ពូកែមែន! ក្រុមអ្នកបង្កើត App សម្រួលការចតឡាន​ វ៉ាបានលេខ១ អមរង្វាន់ដើរលេងនៅសិង្ហបុរី

  • 2019-02-01 10:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​ធ្វើ​ឲ្យ​ក្រុម​គណៈកម្មការ​ស្ងើចសរសើរ​នា​អំ​ឡុង​វ​គ្គ​ផ្ដាច់​ព្រ័​ត្រកាល​ពីថ្ងៃ​ព្រហស្បតិ៍ ក្រុម​សំចត ដែល​ជា​កម្មវិធី​ទូរ​សព្ទ​ដៃ​សម្រាប់​ជួយ​សម្រួល​ឲ្យ​អ្នកបើកបរ​អាច​ស្វែង​រក​កន្លែង​ចត​យាន​យ​ន្ដ​របស់​ពួកគេ​បាន​កាន់តែ​ងាយស្រួល ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុម​ជយលាភី​ក្នុង​កម្មវិធី SmartStart Young Innovator Program រដូវ​កាល​ទី​ ២ដោយ​បាន​ឈ្នះ​រ​ង្វាន់​ដំណើរ​​កម្សាន្ត​ទៅ​ប្រទេស​សឹង្ហ​បុរី​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន​រៀប​រាប់ថា​៖ “​សូម​អបអរសាទ​រ​ដល់​ក្រុម​សំចត​ដែល​មាន​ការរីក​ចម្រើន​គួ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លង​ទៅ​នេះ ហើយ​ព្រម​ទាំង​បាន​ជួយ​បង្កើន​គុណភាព​នៃ​ស​មិទ្ធិ​ផល​របស់​កម្មវិធី​ SmartStart​។ ការ​បង្ហាញ​ពី​គំនិត​អាជីវកម្ម​របស់​ពួកគេ ធ្វើ​ឲ្យ​ពួក​យើង​មាន​មោ​ទន​ភាព​ណាស់​ចំ​ពោះ​ការ​ព្យាយាម​របស់​ពួកគេ​នៅ​ក្នុង​កម្មវិធី​នេះ។ កម្មវិធី​ផ្ដួចផ្ដើម​បែប​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុង​មាន​បរិយាកាស​ដ៏​រីកចម្រើន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ទើបនឹង​បង្កើត​ថ្មី ហើយ​ធន​ធាន​មនុស្ស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ ក៏​កំពុង​ជួយ​លើកស្ទួយ​បរិយាកាស​នេះ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀ​ត​។ នេះ​គឺជា​សញ្ញា​ដ៏​វិជ្ជមាន​ចំ​ពោះ​ទស្សនៈ​វិស័​យ​រួម​របស់​យើង​ក្នុង​ការ​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ដែល​មាន​និរន្តរភាព។”

(រូប​ឆ្វេង​ទី១) លោក ថូម៉ាស់ ហ៊ុន

ក្រុម​ចំនួន​ ៤ ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វ​គ្គ​ផ្ដាច់​ព្រ័​ត្រ​រួមមាន​ដូចជា ក្រុម Homex ដែល​ជា​កម្មវិធី​ទូរ​សព្ទ​ដៃ​ ១ សម្រាប់​ឲ្យ​អ្នក​ដែល​ត្រូវការ​ជួស​ជុល​ផ្ទះ អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជាង​ដែល​អាច​ទុក​ចិត្ត​បាន។ ក្រុម Haystome ដែល​ជា​កម្ម​វី​ធី​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ទា​ក់ទង​ទៅកាន់​សិល្បករ​ខ្មែរ ដើម្បី​ទទួល​បាន​បទពិសោធន៍​សិល្បៈ​សិល្បៈ​ដ៏​ពិសេស។ ក្រុម Malis ដែល​ជា​កម្មវិធី​សម្រាប់​ឲ្យ​អតិថិជន​ណាត់​ពេលវេលា​ជាមួយ​ហាង​ថែរក្សា​សម្ផស្ស និង ក្រុម Tos Rean ដែល​ជា​កម្មវិធី​ផ្គូផ្គង​សិស្ស​និង​គ្រូ​ប​ង្រៀន​។

ក្រុម​ទាំង​ ៥ បានឈ្នះ​ប្រាក់​រង្វាន់​ឧបត្ថម្ភ​ចំនួន ៤០០០ ដុល្លារ​អាមេរិក និង​ទទួល​បាន​ការចូលរួម​កម្មវិធី​បណ្ដុះ​បណ្ដាល​ផ្នែក​អាជីវកម្ម​រយៈពេល ​៦ ​ខែ​កាលពី​ខែ មិថុនា ឆ្នាំ​២០១៨ ​ជាមួយ Impact Hub ហើយ​បាន​ចូលរួម​ប្រកួត​កាលពី​ម្សិល​មិញ​នៅឯ Impact Hub Phnom Penh ដើម្បី​ដណ្ដើម​យករ​ង្វាន់​ដំណើរ​​កម្សាន្ត “Tech Trip” ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ទាំងស្រុង ទៅកាន់​ប្រទេស​សឹង្ហ​បុរី ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា Facebook Google និង Microsoft​។

កញ្ញា Mélanie Mossard នាយក​ផ្នែក​សហ​គមន៍​នៅ Impact Hub ភ្នំពេញ បាន​លើក​ឡើង​ថា៖ "​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ក្រៃលែង​ដែល​បាន​ឃើញ​ក្រុម​និ​ស្សិ​ត​របស់​យើង​ឆ្លើយតប​យ៉ាងសកម្ម​ទៅ​នឹង​មតិយោបល់​ណែនាំ​និង​សិក្ខាសាលា​ទាំងឡាយនា​អំ​ឡុង​ពេល​ប​ណ្ដុះ​បណ្ដាល​។ ខ្ញុំ​ពិតជា​ស្ងើច​សរសើ​រចំ​ពោះ​ការ​ប្ដេជ្ញា​ចិត្ត​និង​ឆន្ទៈ​របស់​ពួកគេ​ដែល​ចង់​សិក្សា ​និ​ង​ទទួល​បាន​បទពិសោធន៍​ថ្មី​ថ្មីៗ ក៏ដូចជា​ឱកាស​ផ្សារភ្ជាប់​ទំនាក់ទំនង​ថ្មីៗ​ផង​ដែរ​។ សមាជិក Impact Hub របស់​យើង​ទាំងអស់ ពិតជា​ចង់​ឃើញ​ក្រុម​ទាំងអស់​អភិវឌ្ឍ​គំនិត​របស់​ពួកគេ​បន្ថែម​ទៀ​ត ព្រម​ទាំង​ប្រើប្រាស់​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​ពួក​យើង សម្រាប់​ជួយ​ត្រួសត្រាយ​ផ្លូវ​របស់​ពួកគេ​ក្នុង​ដំណើរ​សហគ្រាស​នេះ​។​”

សម្រាប់​ព័ត៌មាន​បន្ថែម​ទា​ក់ទង​នឹង​គំ​និ​ត​ផ្តួចផ្តើម​ទំ​នួ​ល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេស​ប៊ុ​ក Smart ឬក៏​ចូល​មកកាន់​គេហ​ទំព័រ www.smart.com.kh៕​

អត្ថបទ៖ សុខណា