មិន​បង្អង់​យូរ! Huawei ​ដាក់​ច្រើន​​គ្រាប់​​ បាញ់​ Galaxy S10

  • 2019-02-22 02:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ Samsung បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ត្រកូល​​ Galaxy S10 និង​ Galaxy Fold ដែល​ជា​ស្មាតហ្វូន​​មាន​អេក្រង់​អាច​បត់​បាន​ដំបូង​បំផុត​របស់​ខ្លួន។

ក្រោយ​ពី​ Galaxy S10 ប្រកាស​ចេញ​បាន​ប៉ុន្មាន​​នាទី Huawei ក៏​ចាប់​ផ្ដើម​ឌឺ​ដង​ Samsung ​ដោយ​បាន​បង្ហោះ​សារ​លើ​ Twitter ដែល​មាន​អត្ថន័យ​ថា ៖ "របស់​ល្អ​គឺ​មាន​មក​​បី​គ្រាប់។ ចេញ​​យឺត​ជាង​​គេ ប្រសើរ​​ជាង​មិន​បាន​ចេញ​ដែរ”។ ពាក្យ​មួយ​ឃ្លា​នេះ​បាន​ភ្ជាប់​ជា​មួយ​រូបភាព​​បង្ហាញ​អំពី​កាមេរ៉ា​ ៣ គ្រាប់​លើ Mate 20 Pro និង​មាន​សរសេរ​អក្សរ​ថា "ទី​បំផុត​អ្នក​បាន​ចូល​ Club កាមេរ៉ា​ ៣ គ្រាប់​ហើយ។ ប៉ុន្តែ​យើង​រើស​​កន្លែង​ល្អ​​បាន​មុន​រួច​ទៅ​ហើយ”។

បន្ទាប់​មក​ Huawei បាន​បង្ហោះ​រូប​មួយ​សន្លឹក​ទៀត​​ដែល​នៅ​លើ​រូបភាព​សរសេរ​ថា ៖ "ស្តង់ដារ​​មិន អាច​ Zoom បាន​​អស្ចារ្យ​នោះ​ទេ”។ ត្រង់​នេះ​ Huawei បាន​ប្រើ​អក្សរ "S” ពណ៌​ខៀវ​ដែល​តំណាង​ឲ្យ​ Galaxy S10 និង​អក្សរ "P” ពណ៌​ក្រហម​ដែល​តំណាង​ឲ្យ​​ Huawei ត្រកូល​ P30។ រូបភាព​នេះ​អម​ដោយ​ពាក្យ​ពេចន៍​ថា ៖ "ការ​ប្រកួត​ប្រជែង​​មិន​ប្រកៀក​ប្រកិត​គ្នា​សោះ។ ​ស្មាតហ្វូន​​អាច​ Zoom បាន​ល្អ​​ជាង​នេះ​នឹង​មក​ដល់​ថ្ងៃ​ទី ២៦ ខែ​មីនា ២០១៩”។

មិន​ចប់​ត្រឹម​នេះ Huawei បាន​បញ្ចេញ​រូប​មួយ​សន្លឹក​ទៀត​បង្ហាញ​ពី​ថ្ម​​ទំហំ ៤២០០ mAh របស់​ Mate 20 Pro ​ដែល​មាន​រៀប​រាប់​ថា ៖ "​​តិច​ពេក​ហើយ​សម្រាប់​ថ្ម ៤១០០ mAh (ថ្ម​របស់​ Galaxy S10+)។ អ្នក​អាច​រីករាយ​បាន​ពេញ​មួយ​ថ្ងៃ ជា​មួយ​ថ្ម​ដែល​​ប្រើ​ប្រាស់​បាន​យូរ​ជាង​នេះ”។

ចុង​ក្រោយ​គេ​នេះ​​ Huawei បាន​បង្ហោះ​វីដេអូ​ខ្លី​ដែល​ពណ៌នា​អំពី​​សមត្ថភាព​ខ្លាំង​របស់​ស្មាតហ្វូន​ត្រកូល​ P ស៊េរី​ថ្មី ខណៈ​ដែល​​ស្មាតហ្វូន​ Galaxy S10 ពណ៌នា​ត្រឹម​ពាក្យ​ថា​ស្តង់ដារ​ប៉ុណ្ណោះ៕​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម