពេញ​ប្រទេស ​តារា​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ​ក៏​សម្រេច​ចាក​ចេញ​ពី​ផលិត​កម្ម ​មក​ធ្វើ​ជា​តារា​ចម្រៀង​ឯក​​រាជ្យ​វិញ។​​​​ ​​

ជុំ លី​ណូ

​បន្ទាប់​ពី​​បាន​ដើរ​ចេញ​ពី​ផលិតកម្ម​ចំនួន​៣ គឺសាន់ដេ Diamond Music និង សាស្ត្រា ​(Sastra Film)  mkធ្វើ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​វិញ លោក ជុំ លី​ណូ បាន​ផលិត​ Original Song ​ជា​ច្រើន​បទ​ ដោយ​បង្ហោះ​លើ​បណ្ដាញ​ Youtube។ ក្រោយ​ធ្វើ​ជា​តារា​ចម្រៀង​មិន​ចំណុះ​ក្រោម​ផលិត​កម្ម​ណា ម្ចាស់​បទ "បង​មិន​អង្វរ" តាំង​ចិត្ត​ ឈប់​ច្រៀង​បង​ចម្លង និង​ខំ​ប្រឹង​ផលិត​ចម្រៀង Original Song ​ឲ្យ​កាន់​តែ​ច្រើន។​​​​

ហា សីហា

ដំបូង​លោក​ជា​តារា​ចម្រៀង​​ឯក​រាជ្យ តែ​ដោយសារ​ភាព​ល្បី​ល្បាញ​នៅ​បណ្ដាញ​អ៊ីន​ធឺណែត ម្ចាស់​បទ​ "​អូន​អ៊ូក" ​ត្រូវ​បាន​ផលិត​កម្ម M ទាក់​ទង​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា។ ក្រោយ​ជ្រក​បាន​មួយ​រយៈ លោក សីហា បាន​ប្រកាស​ដក​ខ្លួន​ពី​ផលិត​កម្ម​នេះ ​ដោយ​សារ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ ​ផលិត​បទ​ចម្រៀង​គ្រប់​ចំនួន​តាម​តម្រូវ​ចិត្ត​ផលិត​កម្ម។​

ពេល​នេះ លោក​ក្លាយ​ជា​តារា​ចម្រៀង​ឯក​រាជ្យ​ម្ដង​ទៀត ​ដោយ​បាន​ផលិត​បទ​ចម្រៀង​បង្ហោះ​លើ​ Page ​ផ្លូវ​ការ​របស់​លោក៕​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម