ស្ងាត់​ៗ មាស សាលី ជ្រើស​បាន​តារា​ចម្រៀង​វ័យ​ក្មេង​ម្នាក់ មាន​សំឡេង​ធ្ងន់ ខ្ពស់ ពីរោះ!

  • 2018-11-28 03:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស សាលី ក្នុងនាម​ជា​គណៈកម្មការ ទើប​បាន​តារា​ចម្រៀង​ជើង​ថ្មី​ម្នាក់ ដែល​លោក​អះអាង​ថា មាន​ទឹក​ដម​សំឡេង​ខ្ពស់ ធ្ងន់​ពីរោះ ក្នុង​ចំណោម​បេក្ខជន​ប្រឡង​រាប់​រយ​នាក់។

យុវជន​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា មាន​ឈ្មោះ និត សីហា អាយុ ២១​ឆ្នាំ មក​ពី​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់។ សីហា ជាប់​ជយលាភី​លេខ​១ ក្នុង​ការ​​ប្រឡង​ជ្រើសរើស​តារា​ចម្រៀង​របស់​ផលិតកម្ម Green Moon ដែល​ទើប​នឹង​បើក​ដំណើរ​ការ​ថ្មី។ ឆ្លង​កាត់​ការ​ប្រឡង​ប្រជែង​ជា​ច្រើន​វគ្គ ក្នុង​ចំណោម​បេក្ខជន​ជាង ២០០​នាក់ យុវជន​មក​ពី​ខេត្ត​ពោធិ៍សាត់ បាន​មក​ដល់​វគ្គ ៨នាក់​ចុង​ក្រោយ និង​បាន​វាយ​ផ្ដាច់​យក​ឈ្នះ​បេក្ខជន​៧​នាក់​ផ្សេង​ទៀត យក​ចំណាត់​លេខ១។

គណៈកម្មការ មាស សាលី បញ្ជាក់​ថា សីហា មាន​ចំណុច​ល្អ ក៏​ដូច​ជា​អំណោយ​ផល​ជា​ច្រើន។ "បាទ គាត់​មាន​រូប​រាង​ស្អាត​បាត សាក​សម​ជា​តារា សំខាន់​ជាង​នេះ គាត់​មាន​សមត្ថភាព​ចម្រៀង​ល្អ ទឹក​ដម​សំឡេង​ល្អ ធ្ងន់ ខ្ពស់ ដែល​អាច​ច្រៀង​បទ​មាន​តុង​ខ្ពស់​ៗ​បាន​ល្អ។ មួយ​ទៀត គាត់​នៅ​វ័យ​ក្មេង អាច​មាន​ពេល​ដុះ​ខាត​សមត្ថភាព​បាន​ច្រើន​ទៀត អីចឹង​ហើយ​ទើប​ខ្ញុំ​ជ្រើសរើស​យក​គាត់​ជា​ជយលាភី"។

និត សីហា ទទួល​បាន​ពាន​ចំនួន​​១ បូក​រួម​នឹង​ប្រាក់​រង្វាន់​មួយ​ចំនួន​ទៀត ព្រម​ទាំង​ក្លាយ​ជា​តារា​ចម្រៀង​ផលិតកម្ម Green Moon ដែល​ត្រៀម​ខ្លួន​ប្រឡូក​ពេញ​ទំហឹង​ក្នុង​ទីផ្សារ​សិល្បៈ​តន្ត្រី​របស់​កម្ពុជា។ ដោយ​ឡែក​បេក្ខភាព​៧នាក់​ចុង​ក្រោយ​ផ្សេង​ទៀត ក៏​នឹង​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ថ្មី​ថ្មោង​មួយ​នេះ​ដែរ គ្រាន់​តែ​មិន​ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់​ដូច​ជយលាភី​លេខ១ និត សីហា។ នេះ​បើ​តាម​គណៈកម្មការ មាស សាលី។

មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​ថា ផលិតកម្ម Green Moon ដែល​ចាងហ្វាង ត្រូវ​បាន មាស សាលី អះអាង​ថា​ប្អូន​របស់​លោក​នោះ ត្រៀម​នឹង​ចេញ​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ​ថា បទ​ចម្រៀង​វាយ​លុក​ទីផ្សារ​នឹង​ចេញ​មិន​យូរ បន្ទាប់​រើស​បាន​តារា​ចម្រៀង​សព្វ​គ្រប់​រួច​នេះ៕

តោះ...ស្ដាប់​ទឹក​ដម​សំឡេង​តារា​ចម្រៀង​មក​ពី​ពោធិ៍សាត់​ទាំង​អស់​គ្នា ពីរោះ​ប៉ុណ្ណា?

អត្ថបទ៖ ទារិកា