ត្រឹមដើមឆ្នាំ២០១៩ មច្ចុរាជមិនប្រណី ឆក់យកជីវិតតារា៥ដួង ឲ្យឃ្លាតឆ្ងាយគ្រួសារយ៉ាងកម្សត់

  • 2019-01-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ដើម​ឆ្នាំ​២០១៩ នេះ មច្ចុរាជ​ហាក់​មិន​ប្រណី បាន​ឆក់​យក​ជីវិត​តារា​ច្រើន​ដួង ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ យ៉ាង​អាណោចអាធ័ម​បំ​ផុត។ ក្នុង​នោះ​មាន​ដូច​ជា៖

១. ខេមរៈ ស្រី​ពៅ

ដោយសារ​តែ​ជំ​ងឺ​សួត ​និង​ក្រលៀន មាន​សភាព​ធ្ងន់​ធ្ងរ​ពេក ​តារា​ចម្រៀង​រូប​នេះ​បាន​មរណភាព​នៅ​ប្រទេស​ឥណ្ឌា ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩។ ​ដំណឹង​ក្រៀម​ក្រំ​របស់​តារា​ស្រី​មាន​ឈ្មោះ​ពិត ខែម ស្រី​ពៅ ​​​បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ និង​មហាជន​ជា​ច្រើន​មាន​អារម្មណ៍​សោក​សៅ​យ៉ាង​ខ្លាំង ។

ចំពោះ​បុណ្យ​៧​ថ្ងៃ​របស់​​​អតីត​តារា​អាយុ​២៨​ឆ្នាំ រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្វើ​ឡើង​នៅ​ថ្ងៃ​៣១ ខែ មករា ឆ្នាំ ២០១៩ នៅ​គេហដ្ឋាន​លោក ខេមរៈ ភា​រុណ ក្បែរ​វត្ត​សំរោង​អណ្ដែត។

​២. រឿន សា​រ៉ាត់

តារា​សម្ដែង​ទើប​ប្រឡូក​សិល្បៈ​រូប​នេះ ​បាន​មរណភាព​ដោយសារ​លង់​ទឹក ​នៅ​ខេត្ត​កំពត ​ពេល​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ និង​លោក យូ ឌី​ស្កូ កាល​ពី​ថ្ងៃ​អង្គារ ទី​២២ ខែ​មករា ឆ្នាំ ២០១៩។ ក្រុម​គ្រួសារ​របស់​តារា​រូប​នេះ ​មាន​ជីវភាព​ក្រ​ខ្សត់ ដោយ​ឪពុក​ជរា​មាន​ជំ​ងឺ​លើស​ឈាម ម្ដាយ​មាន​ជំ​ងឺ​បេះ​ដូង និង​ប្អូន​ប្រុស​មាន​សុខភាព​មិន​មាំ​ទាំ។

​ឪពុក​របស់​តារា​រូប​នេះ រៀប​រាប់​ទាំង​ទឹក​ភ្នែក ក្រោយ​មរណភាព​របស់​កូន​ច្បង​ដែល​ធ្លាប់​តែ​​ជា​ចំហ​ក្នុង​គ្រួសារ ហើយ​គ្មាន​អ្នក​រ៉ាប់​រង​ចិញ្ចឹម​គ្រួសារ​ដូច​មុន​។

៣. គង់ ណារី

​​​សាស្ត្រាចារ្យ​បង្ហាត់​ចម្រៀង​ គង់​ ណារី បាន​ទទួល​មរណភាព​នៅ​​វេលាថ្ងៃត្រង់​ ទី២០​ខែមករា​នេះដោយ​រោគា​ពាធ​ក្នុង​វ័យ​ ៦៥​ឆ្នាំ បន្ទាប់​ពី​សម្រាក​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ។

សាស្ត្រាចារ្យ​ គង់​ ណារី ជា​គ្រូបង្ហាត់​ចម្រៀង​មួយ​រួប​នា​ទស្សវត្ស​ទី​៨០ ដោយ​ធ្លាប់​បង្ហាត់​បង្រៀន​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា លោក ឃុំ ប៉ុណ្ណាដែត, ទិត្យ វិច្ឆិកា, ហង្ស​ ពិសី, យ៉ុង​ កន្និកា, លោក ទុយ​, លោក អ៊ុក ណារីម​ និង​តារា​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

៤. ឈុន វណ្ណា

តារា​ជើង​ចាស់​ ឈុន វណ្ណា បាន​ទទួល​មរណភាព​ដោយ​ជរា​ពាធ ​នៅ​ប្រទេស​អាមេរិក ​កាល​ពី​ថ្ងៃ​សុក្រ ទី២៥ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ១ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ​ក្នុង​វ័យ​៨០​ឆ្នាំ ។​

តារា​ជើង​ចាស់ ឈុន វណ្ណា ជា​អ្នក​សិល្បៈ​ជំនាន់​​តារា​ចម្រៀង ប៉ែន រ៉ន ​ដោយ​បាន​កសាង​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​ទសវត្ស​​ទី ៦០ ​-៧០។ បទ​ល្បី​ជាង​គេ​របស់​អតីត​តារា​ចម្រៀង​រូប​នេះ ​គឺ ​កុក​ហើរ​តែ​ឯង​ វាល​អើយ​វាល​ធំ រួម​ទាំង​បទ​ចម្រៀង​ជា​ច្រើន​ទៀត៕​​​​​​​

៥. គង់ ចម្រើន

តារា​ចម្រៀង​តាម Affair ម្នាក់​ឈ្មោះ គង់ ចំរើន បាន​បាត់​បង់​ជីវិត​គួរ​ឲ្យ​សោក​ស្ដាយ​ចោល​កូន​ស្រី​២​នាក់ ក្រោយ​កើត​ជំងឺ​បេះដូង ហើយ​គ្មាន​ប្រាក់​ព្យាបាល ទុក​រហូត​ដល់​ស្លាប់​ខ្លួន។ កាន់តែ​អាណោចអាធ័ម ក្នុង​គ្រួសារ​របស់​សព​តារា​ចម្រៀង គង់ ចម្រើន មាន​អ្នក​ស្លាប់​ចំនួន​៣​នាក់​ហើយ ត្រឹម​រយៈ​ពេល​១​ឆ្នាំ។

សាច់​ញាតិ​ទី​១​​ដែល​បាន​ធ្វើ​មរណកាល​ផុត​ទៅ គឺ​ម្ដាយ ទី​២​គឺ​បង​ស្រី​របស់​លោក និង​ពេល​នេះ គឺ​លោក ខ្លួន​ឯង។ លោក គង់ ចម្រើន ស្លាប់​នៅ​អាយុ ៣​៨ឆ្នាំ លោក​គឺ​ជា​តារា​ចម្រៀង​ចល័ត​តាម Affair នានា និង​មិន​មាន​ច្រៀង​ប្រចាំ​នៅ​វង់​អក​កេស​ណា​មួយ​ឡើយ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី