ត្រៀម​ប្រកួត​រ៉ូបូត​ថ្នាក់ជាតិ ស្វែងរកជើង​ខ្លាំង​ទៅ​​ប្រទេស​ម៉ុង​ហ្គោលី

  • 2019-01-03 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​ឬ​ហៅ​ថា Robocon Cambodia លើក​ទី៦ ឆ្នាំ ២០១៩ នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី ២៧ ខែមេសា ឆ្នាំ ២០១៩ នា​សាល​ដំបូល​ទូក​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

សកម្មភាព​ពេល​កំពុង​ប្រកួតកាល​ឆ្នាំ ២០១៨ រូបភាព៖ Robocon Cambodia

ជា​មួយ​គោល​ការណ៍​នៃ​ការ​ប្រកួត​កាន់​តែ​ពិសេស​ជាង​ឆ្នាំមុនៗ មាន​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​និង​ក្រុម​ ​ស្ថិត​ក្រោម​ប្រធាន​បទ «ការ​ជិះ​សេះ​កាន់​ផ្លាក​បញ្ជា» ជា​ការ​ដក​ស្រង់​ចេញ​ពី​ប្រពៃណី​របស់​ប្រទេស​ម៉ុងហ្គោលី។

លក្ខ​ខណ្ឌ​នៃការ​ប្រកួត​មាន​ក្រុម​នឹង​ក្រុម (ក្រុមពណ៌ខៀវ ប្រកួត​នឹង​ក្រុម​ពណ៌​ក្រហម​លើ​ទី​លាន​តែ​មួយ ដែល​បែង​ចែក​ទី​តាំង​គ្នា)។ ក្រុម​និមួយៗ​ត្រូវ​ផលិត​រ៉ូបូត​ចំនួន​ ២ មួយ​ដើរ​ដោយ​ការ​បញ្ជា មួយ​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ (រ៉ូបូត​ផលិត​ចំណាយ​ពេល​ប្រហែល​៤ខែ)

រ៉ូបូត​ទាំង​២ ត្រូវ​សហការ​គ្នា ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ដូច​ជា​ការ​ឆ្លង​កាត់​ព្រៃ​ ស្ពាន​ ដំបូក​ខ្សែពួរ​ ការ​បោះ​ Shagai ​និង​ឡើង​លើ​ភ្នំ ដើម្បី​យក​ផ្លាក​បញ្ជា​ទៅ​ដល់​គោល​ដៅ​បាន​បញ្ចប់​មុន​គេ ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ។ បញ្ជាក់​ដែរ​ថា​ កាល​ពី​ឆ្នាំ ២០១៨ ការ​ប្រកួត​គឺ​ជា​លក្ខណៈ​គប់​បាល់​ចូល​ក្នុង​កង។

សកម្មភាព​ពេល​កំពុង​ប្រកួតកាល​ឆ្នាំ ២០១៨ រូបភាព៖ Robocon Cambodia

ក្រុម​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​ឆ្នាំនេះ នឹង​ត្រូវ​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រ៉ូបូត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីភិក គឺ ABU Robocon ដែល​រៀប​ចំ​នៅ​ចុង​ខែ​សីហា​ នៅ​ប្រទេស​ម៉ុង​ហ្គោលី

ការ​ប្រកួត​ប្រជែង​រ៉ូបូត Robocon Cambodia នឹង​មាន​ការ​ចូល​រួមពី​ក្រុម​ចំនួន ១០ មក​ពី​សាកលវិទ្យាល័យ និង​វិទ្យា​ស្ថាន​ចំនួន ៥ ដូចជា សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី

បិទ