មកស្គាល់តារាចម្រៀងស្រី Original Song វ័យក្មេងលេចធ្លោក្នុងវិស័យសិល្បៈចម្រៀង

  • 2018-12-28 04:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay បានបង្ហាញវត្តមានសិល្បករចម្រៀង Original Song ទោល លក្ខណៈបុរសម្តងហើយ។ ម្តងនេះ យើងសូមលើកយកវត្តមានតារាចម្រៀងស្រីស្អាត សំឡេងពីរោះ ថែមទាំងជាតារាចម្រៀងទោល ដែលមានស្នាដៃតែងនិពន្ធ និងផលិតបទចម្រៀង Original Song ព្រោះតែក្តីស្រលាញ់ និងមានគោលបំណងបង្កើតស្នាដៃថ្មីដែលមិនចម្លងពីគេ៖

អត្ថបទ៖ មកស្គាល់តារាចម្រៀង Original Song ដែលបង្កើតស្នាដៃរហូតជោគជ័យដល់បច្ចុប្បន្ន

កញ្ញា ចិត្ត កញ្ចនា

១. **កញ្ញា ចិត្ត កញ្ចនា** សិល្បករចម្រៀង Original Song ដែលថ្មីៗនេះទើបតែចេញអាល់ប៊ុមទោល ចំណងជើងថា Sweet Nightmare ហើយបទចម្រៀងដែលមានការគាំទ្រខ្លាំងចុងឆ្នាំ ២០១៨ របស់កញ្ញាមានចំណងជើងថា «Missing You» និង MV ថ្មីចំណងជើង «ក្រោកឈរ»។

កញ្ញា Nikki Nikki

២. កញ្ញា Nikki Nikki ជាតារាចម្រៀង Original Song ម្នាក់ដែលកសាងស្នាដៃតែងនិពន្ធបទចម្រៀងជាភាសាអង់គ្លេស ដោយសារទេពកោសល្យសម្លេងជាភាសាបរទេសបានល្អ តែកញ្ញាផ្ទាល់ក៏អាចច្រៀងចម្រៀងជាភាសាខ្មែរបានល្អ និងពីរោះដែរ។ កាលដើមឡើយកញ្ញា Nikki Nikki ជាអ្នកចម្រៀង Cover ហើយបន្តស្វែងរកភាពខ្លាំងរបស់ខ្លួន រួចក្លាយជាអ្នកចម្រៀងទោលល្បីម្នាក់ តាមរយៈបទចម្រៀង «Home For Dinner» និងបទថ្មីៗ មួយចំនួនទៀតដែលវីដេអូទាំងនោះបានជាប់ក្នុង Vevo Youtube ទៀតផង។

កញ្ញា រិទ្ធី លំអរកេសរ

៣. កញ្ញា រិទ្ធី លំអរកេសរ ហៅ Yuko ជាតារាចម្រៀង Original Song ពីក្រុមចម្រៀង Small World Small Band ដែលកញ្ញាធ្លាប់មានបទចម្រៀងទាំងទោល និងជាលក្ខណៈក្រុមដែលនិពន្ធដោយផ្ទាល់ និងរួមនិពន្ធក្នុងក្រុម។ បទចម្រៀងរបស់​កញ្ញា Yuko ដែលមានការស្រលាញ់ពេញចិត្តពីយុវវ័យច្រើន ព្រោះតែអត្ថន័យលើកទឹកចិត្តមានចំណងជើងថា «បានទេ» ក្នុង អាល់ប៊ុម ២ គុណ ៥ ឆ្នាំ ២០១៧។

កញ្ញា រុន ស៊ីរ៉ា

៤. កញ្ញា រុន ស៊ីរ៉ា តារាចម្រៀងមានប្រជាប្រិយព្រោះសំឡេងធម្មជាតិ ដោយច្នៃភាពខ្សោយរបស់ខ្លួនឱ្យក្លាយជាភាពទាក់ទាញ។ ចម្រៀងរបស់កញ្ញា ស៊ីរ៉ា ដែលនាំរូបនាងឱ្យមានការទទួលស្គាល់មានចំណងជើងថា «ហេតុអ្វីជាខ្ញុំដែលយំម្នាក់ឯង?»។

កញ្ញា Autumn Allen

៥. កញ្ញា Autumn Allen សិល្បករវ័យក្មេងជាងគេ តែកញ្ញាបានកសាងភាពល្បីល្បាញដោយសមត្ថភាពច្រៀងជាភាសាបរទេស ដោយសារជាកូនខ្មែរកាត់អាមេរិកស្រាប់ផង។ ឆ្លងកាត់ការបណ្ដុះបណ្ដាលផ្នែកចម្រៀង និងចូលរួមសម្ដែងចម្រៀងជាច្រើនមក Allen បានបង្កើតបទ Original Song របស់ខ្លួន និងនាំឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយបទនោះមានចំណងជាភាសាអង់គ្លេសថា «Beautiful Scar»។

ក្រៅពីតារាចម្រៀងដែល Sabay លើកមកបង្ហាញខាងលើក៏មានតារាចម្រៀងស្រីខ្មែរ ចម្រៀងចំរៀង Original Song ឬបទចម្រៀងមិនចម្លងពីគេ ព្រមទាំងកសាងស្នាដៃតែងនិពន្ធរបស់ខ្លួនជាបណ្តើរៗ ដែលយើងនឹងលើកយកមកបង្ហាញក្នុងអត្ថបទក្រោយៗទៀត៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម