១០វិធីសាស្ត្រយកឈ្នះចិត្តមនុស្សយ៉ាងស័ក្ដិសិទ្ធិ ដើម្បីសម្រេចការងារធំដុំបានកាន់តែងាយស្រួល
- 2019-02-20 12:16:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០វិធីសាស្ត្រយកឈ្នះចិត្តមនុស្សយ៉ាងស័ក្ដិសិទ្ធិ ដើម្បីសម្រេចការងារធំដុំបានកាន់តែងាយស្រួល
ចន្លោះមិនឃើញ
ក្នុងជីវិតប្រចាំថ្ងៃ ពេលអ្នកធ្វើកិច្ចការកាន់តែធំ អ្នកកាន់តែត្រូវជួបប្រទះនឹងមនុស្សជាច្រើនប្រភេទដែលមានចរិត និងការគិតខុសៗគ្នាផ្សេងពីអ្នក។ ការពិតដែលយើងមិនអាចបដិសេធបាននោះគឺ ការងារភាគច្រើនអាចដំណើរការទៅល្អបានក៏ដោយសារ ការរួមសហការគ្នារវាងបុគ្គលជាច្រើនដែរ។ ដូច្នេះហើយវាជារឿងល្អ បើសិនជាអ្នកអាចភ្ជាប់ទំនាក់ទំនង ឬយកឈ្នះចិត្តអ្នកដទៃបាន ដោយភាពឆ្លាតវៃ ដូចជា៖
១. ត្រូវធ្វើចិត្តឲ្យស្ងប់ ជៀសវាងដាច់ខាតការឈ្លោះប្រកែកគ្នា ព្រោះទោះបីជាយើងអាចប្រកែកឈ្នះគេ ប៉ុន្តែវាក៏អាចធ្វើឲ្យយើងបាត់បង់ទំនាក់ទំនង ឬ មិត្តភាពដែរ ដែលនេះនឹងទៅបង្អាក់ឱកាសម្រេចកិច្ចការនោះ។
២. ត្រូវបង្ហាញការគោរពដល់ការយល់ឃើញរបស់គេ កុំឆាប់និយាយថាគេខុស ដោយសារតែគេគិតខុសពីយើងឲ្យសោះ។
៣. បើសិនជាយើងខុស ឬ ជ្រុលជ្រោះពាក្យសម្ដី ត្រូវក្លាហានហ៊ានទទួលស្គាល់កំហុសភ្លាមៗ និងចេះនិយាយពាក្យសុំទោស។
៤. ត្រូវចាប់ផ្ដើមដោយភាពជាមិត្ត និយាយស្ដីពីរោះពិសា កុំនាំរឿងទាស់ទែងខ្វែងគំនិតមកឲ្យថ្នាំងថ្នាក់ចិត្តគ្នា។
៥. បើមានបញ្ហា ចូរទុកឱកាសឲ្យគេនិយាយ បញ្ចេញអារម្មណ៍ឲ្យអស់សិនកុំព្យាយាមរករឿងមកដណ្ដើមគេនិយាយ ឬនិយាយកាត់គេ។
**៦. ចូរធ្វើឲ្យគេមានអារម្មណ៍ថា “ការគិតនោះ” គឺជារបស់គេ** ដូច្នេះគេនឹងបត់បែនតាមយើងដោយងាយ ទាំងដែលនោះជាគំនិតរបស់យើង។
៧. ចូរព្យាយាមសម្លឹងមើលបញ្ហាផ្សេងៗ ដោយគិតថាបើសិនអ្នកជាគេ ឬយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង។
៨. ចូរបង្ហាញការពេញចិត្តចំពោះការគិតរបស់គេ ឬបង្ហាញការឯកភាពចំពោះតម្រូវការរបស់គេ។
៩. ចូរនិយាយអ្វីដែលធ្វើឲ្យគេមានមោទនភាព ឬជាចំណុចខ្លាំងរបស់គេ ដូចជាសមត្ថភាព ទឹកចិត្ត គុណធម៌... ហើយកុំនិយាយពីចំណុចអវិជ្ជមានរបស់គេ ឬអ្វីដែលគេមិនចង់និយាយ និងចែករំលែកជាមួយអ្នកបន្តទៀត។
១០. បង្ហាញថាអ្វីដែលគេនិយាយមក គឺជាពាក្យដែលយើងចង់ស្ដាប់ ចង់ឮ ត្រូវចេះផ្តល់តម្លៃដល់ការចូលរួមរបស់គេ ទោះបីពេលខ្លះវាជារឿងមិនសូវត្រូវនឹងអ្នកក៏ដោយ៕