ហេតុផល​ដែល​ផ្លូវ​ដែក​គ្រោះថ្នាក់​មួយ​នៅ​ទីក្រុង​ហាណូយ​ក្លាយ​ជា​កន្លែង​ថត Selfie ដ៏​ពេញ​និយម

  • 2018-10-28 04:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចំ​កណ្ដាល​ទីក្រុង​ហាណូយ ជា​តំបន់​ដ៏​មមាញឹក មាន​ផ្លូវ​រថភ្លើង​ចំណាស់​មួយ​ដែល​បន្សល់​តាំង​ពី​ជំនាន់​បារាំង ហើយ​វា​បាន​ក្លាយ​ទៅជា​​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ថត selfie និង ជា​កន្លែង​ដែល​គេ​និយម​ញ៉ាំ​កាហ្វេ​ដ៏​សម្បូរ​បែប​គ្រប់​ច្រកល្ហក និង ស្រាបៀ​ត្រជាក់ៗ។

ថ្វី​បើ​ភាព​រញ៉េរញ៉ៃ​នៅ​ទីនោះ​បង្កើត​បាន​​ទស្សនីយភាព​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការ​ថតរូប​ តែ​វា​គ្រោះ​ថ្នាក់ ដោយ​សារ​តែ​រថភ្លើង​ចាស់​នោះ​នៅ​​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​តូច​ចង្អៀត។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាច្រើន​​ការ​រំភើប​នឹង​ការ​រត់​គេច​រថភ្លើង​វា​គើមៗ បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ចំណូលចិត្ត​របស់​ពួកគេ។

មាន​ផ្ទះ និង ហាង​កាហ្វេ​ស្ថិត​នៅ​ត្រៀបត្រា​ប្រកៀក​ប្រកិត​ជិត​​នឹង​ទូ​រថភ្លើង​ពេល​បរ​កាត់​ម្តងៗ បង្កើត​បាន​សម្រស់​ដ៏​ទាក់ទាញ​ម្យ៉ាង​សម្រាប់​អ្នក​ចូលចិត្ត​ប្រមាញ់​រូប​ភាព។

ខណៈ​ដែល​រថភ្លើង​រំកិល​យឺតៗ​ទៅ​តាម​ភាព​ចំណាស់​របស់​វា មនុស្សម្នា​ជា​ច្រើន​បាន​ទាញ​ទូរស័ព្ទ​ពួកគេ​ផ្តិត​ទិដ្ឋភាព​​មិន​សំចៃ​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន។ ​

សព្វថ្ងៃ​ផ្លូវដែក​នេះ​នៅ​តែ​ជា​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ភ្ញៀវទេសចរ និង អ្នកដំណើរ​ដែល​ចង់​ស្វែងរក​ជម្រើស​ថោក។

ផ្លូវដែក​នេះ​ត្រូវ​បាន​កសាង​ឡើង​ដំបូង​ដោយ​អតីត​អាណានិគមនិយមបារាំង​ដែល​បាន​ប្រើប្រាស់​វា​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ និង ប្រជាជន​នៅ​ទូទាំង​ប្រទេស​វៀតណាម ភ្ជាប់​ទៅ​កាន់​តំបន់​ឥណ្ឌូចិន រួម​ជាមួយ​ឡាវ និង កម្ពុជា៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខ លាងហ៊ត