តាម​បាន​ដឹង​ថា មុន​ទៅ​កាណាដា ឡាយ លក្ខិណា ខាត​បង់​ប្រាក់​អស់​យ៉ាង​ច្រើនណាស់

  • 2018-10-31 03:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាយ លក្ខិណា បាន​ទៅ​ដល់​ប្រទេស​កាណាដា តាំង​ពី​សប្ដាហ៍​មុន​ដើម្បី​បេសកកម្ម​សិល្បៈ​លើក​ដំបូង ស្រប​ពេល​ដែល​ដំណើរ​នេះ នាង​បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​គម្រោង​មួយ​ចំនួន​ដែល​មាន​តម្លៃ​ក្បែរ​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

លក្ខិណា ប្រាប់​ថា នាង​បាន​បដិសេធ ចំពោះ​សំណើ​របស់​ផលិតករ​ក្នុង​ស្រុក​ដល់​ទៅ​៣នាក់ ស្មើ​នឹង​បី​គម្រោង​ថត​ភាពយន្ត​ដូច​គ្នា ក៏​ព្រោះ​តែ​នាង​ត្រូវ​ទៅ​ប្រទេស​កាណាដា។ រឿង​ទាំង​នោះ សុទ្ធ​តែ​ផលិត​ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក ក្នុង​នោះ តាម​ការ​ចរចា​គ្នា សាច់​រឿង​នីមួយ​នឹង​ត្រូវ​ចេញ​ថត​នៅ​អំឡុង​ខែ តុលា នេះ និង​ខែ​មករា ២០១៩ ជា​ពេល​ដែល​នាង​ជាប់​ក្នុង​បេសកកម្ម​នៅ​នាយ​សមុទ្រ​ទៅ​ហើយ។

ដូច្នេះ​ហើយ នាង​មាន​តែ​បង្ខំ​ចិត្ត​បដិសេធ ទាំង​សោកស្ដាយ។ លក្ខិណា ប្រាប់​ថា ក្នុង​១​រឿង នាង​ទទួល​បាន​ឈ្នួល​ហត់​នឿយ​ពី ២០០០-៣០០០​ដុល្លារ​អាមេរិក​អាស្រ័យ​លើ​រឿង​វែង ឬ​ខ្លី សរុប​ជិត​១ម៉ឺន​ដុល្លារ​អាមេរិក។ មូលហេតុ​បន្ថែម​ទៀត​ពី​កិច្ចការ​ខាង​លើ អតីត​ស្រី​ស្អាត​ម្នាក់ ក្នុង​៤​នាក់ បញ្ជាក់​ថា មិន​មែន​ព្រោះ​តែ​នាង​ចង់​ទៅ​កាណាដា​ជាង ទើប​មិន​ទទួល​ការងារ​ខាង​ក្នុង​នោះ​ទេ ប៉ុន្តែ​ក៏​ព្រោះ​តែ​នាង​ឲ្យ​តម្លៃ​ទៅ​លើ​អាទិភាព​ការងារ​ជាង។

“ខ្ញុំ​ទទួល​ការងារ​ពី​ខាង​កាណាដា​មុន ដូច្នេះ​ហើយ វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ដែល​បាន​យល់​ព្រម​ទទួល​ការងារ​ពី​គេ​ហើយ។ ដូច្នេះ​ទោះ​បន្ថែម​តម្លៃ​លើស​កាណាដា​ថែម​ទៀត ក៏​ខ្ញុំ​មិន​ទទួល​ដែរ វា​ជា​សុជីវធម៌ និង​វិន័យ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ផង"។

បែប​នេះ តារា​ស្រី​ដដែល បញ្ជាក់​ថា នាង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​ខក​ខាន​ឱកាស​ការងារ​ក្នុង​ស្រុក​នោះ​ណាស់ ព្រោះ​ថា ថវិកា​ក្នុង​តួលេខ​ខាង​លើ មិន​មែន​ជា​ចំនួន​តិច​តួច​នោះ​ឡើយ ម្យ៉ាង​វា​ជា​ការងារ​យូរ​អង្វែង​របស់​នាង​ផង។ បើ​ទោះ​ជា​បាន​បោះបង់​គម្រោង​ទាំង​៣​ខាង​លើ ប៉ុន្តែ លក្ខិណា ប្រាប់​ថា នាង​ក៏​សល់​គម្រោង​ថត​ភាពយន្ត​មួយ​ក្នុង​ដៃ​ដែរ។ ត្បិត​ថា មិន​ទាន់​ដឹង​ថា ជា​រឿង​អ្វី ប៉ុន្តែ​នាង​ថា ការ​ចរចា​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ហើយ។

ដូច្នេះ បន្ទាប់​ពី​ត្រឡប់​មក​ពី​កាណាដា វិញ នាង​នឹង​ចាប់​ផ្ដើម​ថត​ភាពយន្ត​មួយ​នោះ​ភ្លាម​នៅ​អំឡុង​ដើម​ឆ្នាំ ២០១៩ ដូច​ដែល​បាន​ព្រមព្រៀង​គ្នា។ ឡាយ លក្ខិណា បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​កាល​ពី​ថ្ងៃ​ទី ២១ តុលា និង​បាន​ទៅ​ដល់​កាណាដា នា​ថ្ងៃ​បន្ទាប់។ នាង​មាន​បេសកកម្ម​ដល់​ទៅ​២ទី​នោះ ទី​១ ចេញ​សម្ដែង Show បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​និង​ទី២ គឺ​នាង​ត្រូវ​ថត​បទ​ចម្រៀង​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​ផង ដែល​មាន​ទាំង​ជា​ភាសា​ខ្មែរ និង​បារាំង។

រូបភាព៖ ហ្វេសប៊ុក លក្ខិណា

លក្ខិណា ប្រាប់​ទៀត​ថា នាង​នឹង​ត្រូវ​ចាប់​ដៃ​គ្នា​ជាមួយ នៅ ស៊ីនឿន ចេញ​សម្ដែង​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​កាណាដា នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី ០៣ ខែ​វិច្ឆិកា ពោល​គឺ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង។ ចប់​បេសកកម្ម​ដែល​មាន​រយៈ​ពេល​ជាង ៤​ខែ ឡាយ លក្ខិណា គ្រោង​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ដើម​កុម្ភៈ ២០១៩៕

អត្ថបទ៖ ទារិកា