សុខ ធី​ប្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​ចាញ់​ Lerdsila លើក​ទីពីរ​

  • 2018-11-17 22:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​កម្ពុជា​ សុខ ធី​បាន​បរាជ័យ​ម្ដង​ទៀត​ក្នុង​ប្រកួត​សង​សឹក​ទល់​នឹង​ ខ្លា​ចាស់​ថៃ​ Lerdsila នៅ​ សង្វៀន​ One Championship កាល​ពី​យប់​មិញ។

ក្រោយ​បរាជ័យ​ជា​លើក​ទី​ពីរ​ ​កីឡាករ​វ័យ​២០​ឆ្នាំ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ធ្វើ​មិន​សូវ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ​ ពិសេស​ការ​ភ្លាត់​ដួល​នៅ​ទឹកទី​៣​ ដែល​ជា​ទឹក​ចុង​ក្រោយ។​

លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ​ក៏​និយាយ​ដូចគ្នា​ដែរ​ថា​ បើ​មិន​ភ្លាត់​ទឹកទី​៣​ទេ​ សុខ ធី​អាច​មាន​សង្ឃឹម​ឈ្នះ​ព្រោះ​២​ទឹក​កន្លង​មក​រូប​គេ​ធ្វើ​បាន​​ល្អ។​​ ម្ចាស់​ក្លឹប​ Cambodia Top Team ដដែល​បន្ត​ថា​ ទោះ​ចាញ់​លើក​នេះ​ក្ដី​ក៏​លោក​គ្រូ​នឹង​បន្ត​ជ្រោមជ្រែង​ឲ្យ​ សុខ​ ធី​បាន​វាយ​នៅ​ One Championship បន្ត​ទៀត​នៅ​ថ្ងៃ​មុខ។

ចំពោះ​មូលហេតុ​ចម្បង​ដែល​ផ្ដល់​ការ​លំបាក​ខ្លាំង​ដល់​សុខ ធី​គឺ​បញ្ហា​សង្វៀន​តែ​ម្ដង។ សាមី​ខ្លួន​បញ្ជាក់​ថា​សង្វៀន​ដាក់​ទ្រុង​របស់​ MMA មាន​ទំហំ​ធំ​ជាង​សង្វៀន​ប្រដាល់សេរី​ ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​ដើរ​ចូល​ទៅ​វាយ​ ស្រប​ពេល​កីឡាករ​ថៃ​ដែល​ពូកែ​ជើង​នោះ​ព្យាយាម​ថយ​ជានិច្ច​ដើម្បី​ទាត់​។​

ដោយសារ​វា​​គឺ​ជា​លើក​ទី​មួយ​របស់​ សុខ ធី​ក្នុង​ការ​វាយ​លើ​សង្វៀន​ទ្រុង​បែប​នេះ​ទើប​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ច្រើន​ ដូច្នេះ​រូប​គេ​ក៏​ដូច​ជា​លោក​គ្រូ​បង្វឹក​ សុំ​ការ​អភ័យទោស​ និង​យោគយល់​ពី​អ្នកគាំទ្រ​កម្ពុជា​ និង​សន្យា​ហ្វឹកហាត់​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត៕ ​

អត្ថបទ៖ វីរ័ត្ន