​ផ្លូវការ​ហើយ Buriram United ​ខ្ចី​ជើង​​កីឡាករ​ឆ្នើម​ម្នាក់​ មក​ជំនួស​តំណែង ច្រឹង ពលរដ្ឋ សិន

  • 2019-02-11 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប Buriram United ​បាន​ប្រកាស​ជា​ផ្លូវការ​ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​របស់​វៀតណាម Luong Xuan Truong ​ដើម្បី​បំពេញ​ចន្លោះ​កីឡាករ​បរទេស​ក្នុង​តំបន់ ​ក្រោយ​ពី​ពួកគេ​មិន​អាច​យក ច្រឹង ពលរដ្ឋ ​ទៅ​បាន។

នៅ​ចាំ​បាន​ថា​កាល​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ ​Buriram ​បាន​ធ្វើ​ការ​បង្ហាញ​មុខ​កីឡាករ​កម្ពុជា ច្រឹង ពលរដ្ឋ​ម្ដង​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​របួស​របស់​ខ្សែ​បម្រើ​ក្រសួង​ការពារ​ជាតិ​ធ្ងន់​ធ្ងរ ​ទើប​តម្រូវ​ឱ្យ​រូបគេ​មក​ព្យាបាល​របួស​វិញ​សិន។ យ៉ាងណាមិញ ​នៅ​ថ្ងៃ​នេះ​ស្រាប់​តែ​ក្រុម Buriram United ​បាន​បង្ហាញ​មុខ​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ ​គឺ Luong Xuan Truong ​ដែល​ជា Key Player ​ម្នាក់​របស់​ជម្រើស​ជាតិ​វៀតណាម ​ក្រោម​លក្ខខណ្ឌ​ខ្ចី។

ការ​បង្ហាញ​មុខ​នេះ ត្រូវ​បាន​គេ​ដឹង​ក្រុម Buriram United ​នឹង​យក​កីឡាករ​វៀតណាម​ខាង​លើ​នេះ ​ដើម្បី​ជំនួស​កៅអី​របស់​ពលរដ្ឋ ​ហើយ​សម្រាប់​រដូវ​កាល​ខាង​មុខ​។ ​យ៉ាងណាមិញ ​កុងត្រា​របស់​ពលរដ្ឋ ​នោះ​មាន​ដល់​២​ឆ្នាំ​ឯ​ណោះ ដូច្នេះ​រូបគេ​អាច​នឹង​នៅ​ជា​កីឡាករ Buriram United ​ដដែល ប៉ុន្តែ​ស្ថិត​នៅ​ក្រុម​ទី​២​ទៅ​វិញ។

និយាយ​ពី​កីឡាករ​វៀតណាម​ខាង​លើ​វិញ វ័យ​២៣​ឆ្នាំ ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ទៅ​លេង​នៅ​ក្រៅ​ស្រុក។ ជាក់​ស្ដែង ​រូបគេ​ធ្លាប់​ទៅ​លេង​នៅ​កូរ៉េ​បាន​២​ដង ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ដែរ ​គឺ​ឆ្នាំ​២០១៦ ​លេង​ឱ្យ Incheon United ​និង​២០១៧​លេង​ឱ្យ Gangwon FC ​៕

អត្ថបទ៖ មុន្នីរម្យ