ដើរជាតួ "Thong Aek" Mario ជួបរឿង​កម្សត់ឥតល្ហែ ចុះ​ជីវិតពិតវិញ​យ៉ាងណាដែរ?

  • 2019-02-27 03:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Mario Maurer ជា​តារា​ប្រុស​ដែល​ប្រមូល​បាន​ក្ដី​ស្រឡាញ់​ពី​មហាជន​ជា​ច្រើន​តាម​រយៈ​ទេពកោសល្យ​សម្ដែង​ ចរិត​គួរ​ឲ្យ​ស្រឡាញ់​ បូក​រួម​នឹង​មុខមាត់​ស្រស់​សង្ហា​របស់​លោក។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ តារាប្រុស​រូប​នេះ​តែង​មាន​អ្វី​ថ្មី​ជានិច្ច​ជូន​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន។ តួ​យ៉ាង​ដូច​ឆ្នាំ​នេះ​ Mario បាន​ប្រែ​ក្លាយ​ទៅ​ជា​តួ​ គ្រូពេទ្យ​ឱសថ​បុរាណ​កាល​ពី​សម័យ​មុន​ តាម​រយៈ​រឿង​ "Thong Aek Mor Yah Tha Chalong” ចាប់​ដៃគូ​ជា​មួយ​នឹង Kimmy Kimberley។

ប្រជាប្រិយភាព​របស់​ លោក​កាន់​តែ​ហក់​ឡើង​មិន​ស្រាកស្រាន្ត​ឡើយ​ រហូត​កេណ្ឌ​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជា​ច្រើន។ ងាក​ចូល​ជីវិត​ឯកជន​វិញ​ អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​មិនទាន់​ជ្រាប​ដែរ ដូចនេះ​សូម​បង្ហាញ​ជូន​ដូច​តទៅ៖

Mario មាន​ឈ្មោះ​ពេញ Nutthawuth Maurer កើត​ថ្ងៃ​ទី​ ០៤ ខេធ្នូ ឆ្នាំ ១៩៨៨ ជា​កូនកាត់​ ៣សាសន៍ អាល្លឺម៉ង់ ចិន និងថៃ។ លោក​មាន​កម្ពស់​ ១៨៨ សង់ទីម៉ែត្រ មាន​ឈាម​ប្រភេទ​ O។។ ឪពុក​ម្ដាយ​របស់លោក​គឺ​ជា​ម្ចាស់​ស្ថានីយ៍ប្រង​ឥន្ធនៈ​ច្រើន​កន្លែង​ណាស់ ហើយ​ ក្រោយ​មក​ពួកគាត់​ក៏​បាន​បន្ថែម​ជំនួញ​ថ្មី​នៅ​ខេត្ត​ Nakhon Nayok សម្រាប់​នាំចេញ​ផលិតផល​ខ្លះ​ទៅ​ក្រៅ​ប្រទេស ដូចជា ប្រទេស​បារាំង​ និង​អាល្លឺម៉ង់ជាដើម។ Oh មាន​បងប្រុស​ម្នាក់​ឈ្មោះ​ Marco ដែល​មាន​អាយុ​បង​លោក​ ៥ឆ្នាំ និង​ក៏​ជា​តារាហ៊ីបហប​ម្នាក់​ផងដែរ។

បើទោះ​បី​ជា​កូន​កាត់​មែន ប៉ុន្តែ​ Mario មិន​ចេះនិយាយ​ភាសា​អាល្លឺម៉ង់​ និង​ចិនទេ ប៉ុន្តែ​បើ​ភាសាអង់គ្លេសវិញ លោក​អាច​និយាយ​យ៉ាង​ស្ទាត់។ ចំពោះ​ការ​សិក្សាវិញ តារា​ប្រុស​រួប​នេះ​ បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​ Ramkhanhaeng ជំនាញ​ទំនាក់ទំនង​ និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នូវ​មុខជំនាញ​ ទំនាក់ទំនង​ផ្នែក​នយោបាយ ពី​សាកលវិទ្យាល័យ​ Krirk។

និយាយ​ពី​ចំណងចំណូល​ចិត្ត​វិញ​ Oh ចូល​ចិត្ត​ជិះក្ដារ​បន្ទះ​ណាស់​ ថែមទាំង​ចូល​ចិត្ត​រាំ​បែប​ហ៊ីបហប​ ហើយ​ Oh ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ទៅលើ​រថយន្ត​ទំនើបៗដែរ។

លោក​ចាប់​ផ្ដើម​អាជីព​សិល្បៈ​តាំងពីអាយុ​ ១៦​ឆ្នាំ រហូត​ដល់​ឆ្នាំ ២០០៧ លោក​ក៏​មាន​ឱកាស​ពិសេស​ក្លាយជា​តួ​ឯក​ក្នុងភាពយន្ត​ខ្នាតធំ "The Love of Siam”។ ឈាន​ចូល​ឆ្នាំ ២០១០ Oh កាន់​តែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះខ្លួន​ហក់​ឡើង​ពេល​សម្ដែង​រឿង​ “Fisrt Love” ជាមួយ​ Baifern Pimchanok ហើយ​កាន់​តែ​ល្បី​សុសសាយ​ពេល​លោក​បង្ហាញខ្លួន​ជាមួយ​ Mai Davika ក្នុង​រឿង​ "Pee Mak” ក្នុង​ឆ្នាំ ២០១៣។ តអាំ​ពី​ចូល​សិល្បៈ​ទល់​ឆ្នាំ ២០១៩​ Mario មាន​ឱកាស​សម្ដែង​រឿង​ភាគ ចំនួន ១១រឿង និង​កុនខ្នាតធំ​ជាង ២០​រឿង៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី