ជំទាវវ័យក្មេង មិថុនា ភូថង៖ ការងារដែលគេមិនទាន់ទទួលស្គាល់ យើងត្រូវធ្វើឲ្យអស់ពីសមត្ថភាព
- 2018-11-26 07:07:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំទាវវ័យក្មេង មិថុនា ភូថង៖ ការងារដែលគេមិនទាន់ទទួលស្គាល់ យើងត្រូវធ្វើឲ្យអស់ពីសមត្ថភាព
ចន្លោះមិនឃើញ
លោកជំទាវ មិថុនា ភូថង គឺជាស្ត្រីដំបូងគេ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តកោះកុង កាលពីឆ្នាំទៅ ជាអភិបាលខេត្តវ័យក្មេងជាងគេមួយរូប ក្នុងចំណោមអភិបាលរាជធានី -ខេត្ត ទាំង២៥ ។ និយាយពីបទពិសោធន៍ការងារក្នុងជួររាជរដ្ឋាភិបាល លោកជំទាវវ័យ៣៨ឆ្នាំរូបនេះ ក៏នៅខ្ចី ត្បិតអីលោកជំទាវមានពូជពង្សល្អតាំងពីជីតាមកម្ល៉េះ ជាចៅស្រីរបស់លោក សាយ ភូថង បុគ្គលជ្រោមជ្រែងគណបក្សប្រជាជនខ្លាំងនៅសម័យកម្ពុជាប្រជាមានិត។
ងាកមកកិច្ចការរដ្ឋបាលនៃការគ្រប់គ្រងខេត្តកោះកុង លោកជំទាវហាក់ស្វាហាប់ខ្លាំងក្នុងការជំរុញដល់ការអភិវឌ្ឍដែនដីរបស់ខ្លួន មិនចាញ់ខេត្តឯទៀត។ ក្នុងនោះនាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ថ្នាក់ដឹកនាំខេត្តក្រសួងទេសចរណ៍ និងក្រសួងសាធារណការ បានប្រឹងប្រែងដាក់ផែនការ ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រ ដែលរំពឹងថា នឹងប្រមូលបានទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករក្នុងខេត្តភាគនិរតីមួយនេះ។
ការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០១៨ ជាកិច្ចការសំខាន់ដែលជំទាវវ័យក្មេងកំពុងប្រឹងប្រែងយ៉ាងខ្នះខ្នែង ខណៈពេលវេលាក៏រំកិលខិតជិតមកដល់។ ក្នុងនាមតំណាងឲ្យយុវជនខេត្តកោះកុង ថ្លែងប្រាប់ Sabay ក្នុងមហាសន្និបាតខួបទី៤០ឆ្នាំនៃសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៦ វិច្ឆិកា ថា៖ «ការងារមួយដែលមិនទាន់មានគេទទួលស្គាល់ តែអ្វីទាំងនោះ ជាអ្វីដែលយើងខិតខំប្រឹងប្រែង បំពេញកន្លែងខ្វះចន្លោះ និងសិក្សាបន្ថែមនូវអ្វីដែលគេមិនទាន់ទទួលស្គាល់សមត្ថភាពរបស់យើង » ។
ក្នុងដំណែងជាអ្នកដឹកនាំទាំងមានវ័យក្មេង ជាមេរៀនពិសេសបំផុតសម្រាប់លោកជំទាវ បើទោះបីបទពិសោធតិចមិនច្រើនក្ដី ជំទាវមាឌតូច សម្បុរស្រអែមបានគូសបញ្ជាក់ថា៖ «អ្វីដែលពិបាកមែនទែននោះ គឺការពន្យល់ នៅពេលដែលយើងចង់ឲ្យអ្នកដទៃយល់។ ប៉ុន្តែពេលខ្លះការយល់ដឹងផ្សេងគ្នា ក៏ធ្វើឲ្យសកម្មភាពរួបរួមគ្នានោះមិនបានសម្រេច ហេតុដូច្នេះ អ្វីដែលយើងធ្វើបាន គឺការឈ្មុសឈ្មុលចូលរួមក្នុងសង្គមមួយៗ ពោលគឺយើងចង់ឲ្យគេ(យុវជន) រួមគ្នាធ្វើអ្វីដើម្បីសង្គម» ។
«កម្លាំងយុវជនសំខាន់ខ្លាំងណាស់ជាកម្លាំងពេញវ័យ ជាកម្លាំងធនធានមនុស្សដែលកំពុងមានសមត្ថភាពក្នុងការអភិវឌ្ឍ និងចូលរួម ដើម្បីបំពេញគ្រប់ការងារ និងជំនាញនានា តាមរយៈការខិតខំសិក្សា និងជ្រើសរើសជំនាញខ្លួនស្រឡាញ់ » ។ នេះជាសារដ៏ខ្លីតែខ្លឹម ពីជំទាវវ័យក្មេងខាងលើ។
សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានចាប់ផ្ដើមមានតែ២០ជាងនាក់ រហូតសព្វថ្ងៃកើនដល់ ៦០០នាក់។ ត្បិតតែនៅក្មេង ហើយសមិទ្ធផលមិនទាន់ធំដុំ ប៉ុន្តែលោកជំទាវនឹងប្ដេជ្ញា ពង្រីកការអភិវឌ្ឍខេត្តកោះកុងនេះ ឲ្យមានសក្ដានុពលលើផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីតម្កើងមុខមាត់ខេត្តកោះកុង ជាតារារះនាទិសនិរតី៕