ក្រុមហ៊ុន PassApp លើកទឹកចិត្តឲ្យម៉ូតូកង់បីឥណ្ឌា និងខ្មែរ ចូលរួមវគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃរបស់រដ្ឋបាលរាជធានីភ្នំពេញ
- 2019-03-07 08:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន PassApp លើកទឹកចិត្តឲ្យម៉ូតូកង់បីឥណ្ឌា និងខ្មែរ ចូលរួមវគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃរបស់រដ្ឋបាលរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Pass App Technologies បានគាំទ្រពេញទំហឹង នូវសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបើកវគ្គបណ្ដុះបណ្ដាលផ្នែកច្បាប់ចរាចរណ៍ឥតគិតថ្លៃ រយៈពេល ២ខែ ដល់ម៉ូតូកង់បីឥណ្ឌា និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក។
កាលពីដើមខែមីនា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានបើកវគ្គបណ្ដុះបណ្ដាលផ្នែកច្បាប់ចរាចរណ៍ឥតគិតថ្លៃ គិតចាប់ពីខែមីនា ដល់ខែ ឧសភា ក្នុងគោលបំណងសំខាន់ឲ្យអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉កយឹលដឹងផ្នែកច្បាប់ផង និងចង់ឲ្យមានបណ្ណបើកបរគ្រប់ៗគ្នាផង។
ទាក់ទងនឹងសេចក្ដីជូនដំណឹងនេះ លោក លុយ ឡាវី ដែលជាប្រធានផ្នែកទីផ្សារ មកពីក្រុមហ៊ុន PassApp បានប្រាប់ Sabay ថា ក្រុមហ៊ុនគាំទ្រពេញទំហឹងចំពោះវិធានការនេះ និងបានអំពាវនាវដល់អ្នកបើកបររបស់ក្រុមហ៊ុន PassApp ក៏ដូចជាអ្នកបើកបរត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉កទាំងអស់ ចូលរួមរៀនស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនគិតថ្លៃនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រៀងរាល់ថ្ងៃសៅរ៍ ព្រមទាំងប្រលងយកបណ្ណបើកបរ ដែលកំណត់ដោយសាលារាជធានីភ្នំពេញ ពីខែមីនា ដល់ខែឧសភា ២០១៩។
លោកបានបន្ថែមថា "ក្រុមហ៊ុន PassApp ចូលរួមយ៉ាងសកម្មនៅក្នុងការលើកទឹកចិត្ត ក៏ដូចជាចង់ឲ្យអ្នកបើកបរទាំងអស់ ជាពិសេសអ្នកបើកបរម៉ូតូកង់បី ទោចក្រយានយន្តសណ្ដោងរ៉ឺម៉កទាំងអស់ចេះច្បាប់ បើកបរដោយការទទួលខុសត្រូវ និង បើកបរប្រកបដោយក្រមសីលធម៌ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ផង និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង"។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី ០១ មីនា ២០១៩ ដែលបានចុះហត្ថលេខាដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំវគ្គបណ្ដុះបណ្ដាលចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច និងមានរយៈពេល២ខែ គិតចាប់ពីថ្ងៃសៅរ៍ទី០២ មីនា ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្ត ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយវគ្គបណ្ដុះបណ្ដាលអាចដាក់ពាក្យប្រឡងទ្រឹស្ដី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ (ក) ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល២ខែនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងរឹតបន្តឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ។
សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖
ឆ្លើយតបនឹងសេចក្ដីជូនដំណឹងខាងលើនេះ ក្រុមហ៊ុន ផាសអេប (PassApp) បានអំពាវនាវដល់ អ្នកបើកបរដែលជាសមាជិករបស់ខ្លួនក្ដី ឬត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្ដោងរ៉ឺម៉កទាំងអស់ ចូលរួមរៀនស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕ ព័ត៌មានបន្ថែមអាចទាក់ទងលេខទូរសព្ទ៖ ០១៦ ៧៨៩ ១២៣៕
សូមចុចអាន៖ ដឹងពិន័យប៉ុន្មានអត់ បើម៉ូតូកង់បី ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក បើកបរអត់មានប័ណ្ណបើកបរ?
សូមចុចអាន៖ លំអិតលក្ខណៈពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ