តោះ! មកមើលសារសំខាន់បំផុតពីស្ត្រីឆ្នើមខ្មែរ ៤រូបក្នុងកម្មវិធី «ស្ត្រី និង ភាពជោគជ័យ»
- 2019-03-12 11:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកមើលសារសំខាន់បំផុតពីស្ត្រីឆ្នើមខ្មែរ ៤រូបក្នុងកម្មវិធី «ស្ត្រី និង ភាពជោគជ័យ»
ចន្លោះមិនឃើញ
ដើម្បីអបអរទិវាស្ត្រីអន្តរជាតិ ៨ មិនា ឆ្នាំនេះ ក្រុមហ៊ុន Manulife Cambodia បានរៀបចំកម្មវិធីពិសេស និងធំជាងឆ្នាំមុនជាមួយប្រធានបទ «ស្ត្រី និងភាពជោគជ័យ» ឬ «Successful Women: Work Life Balance » ដែលជាវេទិកាសាធារណៈមួយ ផ្ដល់ចំណេះដឹង ការកម្សាន្ត ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ការចែករំលែកបទពិសោធន៍ជីវិត និងគន្លឹះជោគជ័យពីស្ត្រីឆ្នើមមកពីស្ថាប័នផ្សេងៗគ្នា និងជំនាញចាំបាច់ជាច្រើន ជាទុនលើកកម្ពស់គុណភាពជីវិតស្ត្រី និងគ្រួសារ។ ក្រៅពីនេះក៏មានការចែករំលែកនូវចំណេះដឹងសុខភាពផ្លូវចិត្ត ដោយភិក្ខុ វិជរប្បញ្ញោ គូ សុភាព ផងដែរ។
ថ្លែងក្នុងឱកាសបើកកម្មវិធី លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារនៃក្រុមហ៊ុន Manulife Cambodia បានឲ្យដឹងថា៖ «ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនស្ថិតនៅលើភាពជាបុរស ឬស្ត្រីនោះទេ តែវាស្ថិតនៅលើថាតើយើងជឿថាយើងអាចធ្វើបានឬ អត់? ហើយខ្ញុំសូមឲ្យស្ត្រីទាំងអស់ប្រកាន់ខ្ជាប់នូវផ្នត់គំនិតមួយថា យើងអាចធ្វើបានជានិច្ច»។
ឆ្លើយតបនឹងសំនួរថា តើ «អ្វីទៅជាភាពជោគជ័យ?» លោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាវាគ្មិនម្នាក់នៃវេទិកា បានចែករំលែកថា៖ «កាលខ្ញុំនៅរៀន ខ្ញុំឲ្យនិយមន័យជោគជ័យ នៅពេលដែលខ្ញុំប្រលងជាប់បានពិន្ទុល្អ ។ តែឥលូវនេះខ្ញុំយល់ថាភាពជោគជ័យមិនមែនជាចំណុចចុងក្រោយនៃជីវិតទេ តែវាជាគុណភាពក្នុងដំណើរជីវិតរបស់យើង ដែលយើងបានខំប្រឹងបង្កើតវាឡើង ហើយយើងស្រលាញ់ និងពេញចិត្ត»។
ឆ្លើយតបនឹងសំនួរដដែល លោកស្រី ចាន់ ភារី នាយិកាក្រុមហ៊ុន New Link Marketing Pte. Ltd, បានឲ្យដឹងថា៖ «សុខភាពល្អ ទើបបញ្ញាយើងវាងវៃ ហើយយើងអាចមានសុបិន និងការចង់បាន។ ត្រូវចាំថាកុំសុបិនឲ្យហួសពីសមត្ថភាពយើងពេក ព្រោះអាចធ្វើឲ្យយើងប្រឹងទៅហត់ពេក ហើយដួល។ រៀបចំគម្រោងសម្រេចសុបិនយើងជាជំហានតូចៗ ហើយធ្វើវាម្ដងមួយៗ ស៊ូដើរយឺត តែកុំឈប់ឲ្យសោះ។ បន្តិចម្ដងៗវានឹងនាំយើងទៅរកគោលដៅ។ ហើយបើយើងសម្រេចបានលទ្ធផលដែលយើងពេញចិត្តនោះ នេះហើយគឺជាជោគជ័យ»។
លោកស្រី ហ៊ុន ចិន្តា ស្ថាបនិកសណ្ឋាគារមិត្តតូ ក្រុមហ៊ុន Re-Edge Architecture & Design ហាង Luna Salon និងជាអនុប្រធានប្រតិបត្តិ JCI Mekong បានឲ្យដឹងថាលោកស្រីគាំទ្រការលើកឡើងរបស់វាគ្មិនខាងលើ ដោយលោកស្រីបន្ថែមថា៖« ខ្ញុំជឿជាក់ថាភាពជោគជ័យមានច្រើនរូបភាពតាមការចង់បានរបស់មនុស្សផ្សេងៗគ្នា តែភាគច្រើនយើងមើលឃើញ គឺការងារល្អ មានប្រាក់ចំណូលច្រើន មានជីវិតរីករាយនេះឯង។ សម្រាប់ខ្ញុំផ្ទាល់ វាគឺជាតុល្យភាពរវាងជីវិតឯកជន និងការងារ ត្រូវតែឲ្យល្អព្រមគ្នា។ ដូច្នេះហើយខ្ញុំឲ្យនិយមន័យជោគជ័យនេះ លើការចេះរៀបចំជីវិតខ្លួនឯងបានល្អ»។
កម្មវិធីនេះប្រព្រឹត្តទៅពេញមួយថ្ងៃ ចាប់ពីម៉ោង៨:៣០ព្រឹក រហូតដល់ម៉ោង ៦:៣០ល្ងាច ដោយបើកទូលាយឲ្យមានការចូលរួមដោយសេរី អមដោយកម្មវិធីសប្បាយៗ និងមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពិនិត្យសុខភាពដោយឥតគិតថ្លៃពីពេទ្យជំនាញ,កម្មវិធីកម្សាន្ត ឆ្លើយសំនួរ ឈ្នះរង្វាន់ ,ការផាត់មុខដោយឥតគិតថ្លៃដោយអ្នកជំនាញល្បីឈ្មោះពី Revelon, ការរៀនរាំ Zumba ជុំគ្នា,និង ការទស្សនាស្តង់លក់ទំនិញជាច្រើនមុខ៕