ហ៊ុល គឹមហ៊ុយ ចង់លេងជើងឲ្យល្អដូចខ្សែការពារ ព្រោះនេះជាសម័យបាល់ទាត់ទំនើប
- 2019-03-01 02:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុល គឹមហ៊ុយ ចង់លេងជើងឲ្យល្អដូចខ្សែការពារ ព្រោះនេះជាសម័យបាល់ទាត់ទំនើប
ចន្លោះមិនឃើញ
អ្នកចាំទីជម្រើសជាតិក្រោមអាយុ ២២ ឆ្នាំកម្ពុជា ហ៊ុល គឹមហ៊ុយ បានបង្ហាញជំនឿចិត្តថា រូបគេនឹងអាចជាប់ជម្រើសជាតិ U23 កម្ពុជានៅចុងខែនេះ ហើយអ្វីដែលពិសេសសម្រាប់គេគឺចង់ពង្រឹងផ្នែកលេងជើងឲ្យបានល្អប្រសើរដូចខ្សែការពារ។
ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ២៣ ឆ្នាំកម្ពុជា នឹងធ្វើការធ្ងន់ក្នុងព្រឹត្តិការណ៍ជម្រុះ 2020 AFC U23 Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចន្លោះពីថ្ងៃទី២២-២៦ ខែមីនា ដោយមានប្រទេសខ្លាំងស្ថិតនៅក្នុងពូល H ជាមួយដូចជា អូស្ត្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។
យុវជនឆ្នើមរបស់បឹងកេតរូបនេះបានឲ្យដឹងថា ចំណុចដែលចង់ពង្រឹងបន្ថែមគឺចង់បានកម្រិតនៃការលេងជើងឲ្យបានខ្ពស់ជាងនេះបន្តិចទៀត។ រូបគេយល់ថា នេះជាសម័យបាល់ទាត់ទំនើប អ្នកចាំទីត្រូវការលេងជើងឲ្យបានល្អប្រសើរដូចខ្សែការពារ។
ចំពោះជំនឿចិត្តបានជាប់ជម្រើសជាតិ U23 គឺមានសង្ឃឹមច្រើន។ ដោយឡែកសម្រាប់ការទទួលបានឱកាសលេងនៅ U22 កន្លងទៅ កាន់តែធ្វើឲ្យគេទទួលបានបទពិសោធកាន់តែច្រើន និងកាន់តែធ្វើឲ្យអតីតយុវជនបាទីរូបនេះមានជំនឿចិត្តអាចបង្ហាញខ្លួនក្នុង U23 ថែមទៀត។
ហ៊ុល គឹមហ៊ុយ គឺជាម្ចាស់អាវលេង១របស់បឹងកេតបច្ចុប្បន្ន បន្ទាប់ពីបានចុះកុងត្រាលេងឲ្យបឹងកេត សម្រាប់រដូវកាលថ្មី២០១៩ នៃលីគកំពូលកម្ពុជា។ គេជាអតីតយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕