ស្រី​ស្អាត បេប៊ី បញ្ជាក់​ថា នាង​មានបញ្ហាផ្ទាល់​ខ្លួន​ ទើប​ប្រកាស​លក់​ផ្ទះ​បន្ទាន់​

  • 2018-12-05 03:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​មិញ​នេះ ស្រី​ស្អាត បេប៊ី បាន​ប្រកាស​ប្រាប់​គេ​ឯង​ថា នាង​ត្រូវ​ការ​លក់​ផ្ទះ​បន្ទាន់ ដែល​នោះ​ជា​ផ្ទះ​របស់​នាង​ផ្ទាល់​ខ្លួន​តែ​ម្ដង ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់។

ផ្ទះ​ដែល​កញ្ញា បេប៊ី ប្រកាស​លក់​នោះ​ជា​ប្រភេទ​ផ្ទះ​ល្វែង E0 ដែល​មាន​ទី​តាំង​នៅ​ពោធិចិនតុង យ៉ាង​ណា​នាង​មិន​បាន​បញ្ជាក់​អំពី​ទីតាំង​ច្បាស់​លាស់​នោះ​ទេ។ តារា​ស្រី​បញ្ជាក់​ថា នាង​សម្រេច​ដាក់​លក់​ផ្ទះ​ខាង​លើ ក្នុង​តម្លៃ​ជាង ៧ម៉ឺន​ដុល្លារ​អាមេរិក។ អ្នក​គាំទ្រ​ខ្លះ​កើត​មាន​ក្ដី​ងឿង​ឆ្ងល់ តើ​មាន​រឿង​រហូត​ដល់​បេប៊ី​ប្រកាស​លក់​ផ្ទះ​យ៉ាង​ដូច្នេះ។

ជុំវិញ​បញ្ហា​នេះ ស្រី​ស្រស់ បាន​បញ្ជាក់​ថា ព័ត៌មាន​ដែល​ប្រិយមិត្ត​ឃើញ​លើ​បណ្ដាញ​សង្គម​របស់​នាង​នោះ គឺ​ជា​ការ​ពិត គឺ​នាង​ពិត​ជា​ត្រូវ​ការ​លក់​ផ្ទះ​បន្ទាន់​ពិត​មែន ហើយ​ផ្ទះ​នោះ​ជា​របស់​នាង​ផ្ទាល់។ ចំពោះ​ហេតុផល បេប៊ី បញ្ជាក់​ថា ក៏​ព្រោះ​តែ​នាង​ធុរៈ​ចាំ​បាច់​មួយ​ចំនួន។ យ៉ាង​ណា នាង​បាន​បដិសេធ ក្នុង​ការ​អធិប្បាយ​លម្អិត​ពី​បញ្ហា​នេះ។

នាង​លើក​ឡើង​ថា៖ "អឹម...ខ្ញុំ​អាច​និយាយ​បាន​ត្រឹម​តែ​ថា ខ្ញុំ​មាន​ធុរៈ​ណា​បង ប៉ុន្តែ​ខ្ញុំ​អត់​អាច​និយាយ​អី​ច្រើន​ជាង​ហ្នឹង​ទេ ព្រោះ​វា​ជា​រឿង​ដែល​អត់​អាច​និយាយ​បាន ដឹង​ត្រឹម​ថា​ខ្ញុំ​មាន​ធុរៈ​ចឹង​ណា​បង!”។

ជុំ រចនា​ពេជ្រ ហៅ បេប៊ី គឺ​ជា​ស្រី​ស្អាត​មួយ​រូប​ក្នុង​សង្គម​សិល្បៈ ក្រៅ​ពី​មាន​រូប​ឆោម​លោមពណ៌​ល្អ​ឆើត​ហើយ នាង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រស់​ក្នុង​ភាព​ស៊ីវីល័យ​ទៀត​ផង ដោយ​មាន​ទាំង​រថយន្ត​ទំនើប​ៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ធ្វើ​ជា​យាន​ផង ក្នុង​នោះ នាង​មាន​រថយន្ត​ឡិចស៊ី ៣៣០ ជិះ​តាំង​ពី​មាន​មុខ​ក្នុង​សិល្បៈ​ដំបូង​ៗ​ម្ល៉េះ ឯ​របស់​ប្រើ​ប្រាស់​ផ្សេង​ៗ​របស់​នាង ក៏​សុទ្ធ​ជា​របស់​ប្រភេទ Brand ដែរ។

មក​ដល់​បច្ចុប្បន្ន គេ​ឃើញ​នាង​បាន​ប្ដូរ​មក​ជិះ​ទំនើប​ជាង​មុន តម្លៃ​ក៏​កប់​ជាង​មុន​ដែរ​ហើយ គឺ​រថយន្ត​ឡង់គ្រីស័រ​ស៊េរី​ថ្មី​តម្លៃ​ជិត ១០ម៉ឺន​ដុល្លារ​ឯណោះ។ ក្រៅ​ពី​នេះ នាង​ក៏​ធ្លាប់​ប្រាប់​សារព័ត៌មាន​ដែរ​ថា នាង​មាន​ដី​ច្រើន​ហិកតា​ទៀត​នៅ​ខេត្ត​បាត់ដំបង។ ដូច្នេះ​ហើយ ប្រិយ​មិត្ត​នាង នៅ​មិន​ទាន់​ជឿ​ជាក់​ថា នាង​មាន​ធុរៈ​ចាំ​បាច់​ត្រូវ​បង្ខំ​ចិត្ត​លក់​ផ្ទះ​ដូច្នេះ​នោះ​ឡើយ ហើយ​ពួក​គេ​បាន​ដេញដោល​ពី​បញ្ហា​នេះ។

ជាក់​ស្ដែង​គណនី​ហ្វេសប៊ុក​មួយ​រូប បាន​សួរ​ចំ​ៗ​ថា តើ​នាង​លក់​ផ្ទះ​ចាស់​នេះ ដើម្បី​ទៅ​ផ្ទះ​ថ្មី​ឬ​យ៉ាង​ណា? ផ្ទុយ​ពី​ការ​បញ្ជាក់​មក​កាន់ Sabayបេប៊ី បាន​ផ្ដល់​ចម្លើយ​វិជ្ជមាន​តប​ទៅ​សំណួរ​របស់​អ្នក​គាំទ្រ​រូប​នោះ។ នាង​ឆ្លើយ​ថា "ចាស​ពិត​មែន​ហើយ"។ យ៉ាង​នេះ​ក្ដី នាង​មិន​បាន​បរិយាយ​វែង​ឆ្ងាយ​ពី​បញ្ហា​ផ្ទះ​ថ្មី​នោះ​ឡើយ។

កញ្ញា បេប៊ី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ MYTV ហើយ​ជា​តារាចម្រៀង និង តារា​សម្ដែង​វ័យ​ក្មេង​សិចស៊ី​មួយ​រូប។ នាង​បាន​ ធ្វើ​អោយ​មាន​ការ​ទាក់​ទាញ​បំផុត​ពី​ប្រិយមិត្ត​អ្នកទស្សនា​ជា​ពិសេស ក្បាច់​រាំ ឥឡូវ​នេះ​កញ្ញា កំពុង​តែ​មាន​ការ​ទទួល​កម្មវិធី​តន្ត្រី​ជា​ច្រើន៕

អត្ថបទ៖ ទារិកា