ក្បាច់គុនផ្លាស់ប្តូរ ឯម សុវណ្ណារី ឲ្យឈប់ខ្មាសអៀន

  • 2018-12-04 03:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ខ្មែរ-​អាមេរិក​រូប​នេះ ​រាល់​ពេល​ត្រូវ​ចូល​ក្នុង​ទ្រុង​ម្ដង​ៗ​ គាត់​តែង​តែ​បង្ហាញ​ពី​ភាព​ស្វាហាប់​ និង​មាន​ភាព​ជឿជាក់​ខ្លាំង។​ ប្រសិន​បើ​លោក​អ្នក​បាន​មើល​កីឡា​ការិនី​ ONE Championship ​ឯម​ សុវណ្ណារី​ ពេល​ហ្វឹកហាត់​ និង​ឡើង​ប្រកួត​ម្ដង​ៗ​ យើង​មិន​នឹក​ស្មានថា​គាត់​ចេះ​ភ័យខ្លាច​ និង​មាន​ការ​ខ្មាស​អៀន​ខ្លាំង​ពី​មុន​ឡើយ។​

ថ្វី​បើ​កីឡា​ការិនី​វ័យ​ ២៦ឆ្នាំង​រូប​នេះ​ មើល​ទៅ​មាន​ភាព​ជឿជាក់​ខ្លាំង​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​ដៃគូ​ អ៊ុយក្រែន​នេះ​មែន​ ប៉ុន្តែ​រាល់​ពេល​ដែល​នាង​ត្រូវ​ចូល​ក្នុង​សង្វៀន​ប្រកួត​ អ្វី​ដែល​នាង​ពិបាក​គ្រប់គ្រង​ជាង​គេ​នោះ​ គឺ​ស្មារតី​នឹងធឹង​តែ​ម្ដង​។​ នាង​សារភាព​ថា៖​ «ក្បាច់​គុន​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​ខ្ញុំ​ មក​ពី​ជា​ធម្មតា​ខ្ញុំ​អៀន​ច្រើន​ ហើយ​មិន​ចូលចិត្ត​ប្រឈម​មុខ​ជាមួយ​នរណា​ម្នាក់​ទេ​ និយាយ​ទៅ​ ខ្ញុំ​មិន​សូវ​ហ៊ាន​តែ​ម្ដង។​ ប៉ុន្តែ​ពេល​គេ​ឲ្យ​ឡើង​សង្វៀន​ ឬ​ក្នុង​ទ្រុង​ម្ដង​ៗ​ ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឲ្យ​សម្រុក​ចូល​ដែរ»។​

ការ​តាំង​ចិត្ត​ជម្នះ​លើ​ខ្លួន​ឯង​របស់​ សុវណ្ណារី​ ត្រួសត្រាយ​ផ្លូវ​ក្នុង​អាជីព​ជា​អ្នកប្រដាល់​របស់​ខ្លួន​រហូត​ដល់​បាន​ជោគជ័យ​ក្នុង​វិស័យ​ក្បាច់គុន​ធំ​ជាងគេ​នៅ​អាស៊ី​ ដែល​នាង​ រួម​ជា​មួយ​កីឡាករ​ល្បីល្បាញ​ម្នាក់​ទៀត​របស់​កម្ពុជា​ ចាន់​ រតនា​ នឹង​ត្រូវ​ឡើង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ។​

រស់នៅ​ជិត​កូនស្រី​របស់​សង្សារ​នាង ​រឹតតែ​ជួយ​ឲ្យ​នាង​បាន​យល់​កាន់​តែ​ច្បាស់​ពី​ភាព​វិជ្ជមាន​នៃ​ក្បាច់គុន​ដែល​ជួយ​ជា​គ្រឹះ​សំខាន់​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ មិន​ប្រកាន់​អាយុ​ឡើយ។​ ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ល្អ​ៗ​ ថ្មីៗ​នេះ​ នាង​បាន​ចាប់​ដៃ​ជាមួយ​ជើង​ខ្លាំង​ខាង​គុន​ចម្រុះ​ Yves​ Edwards​ ដែល​ពីរ​នាក់​គាត់​បាន​សរសេរ​បោះពុម្ព​ផ្សាយ​សៀវភៅ​សម្រាប់​ក្មេងៗ​ ដែល​ជា​មេរៀន​គ្រឹះ​ដ៏​មាន​តម្លៃ។​ កីឡា​ការិនី​រូប​នេះ​ មាន​បំណង​មក​ផ្សារភ្ជាប់​ឡើង​វិញ​ក្នុង​នាម​ជា​ឈាម​ខ្មែរ​មួយ​រូប​ ហើយ​ក៏​ចង់​ចែក​រំលែក​បទពិសោធន៍​ផង​ដែរ​ ថា​ក្បាច់គុន​បាន​ជំរុញ​នាង​ឲ្យ​ឈប់​ភ័យខ្លាច​ និង​ខ្មាស​អៀន​បាន។​

សូម​បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ ឯម​ សុវណ្ណារី​ របស់​កម្ពុជា​នឹង​ត្រូវ​ប្រកួត​គុន​ចម្រុះ​ MMA​ ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ អ៊ុយក្រែន​ Iryna “Delsa” Kyselova លើ​ប្រភេទ​ទម្ងន់​ ៦១គីឡូ​ ក្នុង​កម្មវិធី​ធំ​លំដាប់​អន្តរជាតិ ONE: DESTINY OF CHAMPIONS ឯ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី ​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ២០១៨៕​

អត្ថបទ៖​ Matias Andres​