Essential ត្រៀមចេញ Smartphone មួយទៀត ទោះ Essential Phone បរាជ័យ

  • 2018-12-30 08:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Essential របស់សហស្ថាបនិកប្រព័ន្ធប្រតិបត្តិការ Android លោក Andy Rubin បានប្រកាសពិការឈប់ផលិតបន្តនៃត្រកូលស្មាតហ្វូនដំបូងរបស់ខ្លួន Essential Phone ហើយ ដោយសារតែកំណើនផលិតផលមួយនេះក្នុងទីផ្សារ មិនមានកំណើនទាល់តែសោះ ហើយទាបជាងការរំពឹងទុកខ្លាំង។ ស្មាតហ្វូន ដែលមានក្បាលឆកដំបូងគេបំផុតក្នុងពិភពលោកនេះ នឹងលែងត្រូវបានផលិតទៀតហើយ។ បើយោងតាមការប្រាប់របស់ CEO ក្រុមហ៊ុន។

យ៉ាង​ណា នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ខាងក្រុមហ៊ុនក៏បានលើកឡើងពីតម្រុយរបស់ខ្លួនក្នុងការផលិតស្មាតហ្វូនជំនាន់ទី ២ របស់ខ្លួនដែរ ទោះបីជំនាន់ទីមួយ ដាំក្បាលចុះ បរាជ័យយ៉ាងណាក៏ដោយ។ ស្មាតហ្វូនជំនាន់ទី ២ នេះ នឹងមាន AI ដែលមានសមត្ថភាពឆ្លើយតប Email ឬក៏សារក្នុងទូរសព្ទដៃរបស់អ្នក ស្រដៀងនឹង Google Duplex ក្នុង Google Assistant ។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់ Essential បានត្រឹមលើកឡើងថា ផលិតផលថ្មីនេះជាផលិតផល “ដែលចល័តបាន” ដោយមិនបញ្ជាក់ថាវាជា ស្មាតហ្វូនឲ្យចំតែម្ដងទេ ប៉ុន្តែដោយខ្លួនជាក្រុមហ៊ុនមានបទពិសោធ​មួយក្នុងការផលិតស្មាតហ្វូន រួចមកហើយនោះ មតិរបស់មហាជនក៏បានសន្និដ្ឋានថា ផលិតផលទី ២ នេះ ពិតជាស្មាតហ្វូនស៊េរីថ្មីមិនខាន។

បើតាមរឿងរ៉ាវដែលកើតឡើងកន្លងមកនោះ អ្នកវិភាគភាគច្រើនមិនដែលគិតដល់ថា Essential នឹងចេញផលិតផលថ្មីទៀតទេ ព្រោះកាលពី Essential Phone ទើបនឹងចេញ វាមានបញ្ហាជាច្រើនដែលកើតឡើងដូចជា ការលក់បានទាប កាមេរ៉ាមានសមត្ថភាពខ្សោយ និងរឿងអាស្រូវមួយចំនួនដូចជាការលេច​ធ្លាយទិន្នន័យ និងរឿងអាស្រូវផ្លូវភេទរបស់ CEO ក្រុមហ៊ុនលោក Andy Rubin ផ្ទាល់តែម្ដង កាលលោកធ្វើការនៅ Google។ ប៉ុន្តែ នេះជាមេរៀនមួយដែល Essential បានបង្ហាញពីភាពក្លាហានក្នុងការចេញផលិតផលថ្មី ពីលើផលិតផលដំបូងរបស់ខ្លួនដែលបរាជ័យទៅហើយនោះ។ មួយវិញទៀត Essential Phone ជំនាន់ទី ១ នៅតែទទួលបានកំណែប្រព័ន្ធប្រតិបត្តិការយ៉ាងទៀតទាត់ពីក្រុមហ៊ុនថែមទៀតផង៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ