ម្ចាស់​ស្តង់​​ជា​ច្រើន​ថា "​មិន​ទិញ​ក៏​បាន​ គ្រាន់​តែ​​បាន​ស្គាល់​​ពេញ​ចិត្ត​ស្តូក"

  • 2014-11-16 22:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លក់​ផលិត​ផល​នៅ​តាម​ស្តង់​ពិព័រណ៍​បច្ចេកវិទ្យា ITET និយាយ​ថា​ ​ពួក​គាត់​​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់​ ដែល​បាន​ឃើញ​​មាន​​​​អ្នក​ចូល​រួម​ទស្សនា​​យ៉ាង​ច្រើន​កុះករ។ ​ពួក​គាត់​​ភាគ​ច្រើន​និយាយ​ថា​ "​​ឃើញ​បង​ប្អូន​មក​ច្រើន​បែប​នេះ​​ ទោះ​មិន​បាន​ទិញ​​គ្រាន់​តែ​​បាន​ទស្សនា​និង​បាន​ស្គាល់​គឺ​គ្រប់​គ្រាន់​ហើយ"។​

 

 

កំពុង​តែ​ឈរ​​និយាយ​ពន្យល់​ភ្ញៀវ​​​ខ្វែង​ដៃ​​ខ្វែង​ជើង ​ យុវជន ពិសិដ្ឋ បុគ្គលិក​​ស្តង់​​​​ក្រុម​ហ៊ុន​ អង្គរ អ៊ី និង​ ស៊ី​​​និយាយ​ថា​ ទស្សនិកជន​ដែល​មក​ទស្សនា​ពិព័រណ៍​ភាគ​ច្រើនមក​គ្រាន់​តែ​​ចង់​ឃើញ​និង​ស្វែង​យល់​ផលិតផល​នានាដែល​ក្រុមហ៊ុន​ដាក់​តាំង​​បង្ហាញ ហើយ​បើ​ថា​មក​ដើម្បី​ទិញ​គឺ​តិច​បំផុត។

"ដូច​របស់​ពួក​យើង​អញ្ចឹង​ អ្វី​ដែល​ពួក​ខ្ញុំ​ចង់​បាន​ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​​ខ្មែរ​​ស្គាល់​ពី​ស្នាដៃ​ និង​ផលិត​ផល​បច្ចេកវិទ្យា​ ដែល​បង្កើត​ឡើង​ពី​ក្រុមហ៊ុន​របស់លោក។ ថ្ងៃ​ក្រោយ​បើ​​ពួកគេ​ចាប់​អារម្មណ៍ និង​ត្រូវការ​អាច​ទំនាក់ទំនង​ក៏​ថា​បាន​ដែរ"។

 

ស្រដៀង​គ្នា​នេះ​ដែរ លោក​​ហៀង ឈុន​ហេង ជា​បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុម​ហ៊ុន​ W&H ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ផ្ដាច់​មុខ​ផលិត​ផល​ដូច​ជា​ កាមេរ៉ា blackmagic កាណុង​កាមេរ៉ា និង​ផលិត​ផល​ផ្សេងៗ​ជា​ច្រើន​ទៀត ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​ថត​ភាព​យន្ត​ ប្រាប់​ថា៖ "ពួក​ខ្ញុំ​មិន​រំពឹង​ថា​ ការ​តាំង​ពិព័រណ៍​​បី​ថ្ងៃ​នេះ​ អ្នក​ចូល​រួម​គាត់​ទិញ​គ្រប់​ផលិត​ផល​ដែល​យើង​​ច្រើន​ទេ តែ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​ ​ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ខ្មែរ​យើង​ឥលូវ​ ក៏​មាន​នាំ​ចូល​នូវ​ផលិតផល​គុណភាព​ល្អ​ពី​ក្រុម​ហ៊ុន​ល្បី​ដូច​គ្នា មិន​ចាំ​បាច់​ចំណាយ​ពេល​ ចំណាយ​លុយ​ទៅ​ទិញ​មក​ពី​ក្រៅ​ប្រទេស​ទៀត​ទេ"។

 

បែរ​មក​ជួប​ជាមួយ​ លោក​ គ្រុយ វណ្ណា ជា​អ្នក​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​សម្រាប់​ប្រើ​នៅ​លើ iOS  ​ប្រាប់​ថា កម្មវិធី​ក្ដារចុច​នេះ​ខាង​ក្រុម​ការងារ​របស់​លោក​ ដាក់​ឲ្យ​ដំណើរ​ការ​បាន​​ប្រហែល​ ១ខែ​ហើយ ​ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​​សុទ្ធសាធ។ ក្នុង​ការ​​ចូលរួម​ពិព័រណ៍​នេះ​ ​លោក​​​​​ចង់​បង្ហាញ​​ប្រាប់​​ពលរដ្ឋ​ខ្មែរថា មាន​ស្នាដៃ​សមិទ្ធផល​បច្ចេកវិទ្យា​​ជា​ច្រើន​​ដែល​​កូន​ខ្មែរ​បាន​បង្កើត​ឡើង មិន​ចាញ់​បរទេស​ឡើយ៕

 

កុំ​ភ្លេច​ មក​ទស្សនា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិព័រណ៍​បច្ចេក​វិទ្យា​ល្ងាច​នេះ​ទាំង​អស់​គ្នា​ណា!

 

អត្ថបទ៖​ យិន សំបូរ​​​​