លែង​បារម្ភច្រើន បើតាមការដ្ឋានសាងសង់ពង្រឹង ២ចំណុចនេះបានល្អ

  • 2018-11-15 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សាងសង់​ គឺ​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ខណៈ​គម្រោង​វិនិយោគ​ទាំង​តូច ទាំង​ធំ កំពុង​រីក​ចម្រើន ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

ម្ចាស់​ការដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ចាំ​បាច់​ត្រូវ​កំណត់​វិធាន​សំខាន់ ២យ៉ាង​ដើម្បី​ធានា​សុវត្ថិភាព និង​កាត់​បន្ថយ​គ្រោះថ្នាក់​ការងារ​សម្រាប់​កម្មករ និង​អ្នក​ឆ្លង​កាត់​តំបន់​មាន​​ការដ្ឋាន​សាងសង់​គ្រប់​ប្រភេទ។ នេះ​បើ​តាម​ប្រធាន​គណៈកម្មការ​ផ្នែក​សំណង់ នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប។

លោក Michel Cassagnes ប្រធាន​គណៈកម្មការ​ផ្នែក​សំណង់ និង​អចលនទ្រព្យ នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​ក្រុមហ៊ុន Archetype Cambodia បាន​មាន​ប្រសាសន៍​ថា ​ជា​ការ​ពិត ការដ្ឋាន​គឺ​ជា​កន្លែង​ងាយ​មាន​គ្រោះថ្នាក់​គ្រប់​ប្រភេទ ប្រសិន​បើ​មាន​ការ​ធ្វេស​ប្រហែស​ណា​មួយ។

លោក Michel Cassagnes (រូបកណ្តាល)

លោក​បន្ត​ថា សម្រាប់​ម្ចាស់​ការដ្ឋាន និង​កម្មករ​តាម​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ និង​កំណត់​វិធាន​សំខាន់​២នេះ ​​ដើម្បី​សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​អ្នក​ដំណើរ​ឆ្លង​កាត់​ផង​ដែរ។

១. បង្កើន​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក

ចំណុច​នេះ លោក​សំដៅ​ដល់​អាជ្ញាធរ គឺ​ត្រូវ​បង្កើន​​អ្នក​​ត្រួត​ពិនិត្យ​ជា​ប្រចាំ​តាម​ការដ្ឋាន​ទាំងអស់ និង​ធានា​សុវត្ថិភាព​ករណី​មាន​គ្រោះថ្នាក់ ពិសេស​ទីតាំង​សាងសង់ ដែល​នៅ​កៀក​ផ្លូវ និង​ទី​ប្រ​ជុំ​ជន។

លោក​បាន​លើក​បទពិសោធន៍​នៅ​តាម​ប្រទេស​នានា​នៅ​អឺរ៉ុប តាម​ការ​ដ្ឋាន គឺ​មាន​សមត្ថកិច្ច​ប្រចាំការ​ ដូចជា​នៅ​ប្រទេស​បារាំង​ គឺ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ច្បាស់​នៅ​តាម​ការដ្ឋាន​សាងសង់។ ករណី​ទីតាំង​មានដង​ស្ទូច​សម្ភារៈ​​នៅ​តាម​ការដ្ឋាន ដែល​ភាសា​បច្ចេកទេស​ហៅថា (Tower Crane) ដែល​វា​អាច​ងាយ​ដាច់​ ឬ​ធ្លាក់​ពេល​កំពុង​ធ្វើការ។

លោក​បន្ត​ថា ដូច្នេះ​ដើម្បី​ការពារ គឺ​គេ​មាន​អ្នក​ចាំ​បិទ​ផ្លូវ​មិន​ឲ្យ​មាន​អ្នក​ដំណើរ​​ឆ្លង​កាត់ ឬ​ឲ្យ​ប្រើប្រាស់​តែ​នៅ​ពេល​យប់​ៗ ដើម្បី​បន្ថយ​ការ​កក​ស្ទះ និង​ភ្ជាប់​​វត្ថុ​ដែល​មាន​ចំណាំង​ប្លាត​ច្បាស់​ៗ។

២. សម្ភារៈ​ត្រូវ​មាន​តាម​ការដ្ឋាន

ម្ចាស់​ការដ្ឋាន​ត្រូវ​ហ៊ាន​ចំណាយ​ទិញ​សម្ភារៈ​ប្រើប្រាស់​តាម​ការដ្ឋាន​ឲ្យ​គ្រប់​បុគ្គលិក​របស់​ខ្លួន។ លោក​បាន​ចែករំលែក​ថា​ តាមរយៈ​​បទពិសោធន៍​ផ្នែក​នេះ​ផង​ លោក​ទទួល​ស្គាល់​ថា ការងារ​តាម​​ការដ្ឋាន​សាងសង់​ គឺ​មាន​គ្រោះថ្នាក់​ច្រើន ដូចជា​ធ្លាក់​របស់​របរ ការ​រង​របួស​តូច ឬធំ​ត្រូវ​មនុស្ស ឬ​ឆក់​ខ្សែ​ភ្លើង​ បើ​ករណី​​ធ្ងន់ធ្ងរ​ដល់​ស្លាប់​ក៏​មាន។

ដូច្នេះ​ហើយ ដើម្បី​សុវត្ថិភាព​បុគ្គលិក​ការដ្ឋាន ជាពិសេស​កម្មករ ត្រូវ​មាន​សម្ភារៈ​គ្រប់គ្រាន់​ពេល​ធ្វើ​ការ​ ដូចជា​អាវ​មាន​ចំណាំង​ប្លាត មួក និង​ស្បែកជើង​សុវត្ថិភាព វ៉ែនតា​សុវត្ថិភាព កាស​ពាក់​ត្រចៀក​សុវត្ថិ​ភាព (សម្រាប់​អ្នក​ផ្សារ​ដែក) បំពង់​ពន្លត់​អគ្គីភ័យ​ជាដើម។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន ​មាន​ក្រុមហ៊ុន​សំណង់​របស់​អឺរ៉ុប​ និង​ខ្លះ​ក៏​មាន​ភាគ​ហ៊ុន​ជាមួយ​ខ្មែរ​ចំនួន​៣៥ កំពុង​មាន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំង​នោះ ក៏​បាន​​គិតគូរ​ពី​សុវត្ថិភាព​តាម​ការដ្ឋាន​ផង​ដែរ។

ការ​វិនិយោគ​ភាគ​​ច្រើន​លើ​ផ្នែក​វិស័យ​អចលនទ្រព្យ និង​ផ្នែក​ដទៃ​ទៀត។ នេះ​បើ​តាម​លោក Michel Cassagnes ប្រធាន​គណៈកម្មការ​ផ្នែក​សំណង់ និង​អចលនទ្រព្យ នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​ក្រុមហ៊ុន Archetype Cambodia។

អត្ថបទ៖ ពៅ រក្សា