អបអរ​សាទរ! ក្រុមហ៊ុន​ខ្មែរ​មួយ​ឈ្នះ​ពាន​រង្វាន់​អចលនទ្រព្យ​លំដាប់​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​អង់គ្លេស

  • 2018-12-05 08:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនប៉េង ហួត គ្រុប​ បាន​ឈ្នះ "ពាន​រង្វាន់​អភិវឌ្ឍន៍​សេវាកម្ម​សាធារណៈ​ល្អ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក" សម្រាប់​គម្រោង​ សាល​សន្និបាត យូរ៉វីល / Best Public Service Development Asia Pacific for Euroville Convention Hall"។ ការ​ប្រកាស​ពាន​រង្វាន់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​អចល​ទ្រព្យ​អន្ដរជាតិ រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ The Savoy Hotel នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ ២០១៨។

កម្មវិធី​ខាង​លើ​នេះ មាន​ការ​ចូលរួម​ពី​ម្ចាស់​ជយលាភី​តំបន់​ប្រទេស និង តំបន់​ទូទាំង​ពិភពលោក​ពី កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អ៊ឺរ៉ុប តំបន់​អាមេរិក តំបន់​អាហ្វ្រិក តំបន់​អារ៉ាប​ និង​ពី​ចក្រ​ភព​​អង់គ្លេស ហើយ​ក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាង​ជយលាភី​ពី​ប្រទេស​កម្ពុជា និង តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ទទួល​បាន​ពាន​រង្វាន់​ខាង​លើ។

លោក​ឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន មានប្រសាសន៍​ ពី​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ថា៖ "នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​បាន​ធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា​និង​ស្លាក​យីហោ ក្រុមហ៊ុន បង្ហាញ​ខ្លួន លើ​វេទិកា​អន្តរជាតិ នៅ​កណ្ដាល​ទី​ក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស។ នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ដែល ក្រុមហ៊ុន ប៉េង ហួត គ្រុប យើង​ទទួល​បាន​ពាន​រង្វាន់​អ្នក​អភិវឌ្ឍ​សេវាកម្ម​សាធារណៈ ដែល​ល្អ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​ការ​ចូលរួម​ពី​បណ្ដាល​ប្រទេស​នានា ពី​៥​ទ្វីប​លើ​ពិភពលោក"។

លោក​ឧកញ៉ា បាន​បន្ថែម​ទៀត​ថា "នេះ​ជា​សមិទ្ធផល​នៃ​ការ​ខិតខំ​របស់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន ប៉េង ហួត គ្រុប​យើង​ដែល​បាន​សាមគ្គី​គ្នា​សម្រេច​ចក្ខុ​វិស័យ​របស់​ក្រុមហ៊ុន ដើម្បី​ឈាន​មុខ​គេ​ទាំង​គុណភាព សោភ័ណភាព សេវាកម្ម ល្អ​ជាង​គេ ដូច្នេះ​ខ្ញុំ​តំណាង​ឲ្យ ក្រុមហ៊ុន សូម​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​ទាំងអស់​នឹង​សូម​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់​ខិតខំ​បន្ថែម​ទៀត​ដើម្បី​សម្រេច​គោលដៅ​ក្រុមហ៊ុន​ឈាន​ទៅ​ទទួល​ពាន​លំដាប់​ពិភព​លោក​បន្ត​ទៀត។ ជា​ចុង​ក្រោយ ក្រុមហ៊ុន​សូម​ថ្លែង​អំណរគុណ​ផង​ដែរ​ដល់​អតិថិជន​ដែល​បន្ត​ផ្ដល់​ទំនុក​ចិត្ត និង​គាំទ្រ​ក្រុមហ៊ុន​យើង​ខ្ញុំ​កន្លង​មក។"

ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន International Property Media ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស តែងតែ​រៀបចំ​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​អចលន​ទ្រព្យ​អន្តរជាតិ​តាម​តំបន់​នីមួយៗ ដូចជា អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក អារ៉ាប់ អាមេរិក អឺរ៉ុប និង​ចក្រ​ភព​អង់គ្លេស​ ដើម្បី​ជ្រើសរើស​រក​ក្រុមហ៊ុន​ដែល​ល្អ​ជាង​គេ​មក​ប្រកួត​ប្រជែង​ដើម្បី​សម្រិតសម្រាំង​រក​ម្ចាស់​ជយលាភី​ចុង​ក្រោយ​ប្រចាំ​តំបន់​នីមួយៗ និង​ពិភព​លោក។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​មក​នេះ ក្រុម​ហ៊ុន ប៉េង ហួត គ្រុប ទទួល​បាន​ពាន​រង្វាន់​លំដាប់​ផ្កាយ​ប្រាំ ចំនួន ០៣ និង​ពាន​រង្វាន់​ផ្សេងៗ សរុប​១៣​ពាន​រង្វាន់​ពី​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ The Marriott Marquis Queen's Park នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏​បាន​ទទួល​ជ័យ​លាភី ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ជាង​គេ​ប្រចាំ​ប្រទេស​កម្ពុជា​ចំនួន ០៣​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ ពី​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនProperty Guru ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី