ដំបូង សុវណ្ណ រ៉ាផា ចាត់ទុកនាយក្តីជាមនុស្សខិល មិនស្មានព្រោះហេតុផលនេះ កែចិត្តព្រមភ្ជាប់ពាក្យ
- 2019-03-07 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូង សុវណ្ណ រ៉ាផា ចាត់ទុកនាយក្តីជាមនុស្សខិល មិនស្មានព្រោះហេតុផលនេះ កែចិត្តព្រមភ្ជាប់ពាក្យ
ចន្លោះមិនឃើញ
ស្នេហាឈានចូលដល់ចាស់ទុំ របស់លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី និងតារាសម្ដែង សុវណ្ណ រ៉ាផា កាលពីថ្មីៗនេះ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះកន្លងមកខាងស្រីធ្លាប់ប្រកែកញ័រមាត់ថា នាយក្ដីនិងនាង គ្មានអ្វីលើសពីមិត្តភ័ក្កិក្នុងសិល្បៈនោះទេ។
តែដោយសារហេតុផលជាច្រើន បានធ្វើឲ្យ តារាសម្ដែងវ័យក្មេង រ៉ាផា យល់ព្រមភ្ជាប់ពាក្យនឹងបងធម៌នាយ ចឺម ទោះពេលស្គាល់គ្នាដំបូង រ៉ាផា ប្រាប់ថា មិនសូវចូលចិត្តនាយក្ដី ព្រោះឃើញលោកប្រៀបដូចជាមនុស្សខិល ច្រលើម លេងសើចច្រើន។
សុវណ្ណ រ៉ាផា និយាយបណ្ដើរសើចបណ្ដើរថា ការស្អប់មិនចូលចិត្តទាំងប៉ុន្មាន បានក្លាយជាក្ដីស្រលាញ់ មិនខុសពីពាក្យថា ស្អប់ជំពប់លើនោះទេ។ ពេលសេពគប់គ្នាបានមួយរយៈ ទើបនាងមើលឃើញថា នាយក្តីជាមនុស្សច្បាស់លាស់ និងឲ្យតម្លៃលើរូបនាងណាស់។ រ៉ាផា អះអាងថា នាយក្ដីជាមនុស្សចេះគិតគូ និងច្បាស់លាស់ហ៊ានចូលស្ដីដណ្ដឹងរូបនាងតាមប្រពៃណី ស្រលាញ់គឺស្រលាញ់ មិនលេងសើចនោះទេ ទើបធ្វើឲ្យនាងកែចិត្ត១៨០ដឺក្រេ ព្រមទទួលនាយ ក្តី ចូលមកក្នុងជីវិត។
ចំពោះម៉ាក់ប៉ា របស់រ៉ាផាវិញ មិនប្រកាន់អំពីរឿងដែលនាយក្ដី ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ពីមុនមកនោះដែរ ដោយម្ដាយឪពុករបស់តារាសម្ដែងវ័យក្មេងរូបនេះ យល់ថាពីមុនផ្សេង សំខាន់ពេលនេះនាយ ក្ដី បានកែប្រែច្រើនដើម្បីកូនស្រីគាត់ ដូច្នេះគាត់សប្បាយចិត្តដែលអ្នកទាំងពីរបានចាប់ដៃគ្នា តាមប្រពៃណីបែបនេះ។
ចំពោះមង្គលការវិញ កញ្ញា សុវណ្ណ រ៉ាផា ប្រាប់ថា ប្រហែលមិនទាន់រៀបចំនៅឆ្នាំនេះឡើយ ដោយសាររូបនាងចង់រកប្រាក់សន្សំលុយឲ្យបានច្រើនជាងនេះសិន។ ប៉ុន្តែប្រហែលជាអាចរៀបចំនៅឆ្នាំក្រោយ ប្រសិនបើដេញវេលាទៅល្អ ។ បើចំពោះរ៉ាផា ផ្ទាល់វិញ មិនទាន់ចង់ប្រញាប់រៀបការភ្លាមៗទេ ដោយសារនាងចង់ប្រឹងប្រែងធ្វើការសិល្បៈបន្តទៀត និងរកប្រាក់ឲ្យបានច្រើនជាងនេះសិន៕