រឿងរ៉ាវគួរដឹងពី ស្ត្រីធ្វើការរោងចក្រ រហូតក្លាយជានាយិកាក្រុមហ៊ុនលំដាប់អន្តរជាតិ(វីដេអូ)

  • 2018-11-02 09:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី​ អាន សុធីតា ជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ​ មាន​បងប្រុស​២នាក់ មាន​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​ និង​ឪពុក​ជា​មន្ត្រី​រាជការ។ បើ​ទោះ​បី​កូន​អ្នក​ភ្នំពេញ​ ក៏​ពិត​មែន​ ប៉ុន្តែ​ជីវភាព​គ្រួសារ​មិន​ធូរធារ​​ដូច​អ្នក​ឯទៀត​ដែរ។ ​នៅ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ភ្លាម​ ​កូនស្រី​ពៅ​រូប​នេះ​ត្រូវ​ប្រញាប់​ប្រញាល់​រក​ការងារតាំងពីអាយុ១៧ឆ្នាំ ​ដើម្បី​ជួយ​ទប់​ចំណាយ​គ្រួសារ ហើយ​ការងារ​ដំបូង គឺ​បុគ្គលិក​ធ្វើការ​នៅ​រោងចក្រ​មួយ​កន្លែង។

​ការ​ខិតខំ​​ធ្វើការ​អស់​រយៈ​ពេល​ជិត​ ១០ឆ្នាំ ​ធីតា​មាន​បំណង​បន្ត​សិក្សា ​ពង្រឹង​ចំណេះដឹង​ និង​ពង្រីក​ជំនាញ​របស់​ខ្លួន​ លើអាជីព​គណនេយ្យករ​ ព្រោះ​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​គណិតវិទ្យា​។ ការ​ជ្រើស​រើស​ជំនាញ​​​ បុគ្គលិក​ឆ្នើម​រូប​នេះ​ ក៏​សម្រេច​ចិត្ត​សិក្សា​នៅ​វិទ្យាស្ថាន​ CamEd ដែលផ្ដល់គុណភាពសញ្ញាប័ត្រលំដាប់​អន្តរជាតិ​សម្រាប់គណនេយ្យករ ។

​ស្រប​ពេល​កំពុង​សិក្សា​ជំនាញ​ខ្លួន​ពេញ​ចិត្ត​​ ឱកាស​ការងារ​ថ្មី​ក៏បាន​មក​ដល់​ នៅ​ឆ្នាំ​២០១០ ​ធីតា​បាន​ចូល​បម្រើ​ការងារ​មាន​តួនាទី​ជា​គណនេយ្យករ​នៅ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ប្រចាំ​កម្ពុជា​ឈ្មោះ​ថា​ CBRE ដែល​ជា​ក្រុមហ៊ុន​ផ្ដោត​លើ​ការ​ប្រឹក្សាយោបល់ ​គ្រប់គ្រង វាយតម្លៃ និងភ្នាក់ងារ​ក្នុង​វិស័យ​​​អចលនទ្រព្យ​ ស្រប​ពេល​វិស័យ​មួយ​នេះ​ ចាប់​ផ្ដើម​កម្រើក​បន្តិច​ម្ដងៗ។

សហគ្រិន​ស្ត្រី​​វ័យ​ ៣៦ឆ្នាំ រូប​នេះ ​បាន​រៀបការ​តាំង​វ័យ​ ២១ឆ្នាំ ហើយ​សព្វថ្ងៃ​នេះ មាន​កូនចំនួន២នាក់។ បច្ចុប្បន្ន​ អ្នកស្រី​គឺ​នាយិកា​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន CBRE ជា​ក្រុមហ៊ុន​ឈាន​មុខ​មួយ​នៅ​កម្ពុជា។ ចង់​ដឹងរឿង​រ៉ាវ​តស៊ូ​របស់​សហគ្រិន​ស្ត្រី​ឆ្លងកាត់​ឧបសគ្គ​បែប​ណា សូម​ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម​នេះ៖​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត