សិស្ស-និស្សិត មួយ​ក្រុម​ជួបជុំ​គ្នា រំលឹក​អតីតកាល​កម្សត់​អំឡុង​ពេល​រៀន​សូត្រ​ស្ទើរ​បោះបង់​ចោល​ការ​សិក្សា

  • 2018-12-02 07:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស-និស្សិត​ ក្រីក្រ​មួយ​ក្រុម​បាន​មក​ជួប​ជុំ​គ្នា​នៅ​សាលា USA international school ត្រើយ​ខាង​កើត​ស្ពាន​ច្បារ​អំពៅ ដើម្បី​រំលឹក​រឿងរ៉ាវ​កម្សត់​មួយ​ចំនួន​ដែល​ធ្លាប់​ឆ្លង​កាត់​ស្ទើរ​បោះបង់​ចោល​ការ​សិក្សា​ព្រោះ​តែ​ជីវភាព​ខ្វះខាត។ ប៉ុន្តែ​ក្រោយ​ពី​ការ​ប្រឹងប្រែង​ព្យាយាម​រៀន​សូត្រ និង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មូលនិធិ​អាមេរិក​កាំង-កម្ពុជា សម្រាប់​ការ​អប់រំ​ ដែល​ហៅ​កាត់​ថា (CAFFE) បាន​ធ្វើ​ឲ្យ​ពួកគេ​ខ្លះ​រៀន​ចប់​ជំនាញ និង ខ្លះ​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា ហើយ​មាន​ការងារ​ធ្វើ​ល្អៗ គ្រាន់​ចិញ្ចឹម​ជីវិត​​មក​ដល់​ពេល​សព្វថ្ងៃ​នេះ។

អតីត​និស្សិត​នៅ​សាកល​វិទ្យាល័យ បៀលប្រាយ​ម្នាក់​ក្នុង​ចំណោម​សិស្ស និស្សិត​ជិត ២០នាក់ ដែល​បាន​មក​ជួប​ជុំ​គ្នា កាល​ពី​ថ្ងៃ​ទី ១ វិច្ឆិកា អ្នក​នាង ណុប ច័ន្ថា បាន​រំលឹក​រឿង​រ៉ាវ​​ថា ដោយសារ​ជីវភាព​ក្រីក្រ​ស្ទើរ​បោះបង់​ចោល​ការ​សិក្សា​ទៅ​ហើយ ​ប៉ុន្តែ​បាន​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ទើប​ផ្លាស់ប្ដូរ​ពី​ការ​សិក្សា​នៅ​ខេត្ត​កំពត មក​បន្ត​រៀន​ថ្នាក់​ទី ១០ និង ១១ នៅ​វិទ្យាល័យ​អង្គរ​ជុំ ខេត្ត​សៀមរាប។ យ៉ាងណា​ក៏ដោយ​ជំនួយ​មាន​រយៈពេល​ត្រឹមតែ​២ឆ្នាំ មិន​អាច​ធ្វើ​ឲ្យ​ការ​សិក្សា​រៀន​ចប់​ចុង​ចប់​ដើម​ឡើយ គឺ​​ក្រោយ​មក​បាន​ការ​ឧបត្ថម្ភ​​ពី​មូល​និធិ CAFFEE) ទើប​ជួយ​ឲ្យ​​ការ​សិក្សា​រហូត​ដល់​ចប់​ថ្នាក់​វិទ្យាល័យ និង​បាន​បញ្ចប់​ថ្នាក់​សិក្សា​នៅ​សាកល​វិទ្យាល័យ បៀលប្រាយ ដោយ​ជោគជ័យ​នៅ​អំឡុង​ឆ្នាំ ២០១៤។ ការ​ផ្ដល់​នូវ​ចំណេះ​ដឹង​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ក្ដី​បំណង​ខ្លួន​ឯង ពី​ការ​រក​ប្រាក់​រៀន​មិន​ចង់​បាន​ ឥលូវ​មាន​សេដ្ឋកិច្ច​ឯករាជ្យ​អាច​មាន​លទ្ធភាព​ចាយ​វាយ​បាន​គ្រប់គ្រាន់ និង​ សល់​ប្រាក់​ខ្លះ​ជួយ​ផ្គត់ផ្គង់​អ្នក​ផ្ទះ ក្រោយ​ពី​បាន​រៀន​ចប់​និង​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ។

កញ្ញា ជា សុជី រៀន​ជំនាញ​នៅ​សាលា​ឯកជន​មួយ​ បាន​រៀបរាប់​ដែរ​ថា គ្មាន​សង្ឃឹម​ឡើយ​ថា​អាច​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ព្រោះ​ជីវភាព​ក្រីក្រ។ ក្រីក្រ សុជី ដែល​ជា​កូន​កំព្រា រស់​នៅ​ជាមួយ​ជីដូន​តាំងពី​នៅ​តូច បាន​​ចិញ្ចឹម​មាន់​លក់​យក​ប្រាក់​​ទៅ​រៀន​តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ និយាយ​ទាំង​អួល​ដើមក លាយឡំ​ដោយ​កែវ​​ភ្នែក​រលីងរលោង​ផង​នោះ សុជី បាន​រៀបរាប់​ថា នៅ​អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ នាង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ទិញ​អាហារ និង​គ្មាន​លុយ​ទិញ​សម្ភារៈ​ប្រើប្រាស់​​នោះ​ទេ ម៉្លោះ​ហើយ​នាង​បាន​​ឆ្លៀត​​រក​ប្រាក់​ តាម​រយៈ​​មើល​កង់​នៅ​សាលា ​ដូរ​យក​បាយ​មួយ​ពេល រហូត​រៀន​ចប់​នៅ​វិទ្យាល័យ។ ប៉ុន្តែ​ការ​រៀន​សូត្រ​នៅ​តែ​មិន​អាច​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​បាន​ឡើយ ទើប​ក្រោយ​មក​នាង​​ទទួល​បាន​មូលនិធិ CAFFE ជួយ​ឧបត្ថម្ភ​រៀន​នៅ​សាលា​ជំនាញ ទើប​ចប់​បាន​ការងារ​ធ្វើ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ​នេះ។

ស្ដាប់​ការរៀបរាប់​របស់​ប្អូន​ស្រី ជា សុជី

អ្នកស្រី សុង លីសា​ រស់​នៅ​ខេត្ត​សៀមរាប បច្ចុប្បន្ន​មាន​កូន​មួយ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ អំឡុង​ឆ្នាំ ២០១៤ បាន​រំលឹក​អតីតកាល​ដ៏​លំបាក​ដែរ​ថា អ្នកស្រី គ្មាន​លទ្ធភាព​រៀន​នោះ​ឡើយ​ ហើយ​ស្ទើរ​តែ​រក​អាហារ​ ៣ពេល​ មិន​បាន​ផង ដោយ​ជួន​កាល​ដើរ​បេះ​ត្រកួន​​​តាម​របង​សាលា យក​មក​ឆា​ជាមួយ​មី​ញុំា នៅ​អំឡុង​ពេល​រៀន​វិទ្យាល័យ​។ និយាយ​បណ្ដើរ​ស្រក់​ទឹក​ភ្នែក​បណ្ដើរ សីលា សម្ដែង​អារម្មណ៍​ថា ស្ទើរ​តែ​គ្មាន​សង្ឃឹម​ឡើយ​ថា​បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ ប៉ុន្តែ​បាន​មូលនិធិ​ CAFFEE បាន​ជួយ​ឲ្យ​រៀន​ចប់​សាកល​វិទ្យាល័យ​បៀលប្រាយ ហើយ​សព្វថ្ងៃ​បាន​ការងារ​ធ្វើ​នៅ​មន្ទីរ​កិច្ចការ​នារី​ខេត្ត។

នេះជា​ការ​រៀបរាប់​របស់​ អ្នកស្រី សុង លីសា

ក្រៅពី​សិស្ស-និស្សិត ​ដែលបាន​រៀបរាប់​អំពី​ទុក្ខលំបាក​ខាង​លើ​ អតីតសិស្ស​-និស្សិត​ មួយ​ចំនួន​ក៏បាន​រៀបរាប់​ស្រដៀង​គ្នា​ដែរ​ថា ដោយ​សារ​តែ​ស្ថានភាព​ក្រីក្រ ឪពុក ម្ដាយ ខ្លះ​បាន​ចំណាក​ស្រុក​ចេញ​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ថៃ និង​ខ្លះ​ត្រូវ​លក់​ដី-ស្រែ ដើម្បី​ឲ្យ​កូន​បាន​សិក្សា ប៉ុន្ដែ​ការ​ជួយ​របស់​អាណាព្យាបាល​បាន​ត្រឹម​តែ​អនុវិទ្យាល័យ និង វិទ្យាល័យ​ប៉ុណ្ណោះ ម៉្លោះ​ហើយ​ទើប​​បាន​មូលនិធិ​ CAFFE បាន​ជួយ​ឧបត្ថម្ភ​ជា​កម្លាំង​ចិត្ត និង ប្រាក់​ឧបត្ថម្ភ​ខ្លះៗ រហូត​ដល់​រៀន​ចប់​ជំនាញ​ឯកទេស និង ថ្នាក់​ឧត្ដម​សិក្សា។

មូលនិធិ​អាមេរិក​កាំង-កម្ពុជា សម្រាប់​ការ​អប់រំ​ ដែល​ហៅ​កាត់​ថា (CAFFE) បាន​បង្កើត​​ឡើង​នៅ​អំឡុង​ឆ្នាំ​ ២០០៩ ដោយ​លោក ម៉សល ឃីម ដែល​ជា​កូន​ខ្មែរ រស់​នៅ​អាមេរិក។

លោក ម៉សល​ ឃីម ប្រធាន​មូលនិធិ​ Cambodia American for Eduation

លោក ម៉សល ឃីម ប្រធាន​មូលនិធិ​ កម្ពុជា​-អាមេរិក សម្រាប់​ការ​អប់រំ ហៅកាត់ CAFFE បាន​ប្រាប់ Sabay ថា នៅ​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឪពុក-ម្ដាយ របស់​លោក ត្រូវ​បាន​ពុលពត​សម្លាប់​អស់ ហើយ​នៅ​អំឡុង​ឆ្នាំ ១៩៨២ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​ ទៅ​រស់​នៅ​អាមេរិក។ នៅ​ពេល​មាន​លទ្ធភាព ហើយ​នៅ​ពេល​បាន​មក​ដល់​ស្រុក​ខ្មែរ ឃើញ​ថា ប្រជាជន​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​ជីវភាព​ ហើយ​ឈាន​ទៅ​បោះបង់​ចោល​ការ​សិក្សា ទើប​លោក​សម្រេច​ចិត្ត​បង្កើត​មូលនិធិ និង​កៀរគរ​ថវិកា​ ពី​បងប្អូន​នៅ​អាមេរិក ដើម្បី​ជួយ​សិស្ស​ និស្សិត​ក្រីក្រ នៅ​កម្ពុជា។

មូលនិធិ​ ដែល​បាន​ចាប់​ផ្ដើម​អស់​រយៈពេល​ប្រមាណ​ជា​ ១០​ឆ្នាំ​មក​នេះ ដោយ​បាន​ជួយ​សិស្ស និស្សិត​ក្រីក្រ ប្រមាណ​ជា​ជិត ៣០​នាក់​មក​ហើយ​មក​ទល់​នឹង​ឥលូវ។ ក្រៅ​ពី​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​សិស្ស និស្សិត​ក្រីក្រ មូល​និធិ ក៏​បាន​ជួយ​ជា​សម្ភារៈ​ដល់​សិស្ស ក៏ដូចជា សាលា​ខ្វះ​ខាត​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ។

លោក ម៉សល ឃីម ពេល​សំណេះសំណាល ជាមួយសិស្ស និស្សិត ដែល​បាន​ទទួល​មូលនិធី​របស់​ខ្លួន

លោក ម៉សល ឃីម បាន​មាន​ប្រសាសន៍​ថា ការ​មក​ដល់​ស្រុក​ខ្មែរ​លើក​នេះ គឺ​ចង់​ជួប​សិស្ស និស្សិត​ដែល​ធ្លាប់​ទទួល​មូលនិធិ​ថា តើ​ពួកគេ​បាន​អភិវឌ្ឍ​កម្រិត​ណា ហើយ​តើ​ពួកគេ​នៅ​ចង់​បាន​អ្វី​ទៀត តើ​មូលនិធិ​អាច​ជួយ​អ្វី​ខ្លះ​ដល់​អ្នក​ផ្សេង​ទៀត។ លោក ឃីម ជនជាតិ​ខ្មែរ​ រស់​នៅ​អាមេរិក​ បាន​លើក​ឡើង​ថា "ទោះ​ជា​ខ្ញុំ​នៅ​ឆ្ងាយ​រាប់ពាន់ ម៉ឺន​​គីឡូម៉ែត្រ​ក៏ដោយ​ ក៏​ខ្ញុំ​ភ្លេច​ខ្មែរ ហើយ​ទឹក​ចិត្ត​របស់​មនុស្ស​បើ​ចង់​ជួយ​ទោះ​ឆ្ងាយ​យ៉ាង​ណា​​ក៏​អាច​ជួយ​បាន​ដែរ ជាក់​ស្ដែង​មូលនិធិ​នេះ គឺ​ចង់​ជួយ​ពួកគេ​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ តាមរយៈ​ផ្ដល់​ចំណេះ ជំនាញ ជា​បំណិន​ជីវិត​ទៅ​ថ្ងៃ​អនាគត"៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី