តុងហ្គីលម៉ូដូ សុំឲ្យការផ្ដល់ប្រាក់រង្វាន់ ដល់ម្ចាស់មេដាយមាសពិភពលោកឆ្នាំនេះលឿនបន្តិច
- 2018-11-14 03:19:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុងហ្គីលម៉ូដូ សុំឲ្យការផ្ដល់ប្រាក់រង្វាន់ ដល់ម្ចាស់មេដាយមាសពិភពលោកឆ្នាំនេះលឿនបន្តិច
ចន្លោះមិនឃើញ
កីឡាការិនីជម្រើសជាតិកម្ពុជាតុងហ្គីលម៉ូដូ ហុង គឹមហ៊ួយ បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ពិភពលោកកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌាដែលមាន ១២ប្រទេសចូលរួម។
ទាក់ទងការឈ្នះមេដាយមាសនេះ ឈួន ចន្ថា គ្រូបង្វឹកឆ្នើមតុងហ្គីលម៉ូដូកម្ពុជាបានឲ្យដឹងថា កន្លងមកកីឡាករការិនីរូបនេះ ក៏ធ្លាប់ឈ្នះមេដាយប្រាក់កម្រិតអាស៊ីម្ដងរួចមកហើយកាលពីឆ្នាំ២០១៧ នៅប្រទេសថៃ។ រហូតមកដល់ពេលនេះមិនទាន់ទទួលបានការលើកទឹកចិត្តនៅឡើយទេ។ ខាងក្រសួងអប់រំ ឬថ្នាក់ដឹកនាំដែលពាក់ព័ន្ធបានប្រាប់មកលោកថា សូមបន្តឲ្យរង់ចាំព្រោះប្រភេទកីឡាមួយចំនួនក៏មិនទាន់ទទួលបានការលើកទឹកចិត្តដូចគ្នា។
ដោយសារហេតុផលខ្លាចយឺតយ៉ាវក្នុងការលើកទឹកចិត្តបែបនេះហើយទើបលោកបាននិយាយទាំងទឹកចិត្តអាណិតដល់កីឡាកររបស់ខ្លួនថា «សូមស្នើសុំទៅកាន់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធសូមមេត្តាអនុគ្រោះជួយសម្រួលផង។ បើសិនការលើកទឹកចិត្តយឺតយ៉ាវបែបនេះរហូតចឹង។ លោកព្រួយបារម្ភកីឡាករល្អមានសមត្ថភាពរត់ចោលអស់ ព្រោះគ្មានថវិកាហ្វឹកហាត់»។
ទាក់ទងសាមីខ្លួនម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៨ ហុង គឹមហួយ បានឲ្យដឹងថា ការទៅចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកឆ្នាំ២០១៨ ពិតជាមានផលវិបាកមែនទែន ទាំងការធ្វើដំណើរ និងការហូបចុកនានា។ កីឡាការិនីកំពុងរៀនថ្នាក់ទី១២រូបនេះពិតជាសប្បាយចិត្តជាមួយលទ្ធផលដែលទទួលបានក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ ហើយតាំងចិត្តថា និងបន្តប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យកម្ពុជាមានភាពរីកចម្រើន។
តុងហ្គីឡម៉ូដូជាប្រភេទកីឡាថ្មីមួយ ដែលបានបង្កើតឡើងនៅកម្ពុជាកាលឆ្នាំ២០០៧ និងបានចុះបញ្ជីទទួលស្គាល់កាលឆ្នាំ២០១៤។ សម្រាប់ការឈ្នះមេដាយមាសកម្រិតពិភពលោកលើកនេះជាលើកទី១ របស់កម្ពុជា ដោយបានយកឈ្នះកីឡាការិនីជប៉ុននៅវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុដាក់តែម្ដង ៨-០៕