ដំបូងស្រលាញ់គ្នាណាស់ តែពេលប្រេះឆា គូស្នេហ៍ទាំងនេះប្ដឹងផ្ដល់គ្នាកក្រើកពេញសង្គមសិល្បៈ

  • 2019-02-22 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​គូ​ស្នេហ៍​ច្រើន​គូ​ខាង​ក្រោម ស្រលាញ់​គ្នា​ល្អូក​ល្អិន​ណាស់ ​ប្រៀប​ដូច​ស្រមោច​និង​ស្ករ ។ ​តែ​ចំណង​ស្នេហា​​ បែរ​ប្រេះ​ឆា ​រហូត​ឡើង​តុលាការ ប្ដឹង​ផ្ដល់​គ្នា​ កក្រើក​ពេញ​សង្គម​សិល្បៈ។

១. ភិន សុដាលីស

ពេល​ទើប​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ជាមួយ ភិន សុ​ដា​លីស លោក ប៉ែន ចំរុង ធ្លាប់​សន្យា​​នៅ​មុខ​មហាជន​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​ថា ​"​នឹង​ធ្វើ​ឲ្យ​ដា​លីស ​សប្បាយ​ចិត្ត​ច្រើន​ជាង​យំ​" ។ មួយ​ឃ្លា​នេះ ​ពិត​ជា​មាន​ន័យ និង​ធ្វើ​ឲ្យ​កូន​ស្រី​លោក អិន សុភិន ​រំភើប​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក។

តែ​ស្នេហា​មួយ​នេះ ​ហាក់​ដូច​ភ្លើង​ចំបើង នៅ​ពេល​តួ​ឯក​ស្រី​ក្នុង​រឿង "មន្ត​ស្នេហ៍​លេខា" ពរ​ពោះ​បាន​ត្រឹម​៣​ខែ លោក ប៉ែន ចំរុង ក៏​បាន​ដាក់​ពាក្យ​លែង​លះ ដោយ​សម្អាង​លើ​ហេតុផល​ រស់​នៅ​មិន​ចុះ​សម្រុង​គ្នា ព្រោះ​អតីត​ភរិយា​ខ្លួន​កាច​ឆ្នាស ម្ដង​ឆ្កួត​ម្ដង​ជា និង​លោក​ថែម​ទាំង​និយាយ​ថា មិន​ដឹង​ច្បាស់​ថា កូន​ក្នុង​ផ្ទៃ​របស់​ដា​លីស ​ជា​កូន​របស់​លោក​ឬ​អត់។

ដោយសារ​បែប​នេះ ចំណង​ស្នេហា​ដែល​ស្មោះ​ស្ម័គ្រ​រយៈ ពេល​ខ្លី ​បាន​រលាយ ដោយ ភិន សុ​ដា​លីស ​មិន​អាច​ទ្រាំ​បាន​ មាន​តែ​យល់ព្រម​ផ្ដិត​មេ​ដៃ​លើ​បណ្ដឹង​លែង​លះ​នៅ​តុលាការ​ តាម​ច្បាប់។ នៅ​ពេល​នេះ ​លោក ប៉ែន ចំរុង​បាន​ចាប់​ផ្ដើម​ជីវិត​គូ​ ជាមួយ​នារី​ម្នាក់​ទៀត ​មក​ពី​ខេត្ត​បាត់​ដំបង។ ​​​

២. នី មុន្នីនាថ

ក្រោយ​ពី​ភ្ជាប់​ពាក្យ​ជាមួយ​លោក អ៊ឹង សូ​ឡាង រួច​មក ​ ​លោក​បាន​ព្យាយាម​​រត់​ឯកសារ​ដើម្បី​ឲ្យ​កញ្ញា នី មុន្នី​នាថ ​បាន​ទៅ​រស់​នៅ​អាមេរិក​ជាមួយ​។ ​តែ​រឿង​មួយ​ភ្ញាក់​ផ្អើល​ក្រោយ​លោក អ៊ឹង សូ​ឡាង​ បាន​ដាក់​ពាក្យ​បណ្ដឹង​ ព្រម​ទាំង​ទារ​ប្រាក់​ជាង ១០ ម៉ឺន​ដុល្លារ​ពី​តួ​ឯក​ស្រី​ក្នុង​រឿង "​នាង​នាថ​ បាត់​ដំបង" ក្រោម​ហេតុ​ផល អតីត​គូ​ដណ្ដឹង​​រូប​នេះ បោក​ប្រាស់​ខ្លួន ព្រោះ​ពេល​បាន​ឯកសារ​គ្រប់​អស់​ហើយ ​បែរ​ជា​ មុន្នី​នាថ ​គេច​វេស​មិន​ចង់​ទៅ​នៅ​អាមេរិក​ ទៅ​វិញ។

ក្រោយ​ប្ដឹង​ផ្ដល់​អស់​ចិត្ត ​គេ​ឃើញ​លោក អ៊ឹង សូឡាង ក៏​បាន​រក​ឃើញ​គូ​ស្នេហ៍​ថ្មី ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ខ្លាំង​ផង​ដែរ។ រី​ឯ​ មុន្នី​នាថ​វិញ ​បច្ចុប្បន្ន​ហាក់​ស្ងប់​ស្ងាត់​ពី​​អាជីព​ មិន​សូវ​មាន​សកម្មភាព​ជួប​ជុំ​អ្នក​សិល្បៈ​ដូច​មុន​ទៀត​ទេ។

៣. វ៉ាន់ នីឡា

អតីត​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ Pleng Record ​​រូប​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ "ហិង្សា​ដោយ​ចេតនា និង​ចែក​ចាយ​រូប​ភាព​អាសអាភាស" លើ​អតីត​គូស្នេហ៍​របស់​ខ្លួន ​គឺ​លោក ​គុយ ​សិទ្ធិស័ក្ក ក្រោយ​ពី​បែក​ធ្លាយ​រូប​ភាព​មិន​ល្អ​ពាស​ពេញ​បណ្ដាញ​សង្គម។ ម្ចាស់​បទ ​"មនុស្ស​បង​ធុញ ​វិល​វិញ​បាន​ទេ" ​បាន​​ដាក់​ពាក្យ​ប្ដឹង​អស់​ពេល​ច្រើន​ឆ្នាំ ​ទម្រាំ​សាល​ក្រម​បាន​ប្រកាស​ឲ្យ​លោក សិទ្ធី​ស័ក្ក ត្រូវ​ផ្ដន្ទាទោស​១​ ឆ្នាំ រួម​ទាំង​សង​ជំ​ងឺ​ចិត្ត​ចំនួន ២០០លាន​រៀល។

ថ្វី​ត្បិត​សាល​ដី​ការ​បាន​ប្រកាស​បែប​នេះ​មែន ​តែ​កញ្ញា វ៉ាន់ នី​ឡា ធ្លាប់​បញ្ជាក់​ថា លោក សិទ្ធី​ស័ក នៅ​តែ​មាន​សេរីភាព ដើរហើរ​ធម្មតា និង​ថែម​ទាំង​បាន​​ចូល​រោង​ការ​ជាមួយ​នារី​ម្នាក់​ថែម​ទៀត​ផង។

​៤. ពេជ្រ អា​វី​ហ្សា

តារា​សម្ដែង​រូប​នេះ​ត្រូវ​អតីត​សង្សា​មាន​ឈ្មោះ ​គៀន ហេង ​ ប្រើ​អំ​ពើ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា ២០១៦ ​នៅ​ទឹក​ដី​ខេត្ត​​ព្រះ​សី​ហនុ ខណៈ​អាវីហ្សា និង​គ្រួសារ​តៅ​សម្រាក​លម្ហែ​កាយ​នៅ​ទី​នោះ​។ ​ជុំវិញ​មូលហេតុ​នៃ​ហិង្សា​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ពិស្ដារ​នោះ​ទេ ​តែ​ខ្លះ​ថា ដោយសារ​ភ្លើង​ប្រចណ្ឌ។ ​

ក្រោយ​រង​ហិង្សា​ទ្រោម​ពេញ​ខ្លួន ​សិល្បករ​ជា​ច្រើន​ចេញ​មុខ​ឈឺ​ឆ្អាល​ឲ្យ​ស្រី​ស្អាត​មាន​ឈ្មោះ​ហៅ​ក្រៅ អា​ម៉ី ​ដាក់​ពាក្យ​បណ្ដឹង។ ​តែ​នៅ​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ២០១៦ ភាគី​ទាំង​សង​ខាង​ សុខ​ចិត្ត​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​អតីត​សង្សា​សុខ​ចិត្ត​សុំ​ទោស​​ជា​សាធារណៈ ​និង​សន្យា​ឈប់​រំខាន​ឬ​បន្ត​ធ្វើ​បាប​លើ​​ពេជ្រ ​អា​វី​ហ្សា​ទៀត។

ដោយ​សារ​តែ​ធ្លាប់​រង​ការ​ឈឺ​ចាប់​​ផ្នែក​រាង​កាយ​បែប​នេះ តារា​ច្រមុះ​ស្រួច​រូប​នេះ​ហាក់​ខ្លាច​រអា​នឹង​ទទួល​យក​ស្នេហា​ថ្មី សុខ​ចិត្ត​រស់​នៅ​ម្នាក់​ឯង​មួយ​រយៈ​៕​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី