អតីត​ប្រធាន​ផ្នែក​ផលិត​ថ្ម​ Samsung ចូល​កាន់​តំណែង​អភិវឌ្ឍន៍​ថ្ម​នៅ Apple

  • 2019-01-24 07:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Apple បាន​ជួល​អតីត​ Soonho Ahn​ ប្រធាន​ផ្នែក​​​​​​ក្រុមហ៊ុន​​​ ​Samsung ​SDI ឲ្យ​មក​កាន់​តំណែង​ជា​ប្រធាន​​​នៃ​ផ្នែក​អភិវឌ្ឍន៍​ថ្ម​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

​​ក្រុមហ៊ុន​​​ ​Samsung ​SDI ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Samsung ដែល​មាន​តួនាទី​ផលិត​​ថ្ម​លីចូម​សម្រាប់​ប្រើ​លើ​ស្មាតហ្វូន។ មុន​ចូល​រួម​ជា​មួយ Apple លោក Soonho បាន​ចំណាយ​ពេល​ ៣ ឆ្នាំ​នៅ​ Samsung ​SDI ដឹក​នាំ​ខាង​ផ្នែក​អភិវឌ្ឍន៍​ថ្ម​លីចូម។ រូបលោក​ក៏​ធ្លាប់​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​ Next Generation Batteries R&D និង LG Chem ហើយ​ក៏​ជា​សាស្ត្រាចារ្យ​​ផ្នែក​ថាមពល និង​វិស្វកម្ម​គីមី​នៅ​សកលវិទ្យាល័យ​ Ulsan National Institute of Science and Technology ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។

ខណៈ​ដែល​ Samsung គឺ​ជា​អតិថិជន​​ធំ​មួយ​របស់​ Samsung ​SDI ក្រុមហ៊ុន Apple ក៏​ធ្លាប់​ប្រើ​ប្រាស់​ថ្ម​របស់​ Samsung SDI ផង​ដែរ។ ការ​ជួល​ប្រធាន​ផ្នែក​នេះ ទំនង​ជា​ Apple ចង់​​ផលិត​ថ្ម​ដោយ​ខ្លួន​ឯង កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ដទៃ។

រំឭក​​ថា​ Samsung ធ្លាប់​បាន​​ល្បី​ឈ្មោះ​ខ្លាំង​លើ​សារព័ត៌មាន​កាល​ពី​ឆ្នាំ ២០១៦ ដោយ​សារ​បញ្ហា​ថ្ម​លើ Galaxy Note7។ គេ​មិន​ច្បាស់​ថា​ Soonho បាន​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ឬ​អត់​ទេ ប៉ុន្តែ Samsung SDI ក៏​​ជា​អ្នក​ផ្គត់ផ្គង់​ថ្ម​​ឲ្យ​ Note7 ផង​ដែរ។ ចាប់​តាំង​ពី​ហេតុការណ៍ Note7 ក្រុមហ៊ុន Samsung ធ្វើ​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ដិតដល់​​លើ​​កម្រិត​សុវត្ថិភាព​នៃ​ថ្ម ​ហើយ​មិន​ធ្លាប់​កើន​មាន​បញ្ហា​​ដូច​ Note7 ​ទៀត​នោះ​ទេ៕​​​​​

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម