៥ វិធី​អត់​អស់​លុយ ១រៀល បាត់​ស្អុយ​ជើង​ដូច​គេ​បេះ

  • 2018-11-16 02:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ជាតិ​ញើស ដោយ​ញើស​ទាំង​នោះ នឹង​ក្លាយ​ជា​ចំណី​របស់​ពពួក​បាក់តេរី ហើយ​ធ្វើ​ឲ្យ​កកើត​បាក់តេរី​កាន់​តែ​ច្រើន ដែល​វា​នឹង​តោង​ជាប់​ក្នុង​ស្រោម​ជើង ឬ​ស្បែក​ជើង​របស់​អ្នក បង្ក​ជា​ក្លិន​អាក្រក់​ត​មក​ជើង​របស់​អ្នក។

យើង​មិន​អាច​ហាម​ជើង​មិន​ឲ្យ​បែក​ញើស​បាន​ឡើយ ជា​ពិសេស​ក្នុង​តំបន់​ក្ដៅ​ហើយ​សើម​ដូច​នៅ​កម្ពុជា តែ​យើង​មាន​វិធី​មួយ​ចំនួន​ដែល​មិន​ចំណាយ​លុយ​មួយ​កាក់​មួយ​សេន ហើយ​អាច​ជួយ​បំបាត់​ក្លិន​ជើង​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

១. គួរ​មាន​ស្បែក​ជើង ២ គូ៖ ពាក់​ស្បែក​ជើង​ដដែលៗ​រាល់​ថ្ងៃ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជើង​កាន់​តែ​ស្អុយ​ខ្លាំង​ដោយ​សារ​ស្បែក​ជើង​មិន​មាន​ពេល​ស្ងួត​គ្រប់គ្រាន់ ហើយ​អ្នក​យក​ទៅ​ពាក់​ទៀត ធ្វើ​ឲ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន។ គួរ​ពាក់​ស្បែក​ជើង​ឆ្លាស់​គ្នា​ម្ដង​មួយ​ថ្ងៃ ជាជាង​ពាក់​ដដែលៗ​ជាប់​គ្នា​រាល់​ថ្ងៃ។

២. ស្រោម​ជើង៖ ស្រោម​ជើង​ដែល​សើម​តិចៗ​ទៅ​ដោយ​ជាតិ​ញើស​នេះ ជា​កន្លែង​ដែល​ពពួក​បាក់តេរី​ផ្ដុំ​គ្នា​រស់នៅ​ច្រើន។ ដូចនេះ​អ្នក​ក៏​គូរ​តែ​ប្ដូរ​ស្រោម​ជើង​រាល់​ថ្ងៃ។ ហើយ​បើ​អាច​គួរ​តែ​ពាក់​ជា​ប្រភេទ​ក្រណាត់​កាតុង ជា​ជាង​ក្រណាត់​នីឡុង។

៣. សម្អាត​ជើង៖ អ្នក​ខ្លះ​គិត​ថា គ្រាន់​តែ​ងូត​ទឹក​ធម្មតា ក៏​អាច​សម្អាត​ជើង កម្ចាត់​បាក់តេរី ឬ​ក្លិន​អាក្រក់​បាន​ដែរ។ តែ​មិន​ពិត​ទេ ដោយ​អ្នក​ត្រូវ​សម្អាត​វា​ដោយ​ប្រើ​ច្រាស់​មក​ដុស​សម្អាត ជា​ពិសេស​ត្រង់​ម្រាម​ជើង ហើយ​ប្រើ​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី ដែល​អាច​សួរ​រក​បាន​នៅ​តាម​ហ្វាម៉ាស៊ី។

៤. ជូត៖ លាង​ស្អាត​ហើយ តែ​ក៏​ជូត​មិន​បាន​ស្ងួត​ល្អ បាក់តេរី​ក៏​នៅ​តែ​ងាយ​តោង​ឡើង​ដដែល។ វិធី​ល្អ​គឺ សម្អាត​ហើយ ជូត​ឲ្យ​ស្ងួត ជា​ពិសេស​តាម​គន្លាក់​ម្រាម​ជើង រួច​សឹម​ដើរ​ចេញ។

៥. សម្អាត​ក្រចក៖ ក្រចក​ក៏​ជា​បណ្ដុំ​បាក់តេរី និង​ក្លិន​មិន​ល្អ​ដែរ ដូចនេះ​ត្រូវ​សម្អាត​វា​ជា​ប្រចាំ ដោយ​ត្រូវ​ចង​ចាំ​ថា ក្រចក​ត្រូវ​តែ​ខ្លី និង​ស្អាត៕

អត្ថបទ៖ វិទូ