ប្រវត្តិ​ខ្សែ​ជីវិត​បិតា​ចា​ប៉ី​​ដង​វែង ​លោក​តា​​ប្រាជ្ញ ឈួន វីរៈ​សិល្បករ​ល្បី​ល្បាញ​ពេញ​ប្រទេស​

  • 2018-11-17 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​មរណ​ភាព​របស់​ព្រឹទ្ធ​ភិរម្យ​វោហា​សាស្រ្ត​ ប្រាជ្ញ​ ឈួន​  បាន​ធ្វើ​ឲ្យ​​​អ្នក​ក្នុង​វិស័យ​សិល្បៈ​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង។ ​លោក ​ជា​ធន​ជា​មនុស្ស​ដ៏​កម្រ​របស់​កម្ពុជា​ ​ផ្នែក​សិល្បៈ​បុរាណ​ខ្មែរ ​ដោយ​បាន​បន្សល់​ស្នាដៃ​ និង​កិត្តិនាម​យ៉ាង​ច្រើន ​ក្នុង​គ្រា​មាន​ជីវិត​។

​Sabay ​សូម​លើក​យក​ប្រវត្តិ​ត្រួស​ៗ​របស់​បិតា​ចាប៊ី​ដង​វែង​លោក​តា ​ប្រាជ្ញ ​ឈួន ​បង្ហាញ​ដល់​ទស្សនិកជន៖

​ស្ថាន​ភាព​គ្រួសារ ៖

លោក កើត​នៅ​ឆ្នាំ ១៩៣៦ ​ក្នុង​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ​ ​ក្នុង​គ្រួសារ​កសិករ។ ​លោក​ មាន​កូន​ប្រុស​ស្រី​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​៣​នាក់​រស់​នៅ​ជា​មួយ​លោក។ ​ប៉ុន្តែ​​លោក ​​តា ប្រាជ្ញ ឈួន ​មិន​បាន​បង្រៀន​ចាប៉ី​ដល់​កូន​ៗ​ឲ្យ​បន្ត​តំណែង​ឡើយ ​។ អ្នក​ចម្រៀង​ចាប៉ី​​ល្បី​ល្បាញ​រូប​នេះ ​​ពិការ​ភ្នែក​ទាំង​សង​ខាង តាំង​ពី​អាយុ​៥​ឆ្នាំ ​ដោយសារ​រោគ​កញ្ជ្រឹល​។​​​

​ប្រវត្តិ​​​តស៊ូ ​និង​ដើម​​ចម​ក្លាយ​ជា​អ្នក​លេង​ចាប៉ី ៖

​​​លោក​មាន​ចំណូល​ចិត្ត​ផ្នែក​លេង​ចាប៉ី​ដង​វែង​តាំង​ពី​កុមារ​ភាព ​ខុស​ពី​បង​ប្រុស​ទាំង​៤​ បាន​ក្លាយ​ជា​​ទាហាន ​និង​បង​ស្រី​ម្នាក់​ទៀត​ ​ធ្វើ​ស្រែ​ចម្ការ។ នៅ​អាយុ​៩​ឆ្នាំ ឪពុក​មារ​របស់​លោក​ឈ្មោះ ​ប៉ែត ​ឌុប ​ហៅ​​ចង្កូម​ប្រាំ​បី ​បាន​បង្ហាត់​បង្រៀន​ជំនាញ​​នេះ ព្រម​ទាំង​បង្រៀន​បាលី ​ចម្រៀង កំណាព្យ ​និង​រឿង​និទាន​អក្សរសិល្ប៍​ផ្សេងៗ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​កាន់​តែ​ពូ​កែ​វោហា​ស័ព្ទ ​និង​ចេះ​​ដឹង​ផ្នែក​អក្សរ​សាស្ត្រ​បាន​ច្រើន។ ​​​​​​​​​​

​​ចម្រៀង​របស់​លោក​​ ច្រើន​រៀប​រាប់​ពី​ច្បាប់​ស្រី ​ច្បាប់​ក្រម​ង៉ុយ ​​មាន​ជា​កំប្លែង​ខ្លះ ​ហើយ​ភាគ​ច្រើន​​បង្កប់​ន័យ​​អប់រំ។ លើស​ពី​នេះ ​លោក​​​អាច​​តែង​បទ​ចម្រៀង​ ច្រៀង​ភ្លាម​ៗ​ ស្រប​ពេល​កំពុង​លេង​ចាប៉ី ​ហើយ​ឃ្លា​ឃ្លោង​វិញ ​មាន​ចំណាប់​ជួន​ល្អ​ណាស់។​

​នៅ​ឆ្នាំ​ ១៩​៦២ ​លោក​បាន​ចូល​ការ​ប្រលង​ប្រជែង​​ជ្រើស​រើស​អ្នក​ចេះ​ដឹង​ ផ្នែក​ចាប៉ី​ដង​វែង ​របស់​វិទ្យុ​ជាតិ ​ដោយ​ទទួល​ចំណាត់​ថ្នាក់​លេខ១ ​។ ក្រោយ​មក ​កេរ្តិ៍​ឈ្មោះ​លោក ចាប់​ផ្ដើម​ល្បី​ល្បាញ​ពេញ​ប្រទេស ​ ដោយ​លោក​​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​​ក្រៅ​ប្រទេស​ដូច​ជា ​អាមេរិក បារាំង សិង្ហបុរី​ជា​ដើម។ ​​ ​​​

ស្ថាន​ភាព​បច្ចុប្បន្ន ៖

ព្រឹទ្ធ​ភិរម្យ​វោហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន​ បាន​ទទួល​មរណភាព​ ​នៅ​វេលា​ម៉ោង១៖៣០​រំលង​អាធ្រាត្រ ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ដោយ​រោគា​ពាធ ក្នុង​ព្រះ​ជន្ម៨២​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ មុន​អនិច្ចកម្ម លោក​តែង​មាន​ជំ​ងឺ​ប្រចាំ​កាយ ​ខ្សោយ​អស់​កម្លាំង ​និង​ពិសា​បាយ​មិន​សូវ​បាន​នោះ​ទេ។ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ មក​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨។

សព​របស់​ព្រឹទ្ធាចារ្យ​​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន ត្រូវ​បាន​ដឹក​ពី​មន្ទីរពេទ្យ​មក​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ក្នុង​សាលា​ធម្មសភា ​វត្ត​បទុម​វតី​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ៕

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី