ចង់ឲ្យខ្លួនឯងរីកចម្រើនមិនឈប់ឈរ ៩ ចំណុចសាមញ្ញៗនេះត្រូវធ្វើឲ្យបាន
- 2018-11-20 02:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យខ្លួនឯងរីកចម្រើនមិនឈប់ឈរ ៩ ចំណុចសាមញ្ញៗនេះត្រូវធ្វើឲ្យបាន
ចន្លោះមិនឃើញ
ការអភិវឌ្ឍខ្លួនឯង មិនចាំបាច់ទាល់តែត្រូវធ្វើឲ្យមានការផ្លាស់ប្តូរធំដុំអីនោះទេ តាមពិតទៅ វាអាចជាការកែលម្អទម្លាប់តូចៗប្រចាំថ្ងៃមួយចំនួនដែលមិនទាន់ល្អបន្ថែមពីលើអ្វីដែលអ្នកមានល្អស្រាប់។ យ៉ាងណាមិញអ្វីដែលអ្នកត្រូវការបំផុតនោះ គឺ ភាពជាក់លាក់, ការប្ដេជ្ញាចិត្ត និងភាពឆ្លាតវៃ។ ព្រោះថារាល់ការផ្លាស់ប្តូរ នេះ អាចលំបាកតែពេលដំបូងប៉ុណ្ណោះ បើអ្នកអាចសម្រេចជោគជ័យលើជំហានដំបូងនេះ វានឹងក្លាយជាកម្លាំងជំរុញអ្នកឲ្យសម្រេចបានកាន់តែច្រើន កាន់តែធំ។
តោះ! មកមើលតិចនិក ៩ សាមញ្ញងាយៗ ដែលអាចអនុវត្តតាមបានដើម្បីធ្វើឲ្យខ្លួនឯងមានការរីកចម្រើន ទាំងរបៀបគិត និងការរស់នៅ ដូចខាងក្រោម ៖
១. ចេះរៀបចំខ្លួនឲ្យមានរបៀបរៀបរយគាប់ភ្នែកគេឯង៖ ចំណុចនេះមិនផ្តោតលើកការតុបតែង ឬស្លៀកពាក់ស្អាតៗ ឆើតឆាយទាក់ភ្នែកនោះទេ តែវាជាការរៀបចំខ្លួនឲ្យសមសួន មានរបៀប ដើម្បីឆ្លុះបញ្ជាំងពីភាពថ្លៃថ្នូរ មត់ចត់ និងទម្លាប់រស់នៅល្អរបស់អ្នក។
២. បន្ថែមភាពឧស្សាហ៍ព្យាយាម ៖ មានឆន្ទះប្រឹងប្រែងធ្វើការ មិនខ្លាចភាពនឿយហត់ មិនខ្ជិលច្រអូស ចង់សម្រេចការងារបានដោយលទ្ធផលល្អពិតប្រាកដ គឺមិនមែនប្រភេទ ធ្វើលំៗឲ្យតែរួចពីដៃនោះទេ។
៣. រៀនមិនចេះឈប់ ៖ មានន័យថាបន្តស្វែងរកចំណេះដឹងថ្មីៗ មិនឈប់ឈរ នឹងជួយឲ្យអ្នកកាន់តែមានជំនឿចិត្តលើខ្លួនឯង និងមិនខ្លាច ឬបារម្ភពេលត្រូវជួបមនុស្សថ្មីឡើយ។ មនុស្សដែលបន្តរីកចម្រើនជាប្រចាំ ត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ទទួលយកអ្វីថ្មី។
៤. ចាយពេលវេលាឲ្យមានប្រយោជន៍ ៖ នេះមិនមែនមានន័យថាត្រូវតែធ្វើការរហូតនោះទេ អ្នកក៏ត្រូវចេះរកពេលវេលាផ្ទាល់ខ្លួន ធ្វើកិច្ចការមួយចំនួនដែលខ្លួនចង់ធ្វើដែរ។ ជីវិតទាមទារតុល្យភាព រវាងជីវិតផ្ទាល់ខ្លួន និងការងារ និងត្រូវចេះដកឃ្លាពេលនឿយហត់ ។
៥. ទម្លាប់ខ្លួនឯងឲ្យមានវិន័យ ៖ ជីវិតពោរពេញដោយរឿងស្មានមិនដល់។ បើអ្នកចង់រៀបចំជីវិតប្រចាំថ្ងៃឲ្យបានល្អ ឈានទៅរកភាពជោគជ័យពិតប្រាកដ ទម្លាប់ល្អ និងវិន័យត្រូវមានដាច់ខាត។ អ្នកត្រូវបង្កើតទម្លាប់នោះឲ្យទៅជាគោលការណ៍ផ្ទាល់ខ្លួន ធ្វើវាឲ្យជាក់លាក់ ដូចជាត្រូវភ្ញាក់ឲ្យលឿនទៀងទាត់ ទៅធ្វើការទៀងម៉ោងជាដើម។ ធ្វើបែបនេះបានរាល់ថ្ងៃ គ្រប់គ្នាជុំវិញខ្លួនអ្នកច្បាស់ជាទប់មិនសរសើរអ្នកមិនបានឡើយ។
៦. ចេះសម្របខ្លួននឹងកាលៈទេសៈ ៖ ទទួលយកការពិត ជាជាងការគិតច្រើនជ្រុល មនុស្សយើងតែងមានពេលវេលាដែលជួបទុក្ខលំបាកបំផុត ឧទាហរណ៍ដូចជា ស្រាប់តែបាត់បង់ការងារ ឬបែកបាក់ស្នេហា។ ជាជាងការបណ្តោយខ្លួនឲ្យលង់ជ្រៅទៅក្នុងវិបត្តត្រាំត្រែង អ្នកគួរតែព្យាយាមសម្របខ្លួននឹងស្ថានការពិត ប្រាប់ខ្លួនឯងថានេះជាមេរៀនជីវិត ដែលអ្នកត្រូវចងចាំ និងកុំឲ្យកើតឡើងជាលើកទី២។
៧.មានភាពចាស់ទុំក្នុងការបង្ហាញអារម្មណ៍ខ្លួនឯង ៖ ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន មិនថាសប្បាយ ឬកើតទុក្ខឡើយ ត្រូវដឹងថាគួរបង្ហាញវាកម្រិតណា អ្វីដែលអ្នកគួរអោបក្រសោប និង អ្វីដែលអ្នកគួរតែប្រលែងចោល។
៨. គួរមានតែមិត្តភក្កល្អនៅចាំ ប្រឹក្សារយោបល់ ៖ ម្នាក់ឯងច្បាស់ជាពិបាកមើលឃើញកំហុសឆ្គងខ្លួនឯងណាស់ ពេលខ្លះអ្នកអាចជួបទុក្ខលំបាក គិតអ្វីមិនចេញ មានមិត្តភក្តល្អយល់ចិត្តយ៉ាងហោចណាស់ម្នាក់នៅក្បែរ ចាំដោះដូរយោបល់អាចជួយកាត់បន្ថយសម្ពាជ និងជួយឲ្យអ្នកអាច រីកចម្រើនឆាប់រហ័ស។ តែត្រូវរាប់មិត្តដែលល្អ យល់ការ និងចេះជួយគ្នាធុរៈគ្នា ទៅវិញទៅមកពិតប្រាកដ មិនមែនគ្រាន់តែជួបគ្នាពេលមានរឿងសប្បាយនោះទេ។
៩. ហាត់ប្រាណ ៖ ដើម្បីធ្វើឲ្យជីវិតអ្នកស្រស់ថ្លា អ្នកត្រូវធ្វើឲ្យបាន ហាត់ប្រាណជាប្រចាំ ដើម្បី ឲ្យសុខភាពល្អ ដូច្នេះខួរក្បាល និងការគិតរបស់អ្នក ក៏ស្រស់ថ្លាល្អទៅតាមនោះដែរ៕