សហព័ន្ធតេក្វាន់ដូ ITFប្រកាសបើកក្លឹបទី២១ជាផ្លូវការនៅជម្ពូវ័ន្ត
- 2018-11-01 07:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ ITFប្រកាសបើកក្លឹបទី២១ជាផ្លូវការនៅជម្ពូវ័ន្ត
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF បានប្រកាសបើកក្លឹបទី២១របស់ខ្លួន ជាផ្លូវការនៅក្នុងសាលាបឋមសិក្សាជម្ពូវ័ន្ត កាលពីព្រឹកមិញនេះក្រោមអធិបតីភាពឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ។
ក្នុងឱកាសពិធីបើកក្លឹបជាផ្លូវការ និងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នៅសាលាបឋមសិក្សាជំពូវ័ន្តឯកឧត្ដមខាងលើបានឲ្យដឹងថា ជារឿងល្អមែនទែន ដែលនាយកសាលាបានយល់ដឹងពីគុណតម្លៃនៃកីឡា។ ការបញ្ចូលប្រភេទកីឡាក្នុងសាលាបឋមសិក្សានេះ នឹងអាចធ្វើឲ្យកម្ពុជាសម្បូរធនធានកីឡាករនាពេលអនាគត។ លោកជឿថា តេក្វាន់ដូ ITF នឹងខ្លាំងមែនទែន នាពេលអនាគតបន្ទាប់បានបញ្ជ្រាបចូលនៅតាមសាលាបឋមសិក្សានានា ហើយលោកសង្ឃឹមថា កីឡាផ្សេងៗ នឹងអាចមានដូចប្រភេទកីឡារបស់ខ្លួន។
លោកបន្ថែមថា កម្ពុជា នឹងខ្លាំងគ្រប់កីឡា ប្រសិនបើអាចដាក់បញ្ចូលគ្រប់ប្រភេទកីឡានៅតាមសាលាបឋមសិក្សា ដែលចាប់បណ្ដុះពីក្មេងតូចៗទៅ។ ជាងនេះទៅទៀតការបង្កើតក្លឹបគុនក្នុងសាលាខាងលើ អាចជួយឲ្យកុមារកម្ពុជាដែលបានហ្វឹកហាត់មានវិន័យល្អ មានកាយសម្បទារឹងមាំ និងពិសេសចូលលេងកីឡាគឺអាចជៀសឆ្ងាយពីគ្រឿងញៀន។
ប្រមុខដឹកនាំកីឡាខាងលើសង្កត់ធ្ងន់ទៀតថា ក្រុមការងាររបស់លោកកំពុងសម្លឹងឃើញការបើកក្លឹបកីឡាគុនតេក្វាន់ដូមួយចំនួនទៀតនៅតាមសាលាផ្សេងៗ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់សម្រេចបាន ហើយរង់ចាំមើលសាលាទាំងនោះយល់ព្រមឬយ៉ាងណា។
សូមបញ្ជាក់ថា ក្លឹបតេក្វាន់ដូ ITF ជម្ពូវ័ន្តបានបង្កើតឡើងកាលក្រោយកីឡាករជាតិលើកទី២កន្លងទៅ ហើយបានបើកជាផ្លូវការកាលព្រឹកមិញនេះ៕