នារី​ខ្មែរ​២​នាក់​បោះ​ជំហាន​ចូល​យក​សញ្ញាបត្រគ្រូ A-Lilences ដំបូង​នៅកម្ពុជា

  • 2018-11-13 04:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​​បង្វឹក​បាល់ទាត់​នារី​ខ្មែរ​២​នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​សញ្ញាបត្រ​កម្រិត​ A-License ​ដែល​នឹង​ចាប់​ផ្តើម​​រៀន​ពីរ​ដំណាក់​កាល​គឺ​ដំណាក់​កាល​ទី​១​ពី​ថ្ងៃ​ទី​​១៨​ ដល់​៣០​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ និង​ដំណាក់​កាល​ទី​២​ពី​ថ្ងៃ​ទី​១៥​ ដល់​ ២៧ ខែ​មីនា ឆ្នាំ​២០១៩។

ម៉ៅ សាវីន (រូបថត៖ សាវីន)

គ្រូ​បង្វឹក​បាល់ទាត់​នារី​ ម៉ៅ សាវិន​ មក​ពី​​អង្គការ​សលត៍​ខេត្ត​បាត់​ដំបង​ និង​ ឈឿន នីផា មក​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​សិក្ខាកាម​ទាំង​​២៤​នាក់​ដែល​​ត្រូវ​រៀន​វគ្គ​កម្រិត​ A-License កម្រិត​អាស៊ី។ មុន​ពេល​ឈាន​ចូល​កម្រិត​ A នេះ​ គ្រូ​បង្វឹក​នារី​ទាំង​ពីរ​នាក់​ ក៏​ដូច​ជា​គ្រូ​បុរស​​ក្នុង​បញ្ជី​ឈ្មោះ​រៀន​វគ្គ​នេះ​សុទ្ធ​តែ​មាន​សញ្ញាបត្រ​កម្រិត​ B-License រួច​ហើយ។

លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រាប់​ Sabay ថា រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​មិន​ទាន់​មាន​គ្រូ​បង្វឹក​បាល់ទាត់​ផ្នែក​នារី​កម្រិត​ A-License ឡើយ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​នារី​ឈាន​ចូល​រៀន​ដល់​កម្រិត​ A។ ប្រសិន​បើ​ស្ត្រី​ទាំង​ពីរ​បាន​បញ្ចប់​វគ្គ​សិក្ខា​ខាង​មុខ​បាន​ដោយ​ជោគជ័យ​គឺ​មាន​ន័យ​ថា ពួក​គេ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​នារី​ខ្មែរ​ដំបូង​​ដែល​មាន​សញ្ញាបត្រ​កម្រិត​ AFC A-License។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា សម្រាប់​វគ្គ​សិក្សា AFC A-License Certificate Coaching Couse នេះ​គឺ​បង្រៀន​ដោយ​គ្រូ​បង្វឹក​ជំនាញ​ដែល​ចាត់​បញ្ជូន​ឲ្យ​មក​​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC)។ ចំពោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​គ្រូ​បង្ហាត់​ដែល​អាច​បង្រៀន​​កម្រិត​ A​-License ឡើយ៕

បញ្ជីឈ្មោះ​រៀន​កម្រិត A-License

អត្ថបទ៖ ជាន ចាន់រ៉ា