លេងសើចម៉េចបាន! យឹង យន ឡើងចុះអាមេរិកញឹកស្អេក ព្រោះមានហេតុផល
- 2019-02-23 02:30:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន! យឹង យន ឡើងចុះអាមេរិកញឹកស្អេក ព្រោះមានហេតុផល
ចន្លោះមិនឃើញ
តារាចម្រៀងនិយមបទមរតកដើម យឹង យន ត្រូវបានគេកត់សម្គាល់ឃើញថា ឡើងចុះអាមេរិកញឹកញាប់ ធៀបនឹងប្រទេសផ្សេងៗទៀត ដោយក្នុងនោះលោកថា មានហេតុផលសំខាន់ៗមួយចំនួន។ លោក យឹង យន ជយលាភីលេខ២កម្មវិធី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" រដូវកាលទី២ ត្រៀមធ្វើដំណើរទៅសហរដ្ឋអាមេរិកជាថ្មីទៀតហើយ នៅថ្ងៃទី ២៤ កុម្ភៈនេះ។ លោកទៅជាមួយកញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន ដែលជាការចាប់ដៃគ្នាលើកដំបូងរបស់អ្នកទាំងពីរ។ ដំណើរនេះ គឺជាលើកទី៥ហើយរបស់តារាចម្រៀងមកពីខេត្តកំពង់ធំទៅកាន់ទឹកដីលោកដូណាល់ ត្រាំ ពោលគឺញឹកជាងប្រទេសណាៗទាំងអស់។
បញ្ហានេះ លោក យឹង យន បានទទួលស្គាល់ និងបានបញ្ចេញឲ្យដឹងថា មូលហេតុសំខាន់ គឺដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរមាននៅអាមេរិកច្រើនជាងប្រទេសផ្សេង។ "បាទ រាងញឹកមែន ទាំងលើកនេះ គឺជាលើកទី៥ហើយ អឺរ៉ុបម្ដង អូស្ត្រាលីម្ដង ប៉ុន្តែនៅតិចជាងដំណើរទៅកំពង់ធំទេ(សើច)”។ បន្ថែមពីលើនេះ លោកថា ការដែលលោកគឺជាតារាចម្រៀងនិយមបទ មរតកដើម ក៏ជាហេតុផលមួយទៀត ដែលទាញឲ្យលោកទទួលបានការអញ្ជើញទៅអាមេរិកញឹកញាប់ ដោយសារបងប្អូននៅទីនោះ និយមចូលចិត្តបទចម្រៀងប្រភេទនេះ ដោយសារពួកគាត់ ម្នាក់ៗបែកចេញពីឆ្ងាយប្រទេសកំណើត២០-៣០ឆ្នាំហើយ ទើបធ្វើឲ្យមានអារម្មណ៍នឹករលឹកទីកំណើត។
លោក យឹង យន និងកញ្ញា ស៊ូ ស៊ីរីកា នឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃអាទិត្យទី ២៤ កុម្ភៈស្អែកនេះ ក្រោមការរៀបចំ និងឧបត្ថម្ភដោយអង្គការ IKARE។ តារាចម្រៀងទាំងពីរមានបេសកកម្មសិល្បៈរយៈពេល ២ខែ នៅលើទឹកដីសហរដ្ឋអាមេរិក តាមបណ្ដារដ្ឋមួយចំនួន។ តាមការឲ្យដឹងថា លោក យន ប្រាប់ថា ក្រៅពីធានាលោកទៅច្រៀងនៅអាមេរិកហើយ IKARE នៅជួយ Promote អាល់ប៊ុមចម្រៀង "ជាប់ស្នេហ៍អាមេរិក" និងផ្សព្វផ្សាយពីសារមន្ទីរមរតកជាតិខ្មែរនៅទីនោះទៀតផង។ ក្រៅពីនេះ IKARE ក៏នៅមានបេកកម្មក្នុងការងារសប្បុរសធម៌មួយចំនួនទៀតដែរ ដែលជារឿយៗ ធ្វើការផ្សព្វផ្សាយការងារទាំងនោះ តាមរយៈសិល្បករខ្មែរ។
ក្រៅពីនេះ យឹង យន និង ស៊ីរីកា ដែលទៅលើកនេះ អង្គការខាងលើបានធានាតារាចម្រៀងខ្មែរល្បីៗ ទៅច្រៀងនៅអាមេរិកជាច្រើនរូបរួចមកហើយ មានដូចជា រ៉ាប៊ី និងខេម អៀម វន្នី ជាដើម៕